ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បាន​កេណ្ឌ​ប៉ូលិស​និង​ទាហាន​បម្រុង​កាលពី​ថ្ងៃ​សុក្រ​ទី​៧​មេសា បន្ទាប់​ពី​ការវាយប្រហារ​ដាច់ដោយឡែក​ជាច្រើន​កន្លែង​បាន​សម្លាប់​មនុស្ស​បីនាក់ រួម​ទាំង​អ្នកទេសចរ​អ៊ីតាលី​ម្នាក់​នៅ​វេស​ប៊ែង និង​ទីក្រុង​តែ​ល​អា​វីវ (Tel Aviv)​នៅក្នុង​ការកើនឡើង​អំពើ​​ហិង្សា​ដ៏​សាហាវ​ចុងក្រោយ​។​

​ទោះបី​មាន​ការអំពាវនាវ​ឱ្យ​មាន​ការអត់ធ្មត់​ក៏ដោយ ក៏​អំពើហិង្សា​នៅ​តែ​កើនឡើង​ចាប់តាំងពី​ប៉ូលិស​អ៊ីស្រាអែល​បាន​ប៉ះទង្គិច​ជាមួយ​ប៉ាឡេ​ស្ទីន​កាលពី​ថ្ងៃ​ពុធ​នៅ​ខាងក្នុង​វិហារ​អ៊ីស្លាម​អាល់​អាក់​សា (Al-Aqsa) នៃ​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម ដោយ​អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​ទាំង​លើ​តំបន់​ហ្គា​ហ្សា​និង​ប្រទេស​លី​បង់ បន្ទាប់​ពី​ការ​បាញ់ស្រោច​គ្រាប់​រ៉ុក្កែត​ដោយ​ពួក​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​។​

​ការ​ផ្ទុះ​ឡើង​នៃ​ភាព​តានតឹង​ចុងក្រោយ​បំផុត​បាន​កើតឡើង​ក្នុងអំឡុង​ពិធីបុណ្យ​ផាស​អូ​វើ (Passover) របស់​ជនជាតិជ្វី​ហ្វ និង ខែ​ពិសិដ្ឋ​នៃ​ពិធី​បុណ្យ​រ៉ា​ម៉ា​ដន​របស់​មូស្លីម​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ បងប្អូន​ស្រី​ជនជាតិ​អង់គ្លេស​កាត់​អ៊ីស្រាអែល​ពីរ​នាក់​ដែល​មាន​អាយុ ១៦ ឆ្នាំ និង ២០ ឆ្នាំ​ត្រូវបាន​សម្លាប់​ហើយ​ម្តាយ​របស់​ពួកនាង​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ការវាយប្រហារ​​ដោយ​ការបាញ់រះ​នៅ​តំបន់​កាន់កាប់​វេស​ប៊ែង​។​

​កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​បើក​ការតាមប្រមាញ់​ជនល្មើស​។​

​សេវាកម្ម​ជួយ​សង្គ្រោះ​និង​ប៉ូលិស​អ៊ីស្រាអែល​បាន​និយាយថា ក្រោយមក​នៅ​កណ្តាល​ទីក្រុង​តែ​ល​អា​វី​វ បុរស​ម្នាក់​ត្រូវបាន​សម្លាប់ និង​មនុស្ស ៧ នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៧ ទៅ ៧៤ ឆ្នាំ​បាន​រងរបួស នៅពេល​ដែល​រថយន្ត​មួយ​គ្រឿង​បាន​បើ​កបំ​បុក​ហ្វូង​មនុស្ស​ដែល​កំពុង​ដើរលេង​នៅ​លើ​ផ្លូវ​ជិះ​កង់​តាម​បណ្តោយ​មាត់សមុទ្រ ហើយ​បាន​ក្រឡាប់​ផ្ងារជើង​។​

​សេវា​សង្គ្រោះបន្ទាន់ Magen David Adom បានឱ្យដឹងថា “​ជនរងគ្រោះ​ទាំងអស់​គឺជា​អ្នកទេសចរ​”​។​

​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោកស្រី ច​ច​ជា មេ​ឡូ​នី (Giorgia Meloni) បានកំណត់​អត្តសញ្ញាណ​អ្នកស្លាប់​ឈ្មោះ​ថា អា​ឡេស​សាន់​ដ្រូ ប៉ា​រី​នី (Alessandro Parini) អាយុ ៣៦ ឆ្នាំ​។​

​មន្ទីរពេទ្យ​អ៊ី​ឈី​ឡូ​វ (Ichilov) ក្នុង​ទីក្រុង​តែ​ល​អា​វីវ បាន​និយាយថា ខ្លួន​បាន​ទទួល​អ្នក​រងរបួស​ជនជាតិ​អង់គ្លេស​បីនាក់ និង​ជនជាតិ​អ៊ីតាលី​ម្នាក់​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ភេរ​វករ​ត្រូវ​បាន​បង្ក្រាប​។ វា​ជា​ការវាយប្រហារ​ភេរវកម្ម​ប្រឆាំងនឹង​ជន​ស៊ីវិល ជា​ការវាយប្រហារ​ដោយ​បើករថយន្ត​បំបុក​”​។​

​ក្រោយមក​បន្តិច មន្ត្រី​ការិយាល័យ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​បាន​និយាយថា លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ “​បាន​បញ្ជា​ឱ្យ​ប៉ូលិស​អ៊ីស្រាអែល កេណ្ឌ​អង្គភាព​ប៉ូលិស​ព្រំដែន​បម្រុង​ទាំងអស់ ហើយ​បាន​បញ្ជា​ឱ្យ​ក្រសួង​ការពារជាតិ​កេណ្ឌ​កងកម្លាំង​បម្រុង​បន្ថែម​”៕

​រថយន្ត​មួយ​គ្រឿង​បាន​បើក​បំបុក​ហ្វូង​មនុស្ស​ដែល​កំពុង​ដើរ​លេង​នៅលើ​ផ្លូវ​ជិះ​កង់​តាម​បណ្តោយ​មាត់សមុទ្រ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សុក្រ