ដោយ​៖ ​ដេប៉ូ​/​ភ្នំពេញ​៖ ​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឈាន​មកដល់​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ ជូន​ពលករ​ខ្មែរ​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ចូលរួម​សង្ក្រាន្ត​ជាមួយ​ពលករ សិស្ស​និស្សិត អាជីវករ និង​ពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ រៀនសូត្រ និង​ប្រកប​របរ​អាជីវកម្ម​នៅក្នុង​ប្រទេស​ថៃ ។​

​គួរបញ្ជាក់​ថា​ពិធី​សង្ក្រាន្ត​ដ៏​សប្បាយរីករាយ​នេះ ប្រារព្វ​ធ្វើឡើង​នៅ ស្ថានទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​នា​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៣ ។

​ថ្លែង​ក្នុង​ពិធី​នេះ​លោក អ៊ិត សំហេង​បាន​គូសបញ្ជាក់ថា សង្ក្រាន្ត​ចូលឆ្នាំ​ខ្មែរ គឺជា​បុណ្យ​ប្រពៃណីជាតិ ដ៏​ធំ​របស់​ខ្មែរ កាន់​ព្រះពុទ្ធសាសនា ដែល​ស្ថិតក្នុង​ដួងចិត្ត​ខ្មែរ​គ្រប់រូប​តាំងពី​បុរាណកាល​មក​។ ឆ្នាំនេះ​បងប្អូន​ខ្មែរ​យើង​នៅ​ថៃ​មួយចំនួន បាន​ទៅលេង​ស្រុកកំណើត​ចូលឆ្នាំ តែ​ភាគច្រើន មិនបាន​ទៅលេង​ស្រុក​ទេ ដោយ​រវល់​ការងារ តែ​យើង​បានរៀបចំ​ចូលឆ្នាំ​ខ្មែរ តាម​ប្រពៃណី​នៅទីនេះ​បានដែរ ហើយ​អាច​ទំនាក់ទំនង សួរសុខទុក្ខ ជូនពរ​ចូលឆ្នាំថ្មី ដល់​អ្នកមានគុណ​នៅឯ​ស្រុកកំណើត​របស់​យើង​ដែរ​។

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ ចំពោះ​លោក អគ្គរាជទូត និង​សហការី ដែល​បាន​ខិតខំ​បំពេញភារកិច្ច ការទូត​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ​ជិតខាង​ល្អ កម្ពុជា​-​ថៃ ទាំង​ផ្នែក សេដ្ឋកិច្ច អប់រំ វិស័យ​ការងារ ព្រមទាំង​បានផ្ដល់​ឱកាស​សិក្សា​ដល់​និស្សិត និង​ផ្ដល់ឱកាស​ការងារ​ដល់​ពលករ​កម្ពុជា​របស់​យើង​ផងដែរ​។

​លោក រដ្ឋមន្ត្រី បានចាត់ទុក​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា​-​ថៃ ជា​កិច្ចសហប្រតិបត្តិការ ឈ្នះ​-​ឈ្នះ ដោយ​ក្នុងនោះ បងប្អូន ពលករ​ខ្មែរ អា​ចរក​ការងារ មាន​ប្រាក់ចំណូល ចេះ​ជំនាញ​ការងារ​ដែល​កំពុង​ធ្វើ ពេល​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ អាច​យក​ជំនាញ​ទាំងនេះ​ទៅ​ចិញ្ចឹម​ក្រុមគ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ រីឯ​ខាង​ភាគី​ប្រទេស​ទទួល គេ​បាន​កម្លាំង​ពលកម្ម ដើម្បី​បំពេញ​ការផលិត​របស់​គេ​ដែរ​។

​ទន្ទឹមនឹងនេះ លោក អ៉ិ​ត សំហេង បាន​កោត​ស​សើរ​បងប្អូន​ពលករ​ខ្មែរ​យើង ដែលមាន​ស្មារតី​តស៊ូ អត់ធ្មត់ ខិតខំ​ធ្វើការ​ងារ​រក​កម្រៃ​ចិញ្ចើម​គ្រួសារ និង​បានរួម​ចំណែក​រក​ចំណូល​ជូន​ជាតិ​។ ឯកឧត្តម​លើកឡើងថា​៖ «​បងប្អូន​ពលករ​យើង​នៅ​ថៃ​មាន​១​លាន ២​សែន​នាក់ ម្នាក់ៗ​មួយខែ​ផ្ញើ​ទៅផ្ទះ​១៦៧​ដុល្លារ​អាម៉េរិក មួយឆ្នាំ បាន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​» ។

​ក្នុង​ពិធី​នេះដែរ​លោក រដ្ឋមន្ត្រី បាន​ណែនាំ​បងប្អូន​ពលករ សូម​ថែរក្សា​សុខភាព សាមគ្គីភាព ចូលរួម​គោរព​ច្បាប់​របស់​ប្រទេស​គេ​ឱ្យ​បានល្អ ជៀសវាង​ប្រព្រឹត្តិ​ខុស​នាំ​ទោស​ដល់​ខ្លួន​។

​អំឡុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ ពលករ​យើង​មាន​សិទ្ធិ​បោះឆ្នោត​ដូចគ្នា គឺ​ត្រូវ​បោះឆ្នោត​នៅតាម​មូលដ្ឋាន​ដែល​បងប្អូន​ចុះឈ្មោះ ដោយ​ឯកឧត្តម បាន​អំពាវនាវ​ដល់​ពលករ​យើង ក៏ដូចជា​ក្រុមគ្រួសារ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សាសុខ​សន្តិភាព និង​ដឹកនាំ​ប្រទេសជាតិ​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ត​ទៅមុខទៀត​៕/R​