ដោយ៖ ដេប៉ូ / ភ្នំពេញ៖ កម្ពុជាទទួលស្គាល់ថា ប្រទេសឥណ្ឌា ជាប្រទេសឈាន មុខគេ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍជំនាញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមស្វាគមន៍ដល់ក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មាន ក៏ដូចជាដៃគូ ដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ជំនាញ និងបណ្តុះបណ្តាល វិជ្ជាជីវៈ របស់ឥណ្ឌាទាំងអស់ ចូលរួមសហការជាមួយ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីកសាងធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈ ទៅដល់យុវជនកម្ពុជា ។
លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងបែប នេះ ក្នុងកម្មពិធីប្រគល់ពានរង្វាន់ ផីនណាកុល ប្រចាំឆ្នាំ២០២៣ “The Pinnacle Award 2023” នាឱកាសខួបលើកទី៧០ នៃទំនាក់ទំនង ការទូត រវាងឥណ្ឌា និងកម្ពុជា និងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួល បានឯករាជ្យភាព របស់ប្រទេសឥណ្ឌា និងការលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ រវាងឥណ្ឌា និងកម្ពុជា នាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun & Moon ។
ទាក់ទិនក្នុងរឿងនេះដែរ លោក អិុត សំហេង ក៏បានថ្លែងអំណរគុណចំពោះ ស្ថានកុងស៊ុលកិត្តិយសឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌា (INCHAM) ដែលបានសហការរៀបចំ កម្មវិធីដ៏មានសារៈសំខាន់នេះ ដោយកំណត់យក ប្រធានបទ ឱកាសវិនិយោគ សម្រាប់ក្រុមហ៊ុនឥណ្ឌា នៅក្នុងវិស័យបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងឧស្សាហកម្ម ៤.០ ដើម្បីធ្វើការពិភាក្សាចែករំលែក បទពិសោធន៍ល្អ សំដៅធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច វិនិយោគ ភាពប្រកួតប្រជែង ការទទួលខុសត្រូវសង្គម និងដើម្បីបង្កភាពទាក់ទាញវិនិយោគ ទុន ពីបរទេសបន្ថែមទៀត មកកម្ពុជា ជាពិសេសមកពីឥណ្ឌា។
ក្នុងពិធីនេះ លោក អិុត សំហេង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកម្ពុជា លើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកន្លងមក ភាគីឥណ្ឌា បានផ្តល់អាហារូប ករណ៍ រាប់រយកន្លែង សម្រាប់សិក្ខាកាមរបស់កម្ពុជា។
ជាមួយគ្នានេះ លោកសង្ឃឹមថា តាមរយៈវេទិកាកម្មវិធី នាថ្ងៃនេះ នឹងបង្កើននូវ ភាពជឿទុកចិត្ត ដល់បណ្តាក្រុមហ៊ុនឥណ្ឌា បង្កើនការវិនិយោគ និងទាក់ទាញ អ្នកវិនិយោគទុនថ្មីៗ ថែមទៀត ជាក់ជាមិនខាន៕ V / N