ដោយ ប.ខុន / ភ្នំពេញៈ ទន្លេតូចក្នុងឃុំមេសព្រះចាន់ ស្រុកពាំរាំង រីងគោក ដោយកន្លែង ដោយសារកន្លងទៅ ក៏ដូចពេលនេះប្រជាពលរដ្ឋ បានបូមទឹកយក ទៅដាក់ស្រូវច្រើន ធ្វើឱ្យអស់ទឹកពីក្នុងទន្លេ ដែលស្ថានភាពបែបនេះ គេមិនដែល ជួបប្រទះទេក្នុងរយៈពេល ៤ ០ឆ្នាំ កន្លងទៅនេះ ហើយវិធានការបន្ទាប់ពីអស់ទឹក មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នឹងដាក់គ្រឿងចក្រចុះជីកកាយកន្លែង ដែលគោករាក់ ដើម្បីឱ្យទឹកជោពីទន្លេមេគង្គ ក្រោមឡើងមកដល់។
ប្រជាពលរដ្ឋ នៅភូមិយោត ឃុំមេសព្រះចាន់ ស្រុកពារាំង បានបង្ហោះសារជា រូបភាព បង្ហាញឱ្យឃើញថាៈ ទន្លេតូចនៅក្នុងភូមិរបស់គាត់ បានរីងគោកដាច់ទឹក ដោយកន្លែង ដែលស្ថានភាពបែបនេះ មិនធ្លាប់មានទេ ក្នុងរយៈពេល ៤០ ឆ្នាំ កន្លទៅ ។ ទន្លេនេះ រីងដោយសារមានម៉ាស៊ីន បូមទឹកដាក់ស្រូវច្រើនលើសលប់។ ទឹកទន្លេតូចបែបនេះ ធ្វើឱ្យ ប្រជាពលរដ្ឋ មានការព្រួយបារម្ភពីបញ្ហាខ្វះទឹក សម្រាប់ប្រាស់ប្រចាំថ្ងៃ នៅពេលខាងមុខ។
លោក ឃុត សាឃឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២៣ថាៈ ទន្លេតូចនៅ ចំណុចភូមិយោត ឃុំមេសព្រះចាន់ ស្រុកពារាំង ពេលនេះពិតជាបានរីងគោក ដោយសារទឹកជោពីទន្លេមេគង្គក្រោម ឡើងមកមិនដល់។ ទន្លេនេះ ពីមុនមក មិនធ្លាប់រីងទេ គ្រាន់តែមានសភាពទឹករាក់ នៅកន្លែងខ្លះ។
ការរីងគោកនៅកន្លែងខ្លះ នៃទន្លេតូចនេះ លោក ឃុត សាឃឿន បានបញ្ជាក់ថាៈ មិនទាន់ដឹងថាមកពីមូលហេតុអ្វី ពិតប្រាកដនៅឡើយ តែបញ្ហាខ្វះទឹកប្រើប្រាស់ បានចាប់ផ្តើមកើតមាន និងកំពុងរួមគ្នាដោះស្រាយ ដោយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងតំបន់។ វិធានការបន្ទាប់ ដើម្បីឱ្យទឹកអាចជោឡើងបាន ដល់កន្លែង ដែលមិនធ្លាប់រីងពីមុនមកនោះ គឺមានតែដាក់គ្រឿងចក្រចុះជីកកាយ កន្លែងគោករាក់។
លោក ឃុត សាឃឿន បាននិយាយឱ្យដឹងទៀតថាៈ ក្នុងរដូវប្រាំងឆ្នាំ២០២៣ នេះ រយៈពេលប្រហែលជាបីខែមកហើយ មិនមានភ្លៀងកក់ខែសោះ ហើយ ការបូមបាច យកទឹកទៅប្រើប្រាស់ ក្នុងការងារដាំដុះឆ្នាំនេះ ក៏មានបរិមាណច្រើន លើសលប់ រហូតធ្វើឱ្យរីងស្ទើរអស់ទឹក ពីក្នុងបឹងព្រែក។ ចំពោះទន្លេតូចនេះ នៅរដូវប្រាំង មានរបបទឹកជោពី ទន្លេមេគង្គក្រោម និងរដូវវស្សា ទទួលរបបទឹកហូរ មកពីទន្លេមេគង្គលើ។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងថាៈ ទន្លេតូចនេះ កាលពីអំឡុងឆ្នាំ១៩៨០ ធ្លាប់រីងគោកម្តង តែក្រោយមកមិន ដែលរីដូចពេលនេះទេ។ ពេលនេះ ទឹកក្នុងទន្លេ បានរីងអស់ និងនៅតាមទន្លេ មានម៉ាស៊ីនបូមទឹកឡើងយកទៅជាប្រើប្រាស់ មានចំនួនរាប់សិបគ្រឿង។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដែលជំនាញជលសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៨ ខែ មេសាថាៈ ស្ថានភាពទឹកទន្លេ ពេលនេះ នៅគ្រប់ស្ថានីយជលសាស្ត្រ ទឹកមាន កម្ពស់ប្រហាក់ប្រហែលមធ្យមច្រើនឆ្នាំ គឺមិនទាបពេកនោះទេ ដូចជានៅទន្លេ មេគង្គ ស្ទឹងត្រែង នាថ្ងៃទី៨ ខែមេសានេះ ទឹកមានកម្ពស់ ២,៨៥ ម៉ែត្រទន្លេមេគង្គនៅក្រចេះ ទឹកមានកម្ពស់ ៧,៧៣ ម៉ែត្រ ទន្លេមេគង្គនៅកំពង់ចាម ទឹកមានកម្ពស់ ២,៨៦ ម៉ែត្រ ទន្លេបាសាក់ចតុមុខ ទឹកមានកម្ពស់ ១,៨៩ ម៉ែត្រ ទន្លេមេគង្គអ្នកលឿង ទឹកមានកម្ពស់ ១,១៦ម៉ែត្រ ទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ១,៩០ ម៉ែត្រទន្លេសាបព្រែកក្តាម ទឹកមានកម្ពស់ ១,០២ ម៉ែត្រ និងទឹកបឹងទន្លេសាប នៅកំពង់លួង ទឹកមានកម្ពស់ ០,៩៦ ម៉ែត្រ៕/V-PC