ដោយ:មុនីរ័ត្ន/ភ្នំពេញ៖ ក្រសួងការបរទេសនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា​ នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.៤៨២ លានយ៉េន (ប្រមាណ​ ១៨,២៤ លានដុល្លារអាមេរិក)​  សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព​ និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២»  នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការផ្តល់ឥណទានខាងលើ នឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕