ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងខណៈដែលព្រឹត្តិការណ៍ស៊ីហ្គេម កាន់តែ ឈានចូលមកកៀកនោះ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) បានកំណត់ពីលក្ខខ័ណ្ឌ នៃការប្រើប្រាស់នូវអ្វីដែលជាកម្មសិទ្ធិ បញ្ញារបស់ខ្លួន (រូបតំណាងប្រភេទកីឡានីមួយៗ) រួមជាមួយនឹងបាវចនារបស់ ស៊ីហ្គេម។

ដើម្បីធានាថា ការប្រប្រាស់កម្មសិទ្ធិបញ្ញារបស់ CAMSOC ប្រព្រឹត្តិទៅ ដោយត្រឹមត្រូវ ស្របច្បាប់ និងមិនមានការរំលោភបំពាន ក្រុមមេធាវីរបស់ CAMSOC សូមជូនដំណឹង អំពីលក្ខខ័ណ្ឌនៃ ការប្រើប្រាស់កម្មសិទ្ធិបញ្ញា នេះដូតទៅ៖

ក៖ ក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ រូបវ័ន្ដបុគ្គល ត្រូវអនុញ្ញាតឲ្យប្រើ ប្រាស់កម្មសិទ្ធិបញ្ញាទាំងនេះ ក្នុងគោលដៅគាំទ្រ និងជំរុញការផ្សព្វផ្សាយ ដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងលក្ខខ័ណ្ឌ មិនធ្វើអាជីវកម្មរកកម្រៃ។

ខ៖ សហព័ន្ធកីឡាជាតិ អង្គការកីឡាដៃគូសហការនានា អាចត្រូវអនុញ្ញាតឲ្យ ប្រើប្រាស់កម្មសិទ្ធិបញ្ញាទាំងនេះ ដោយត្រូវស្នើសុំការប្រើប្រាស់ជាមុន។

គ៖ វិស័យឯកជន ក្រុមហ៊ុន អាចត្រូវអនុញ្ញាតឲ្យប្រើប្រាស់ តាមរយៈលក្ខខណ្ឌ​តម្រូវតាមកិច្ចសន្យាជាដៃគូសហការ ដៃគូឧបត្ថម្ភ ឬជាអ្នកទទួលអាជ្ញាប័ណ្ណ។

ឃ៖ សង្គមស៊ីវិល ដែលបម្រើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២​ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ អាចត្រូវអនុញ្ញាតឲ្យប្រើប្រាស់ ដោយមានកិច្ចសន្យា និងលក្ខខ័ណ្ឌ។

ង៖ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រ និងលើកកំពស់ដល់គុណប្រយោជន៍ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមិនធ្វើអាជីវកម្មរកកម្រៃ ដោយត្រូវមានកិច្ចសន្យា និង លក្ខខ័ណ្ឌ៕/V/R