ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖អ្នកណាក៏ដោយដែលធ្វើចលនាមនុស្ស កុំឱ្យទៅសងធនាគារអ្នកនោះគឺជាគោលដៅនៃការរឹបអូស ។ សម្តេចតេជោបន្តថាកន្លងទៅ មានអាក្រុមខូច គណបក្សនយោបាយខ្លះខូចណាស់ទៅសន្យាថាបើសិនជាខ្លួន ឈ្នះខ្លួនមិនឱ្យសងបំណុលធនាគារទេ ដូចនេះបើមនុស្សហ្នឹងជំពាក់លុយធនាគារ សូមឱ្យធនាគាររឹបអូសតែម្តងទៅ។

សម្តេចតេជោហ៊ុនសែនបានលើកឡើងបែបនេះនៅក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យអាចារិនីនាព្រឹកថ្ងៃទី៨ខែមេសាឆ្នាំ២០២៣ នៅកោះពេជ្រ ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកជាប់កម្ចីជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ថា៖«រដ្ឋាភិបាលសុំការអនុគ្រោះរៀបចំឥណទានឡើងវិញចំពោះអ្នកជំពាក់ ធនាគារ ឱ្យយោគយល់ចំពោះការលំបាកក្នុងការសងយឺតឬផ្សេងៗអាចប្រើប្រាស់រយៈពេលខ្លះតែមិនមែនផ្អែកទៅលើបញ្ហានេះមិនសងធនាគារ មានលុយហើយមិនសងទេ ។កុំផ្តេកផ្តួលលើការស្នើឱ្យមានការអនុគ្រោះពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកុំឱ្យរឹបអូសទ្រព្យសម្បត្តិ បើមានលុយត្រូវសងទៅធនាគារប្រសិនបើមានលុយហើយមិនយ កទៅសងគេ នឹងនាំឱ្យកើនឡើងការប្រាក់កាន់តែច្រើន»។

ជាមួយគ្នានេះសម្តេចបញ្ជាក់បន្ថែមថាប្រសិនបើបុគ្គលណាម្នាក់ដែលញុះញង់ភ្ជាប់រឿងនយោបាយទៅនឹងករណីជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុដោយដើរឃោសនាថា បើបក្សគេឈ្នះមិនសង សូមឱ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះចាត់វិធានការប្តឹងទៅតុលារដើម្បីរឹបអូសទ្រព្យសម្បត្តិបុគ្គលនោះដើម្បីកុំឱ្យដើរបង្ករឿងទៀត។

សម្តេចតេជោបានមានប្រសាសសន៍ថា៖ «ម្សិលមិញខ្ញុំក៏បានបញ្ជារឿងនេះមួយដែរ អ្នកណាក៏ដោយដែលធ្វើចលនាមនុស្សកុំឱ្យទៅសងធនាគារអ្នកនោះគឺជាគោលដៅនៃ ការរឹបអូស។និយាយគ្នាឱ្យច្បាស់ចឹងហ្មង ព្រោះកន្លងទៅមានអាក្រុមខូច គណបក្សនយោបាយខ្លះខូចណាស់ ទៅសន្យាថា បើសិនជាខ្ញុំឈ្នះខ្ញុំមិនឱ្យសងទេអ៊ីចឹងបើអាមនុស្ស ហ្នឹងវាជំពាក់លុយគេ ជំពាក់ធនាគារ សូមឱ្យធនាគាររឹបអូសអាអ្នកហ្នឹងតែម្តងទៅ»។

សូមជម្រាបថាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំក្រសួងស្ថា ប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើបញ្ហាកម្ចីធនាគារនិងមីក្រូហិរញ្ញវត្ថុដោយត្រូវបញ្ចៀសនូវរាល់ការរឹបអូសទ្រព្យសម្បត្តិនិងការចាប់ចងប្រជាពលរដ្ឋដែលបាន ជាប់កម្ចីឥណទានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាហើយមិនមានលទ្ធភាពពិតប្រាកដដើម្បីសងបំណុលវិញក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ ដោយឡែកធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលញុះ ញង់និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល ៕