​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មន្ត្រី​អភិរក្ស​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​មេសា​ថា ត្រី​បាឡែ​ន​ប្រវែង​១៧​ម៉ែត្រ​មួយ​បាន​ងាប់​ក្រោយ​ហែល​មក​ទើលើ​ឆ្នេរកោះបា​លី ដោយ​ធ្វើអោយ​វា​ក្លាយជា​​ត្រី​បា​ឡែន​ខ្នាតយ​ក្ស​នេះ​ទី​បី ដែល​បាន​ហែល​មក​ជាប់​លើ​ឆ្នេរ​ដោយ​ខ្លួនឯង​និង​ងាប់​នៅ​កោះ​របស់​ឥណ្ឌូនេស៊ី​មួយ​នេះ​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​មួយ​សប្តាហ៍​។​

​បា​ឡែន​ញី​នេះ ត្រូវបាន​ប្រទះឃើញ​កឿង​នៅលើ​ឆ្នេរ​យេ​ឡេស​(Yeh Leh)​នៅ​ស្រុក​មួយ របស់​កោះ​បាលី​កាលពី​រសៀល​ថ្ងៃ​សៅរ៍​។​

​ពែរ​ម៉ា​ណា យូ​ឌី​អាសូ​(Permana Yudiarso)​មន្ត្រីជលផល​និង​សមុទ្រ​នៅ​មូលដ្ឋាន​នោះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​នៅ​ថ្ងៃអាទិត្យ​ថា «​ឥឡូវ​យើង​កំពុង​ទាញ​ខ្មោច​ត្រី​ទៅ​លើ​គោក​ដើម្បី​​ធ្វើតេស្តិ៍ ហើយ​យើង​នឹង​កប់​វា​ក្រោយ​ការធ្វើ​តេស្តិ៍​ចប់សព្វគ្រប់​»​។​

​វាជាបា​ឡែក​យក្ស​ទី​បី​ដែល​បាន​ហែល​មក​កឿង​លើ​ឆ្នេរកោះបា​លី ដែល​ជា​ទីតាំង​ទេសចរណ៍​ពេញ​និយម​របស់​ឥណ្ឌូនេស៊ី នៅក្នុង​ខែ​មេសា​នេះ​តែ​មួយ​។​

​កាលពី​ថ្ងៃ​ពុធ បាឡែ​នប្រវែង​១៨​ម៉ែត្រ​មួយ​ក៏​បាន​ហែល​មក​ទើលើ​ឆ្នេរ​ក្នុងស្រុក​មួយ​នៅ​ឆ្នេរ​ខាងកើត​នៃ​កោះ​បាលី​។​មុន​នោះ​កាលពី​ថ្ងៃ​១​មេសា បា​ឡែន​ទម្ងន់​ជាង​ពីរ​តោន​មួយ​ប្រវែង​១១​ម៉ែត្រ​ត្រូវបាន​​ប្រទះ​ឃើញ​ងាប់​ស្អុយ​នៅលើ​ឆ្នេរ​មួយ​ក្នុងស្រុក​តា​បា​ណាន​(Tabanan)​នៃ​កោះ​បាលី​។​

​មន្ត្រីជលផល​កោះ​បាលី​បាន​និយាយថា គេ​សង្ស័យថា​ត្រី​ដែល​ប្រទះឃើញ​កាលពី​ថ្ងៃ​សៅរ៍​ទំនង​ជា​ងាប់​ដោយ​ជំងឺ​ផងដែរ ដូចត្រី​បាឡែ​ន​ដែលងា​ប់កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​ដោយសារ​ដង​ខ្លួន​ស្គម​កំព្រឹង​។​ការ​​ធ្វើតេស្តិ៍​រក​មូលហេតុ​នៃ​ការងា​ប់ត្រី​នេះ​អាច​ចំណាយ​ពេល​បី​សប្តា​ហ៍ តែ​អ្នកជំនាញ​បាន​រកឃើញ​ការ​ចេញ​ឈាម​នៅត្រង់​សួត​និង​ពោះវៀន​ត្រី​ពោរពេញ​ដោយ​ទឹក​៕

​សមាជិក​ក្រុម​បរិស្ថាន​ឥណ្ឌូនេស៊ី ពិនិត្យ​មាត់​ត្រី​បាឡែ​ន​ដែល​ងាប់​នៅលើ​ឆ្នេ​រកោះ​បាលី​