ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ចិនចាប់ផ្តើមធ្វើការហ្វឹកហាត់បាញ់គ្រាប់ពិតនៅថ្ងៃចន្ទទី១០មេសាក្នុងពេលបញ្ចប់សមយុទ្ធយោធាបីថ្ងៃដើម្បីជាការឆ្លើយតបនឹងជំនួបរបស់ប្រធានាធិបតីតៃវ៉ាន់ជាមួយប្រធានសភាអាម៉េរិក។
កាលពីថ្ងៃអាទិត្យ យន្តហោះនិងនាវាចម្បាំងចិនរាប់សិបគ្រឿងបានធ្វើការហាត់វាយប្រហារព្រមៗគ្នាទៅលើគោលដៅក្លែងក្លាយសន្មតដោយកងទ័ពចិនថាជារបស់តៃវ៉ាន់ជាហេតុនាំអោយមានការថ្កោលទោសពីរដ្ឋាភិបាលទីក្រុងតៃប៉ិះនិង ការអំពាវនាវសុំអោយអត់ធ្មត់ពីអាម៉េរិក។
អោយឈ្មោះថាJoint Sword ប្រតិបត្តិការបីថ្ងៃនេះរួមមានការហ្វឹកហាត់ឡោមព័ទ្ធកោះតៃវ៉ាន់មកពីបួនទិសផងដែរ ។វាពាក់ព័ន្ធនឹងការបញ្ជូនយន្តហោះ នាវា និងទាហានចិនចូលក្នុងតំបន់សមុទ្រនិងដែនអាកាសនៅទិសទាំងបួនជុំវិញកោះតៃវ៉ាន់ នេះបើតាមការអោយដឹងពីបញ្ជាការយោធភូមិភាគបូព៌ារបស់កងទ័ពរំដោះប្រជាជនចិន។
ទូរទស្សន៍ចិន CCTVកាលពីថ្ងៃអាទិត្យបាននិយាយថា សមយុទ្ធនេះហាត់រៀនអំពីការវាយប្រហារត្រង់ៗចំគោលដៅនៅកោះតៃវ៉ាន់ និងដែនទឹកជុំវិញនៅពេលកងកម្លាំងបន្តរក្សាស្ថានការណ៍នៅជុំវិញក្បែរកោះ។កងទ័ពអាកាសក៏បានបញ្ជូនយន្តហោះរាប់សិបគ្រឿងហោះចូលដែនអាកាសជាគោលដៅ ហើយកងទ័ពជើងគោកបានហាត់ការវាយប្រហារដោយអាវុធត្រង់លើគោលដៅជាច្រើន។
យោធាតៃវ៉ាន់ត្រៀមទាំងយន្តហោះនេះរថក្រោះក្នុងពេលចិនធ្វើសមយុទ្ធឡោមព័ទ្ធគ្រប់ទិស
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីតៃវ៉ាន់លោកស្រីសាយ អ៊ីងវិន បានថ្កោលទោសសមយុទ្ធយោធាចិនហើយសន្យាធ្វើការជាមួយអាម៉េរិកនិងប្រទេសមានចិត្តគំនិតដូចគ្នាក្នុងការប្រឈមនឹង«ការវាតទីនិយមបែបផ្តាច់ការជាបន្ត»។
នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកម្នាក់បាននិយាយថា អាម៉េរិកបានទទូចសុំអោយអត់ធ្មត់និងកុំផ្លាស់ប្តូរស្ថានការណ៍ជាក់ស្តែង ហើយក្រសួងការពារជាតិអាម៉េរិកក៏បាននិយាយថាខ្លួនតាមដានព្រឹត្តិការណ៍នេះយ៉ាងដោតដល់។
សមយុទ្ធនៅថ្ងៃចន្ទរួមមានការបាញ់គ្រាប់ពិតនៅឯនាយឆ្នេរថ្មនៃខេត្តហ្វ៊ុយជៀន ចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីកោះម៉ាតស៊ូ(Matsu)និង១៩០គីឡូម៉ែត្រពីទីក្រុងតៃប៉ិះ៕
កាលពីចុងសប្តាហ៍ មាននាវានិងយន្តហោះយោធាចិនប្រមាណ១៥០គ្រឿង រួមមានដ្រូនផងបានចូលរួមក្នុងសមយុទ្ធ
កងរ៉ុក្កែតចិនចូលរួមក្នុងសមយុទ្ធJoint Swordកាលពីចុងសប្តាហ៍