ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ បាល បានណែនាំឱ្យមានការប្រុងប្រយ័ត្ន ការពារសុខភាព ក្នុងអំឡុងពេលអាកាស ធាតុក្តៅ ដែលការណែនាំនេះ បានធ្វើឡើង តាមរយៈសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ ។
សេចក្តីជូនព័ត៌មាននោះ បានលើកឡើងថាៈ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ស្ថានភាពនៃការប្រែប្រួល អាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសាកលលោក។
បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក ចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥.០០០ នាក់ ត្រូវបាន ស្លាប់ ដោយសារអាកាសធាតុក្តៅពេក នៅអឺរ៉ុប នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្ស ប្រមាណជាង ៣៥៦.០០០ នាក់ បានស្លាប់ ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុង បណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះ នឹងកើនឡើងនៅទូទាំង សាកលលោក ផងដែរ។ ដូច្នេះ កំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។ បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅ ខ្លាំងពេក ប្រសិនបើរាងកាយអ្នក មិនអាចទប់ទល់បាន និងប្រសិនបើអ្នក មិនបានធ្វើឱ្យ ខ្លួនប្រាណអ្នក ត្រជាក់បានត្រឹមត្រូវ ទាន់ពេលវេលាទេនោះ។
ចំណុចសំខាន់ៗ ដែលប៉ះពាល់ដល់សមត្ថភាពរាងកាយ របស់អ្នក ក្នុងការធ្វើឱ្យខ្លួនអ្នក ត្រជាក់ ក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង គឺនៅពេលមានកំដៅខ្លាំង បណ្ដាលឱ្យអ្នក បែកញើសច្រើន នឹងមិនរំហួតលឿននោះទេ នេះមានន័យថា កំដៅរារាំងរាង្គកាយរបស់ អ្នក ពីការបញ្ចេញកំដៅ ឱ្យបានលឿន តាមដែលវាត្រូវការ ហើយក៏មានកត្តាបុគ្គលផ្ទាល់ ខ្លួន រួមផ្សំជាមួយដែរ គឺបុគ្គលដែលមានអាយុតិច និងមនុស្សចាស់ បុគ្គលដែលធាត់ គ្រុនក្តៅ ខ្សោះជាតិទឹក ជំងឺបេះដូង ជំងឺផ្លូវចិត្ត ឈាមរត់មិនល្អ ការរលាកស្បែក និង ការប្រើប្រាស់គ្រឿងស្រវឹង។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជាពិសេសប្រជាជន ដែលរស់នៅតាមតំបន់ ដែលមានអាកាសធាតុក្តៅខ្លាំង សូមចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្ត ដោយប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារ ការទទួលរងនូវកំដៅ ក្ដៅខ្លាំងមានដូចជា៖ បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់ នឿយ ដោយសារកំដៅក្ដៅខ្លាំង ឈឺរមូលសាច់ដុំ អស់កម្លាំងខ្លាំង ចង្អោរ និង/ឬ ក្អួត វិលមុខ និង/ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃ ឈាមខួរ ក្បាលជាដើម។
ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នក ឲ្យបានល្អ និងចៀសផុតពី បញ្ហាសុខភាពដែល អាចកើតមានជាយថាហេតុ បណ្តាលមកពីអាកាសធាតុក្ដៅខ្លាំងនេះ សូមអនុវត្តនូវវិធីសាស្ត្រសាមញ្ញៗ រួមមាន៖
១. ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយ ឱ្យបានគ្រប់គ្រាន់ ដោយពិសាទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះ តែទុកឱ្យត្រជាក់ ៩ចៀសវាងប្រើទឹកក្ដៅ) ឬទឹកច្រោះល្អ ឱ្យបានច្រើន និងញឹកញាប់ លើសពី ២ លីត្រ ក្នុងមួយថ្ងៃ បើទោះបីជាអ្នកមិនមាន អារម្មណ៍ស្រេក ទឹកក៏ដោយ។ ចៀសវាងការរាករូស និងជំងឺផ្សេងៗ ដោយរក្សាអនាម័យខ្លួនប្រាណស្អាត និងអនាម័យចំណីអាហារល្អផងដែរ។
២. ចៀសវាងការពិសាភេសជ្ជៈ ដែលបណ្ដាលឱ្យជាតិទឹក នៅក្នុងរាងកាយ ថយចុះ មានដូចជា៖ ពិសាគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ ។
៣. សូមកុំពិសាប្រៃ និងផ្អែម ដោយកាត់បន្ថយការទទួលទាន ជាតិអំបិល និងជាតិស្ករ ច្រើន។ ពិសាផ្លែឈើដែលសម្បូរជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ ។ ចៀសវាងអាហារដែលមានជាតិប្រូតេអ៊ីន ជាតិប្រៃ ជាតិស្ករ និង ជាតិខ្លាញ់ខ្ពស់។
៤. ស្លៀកសម្លៀកបំពាក់ ជួយការពារកំដៅ និងការពារការរលាកស្បែក ដោយពន្លឺ ព្រះអាទិត្យ ដូចជា ស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស្រាល អាចប្រើឡេ លាបស្បែកការពារកំដៅថ្ងៃ ជាជំនួយ និងពាក់មួក ដែលមានគែមធំទូលាយ ឬប្រើឆ័ត្រ ធ្វើជារបាំងការពារកម្ដៅថ្ងៃ ហើយឱស្សាហ៍ផ្លាស់ប្ដូរ សម្លៀកបំពាក់ ប្រសិនបើវាសើម ខ្លាំង។
៥. ចៀសវាងការស្លៀកពាក់ ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយ ធ្វើឱ្យមានកំដៅឡើងបន្ថែម។
៦. ចៀសវាងនៅក្រោមពន្លឺថ្ងៃ ដោយផ្ទាល់យូរពេក (ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំង ការពារកំដៅព្រះអាទិត្យ) និងកាត់បន្ថយការឱ្យពន្លឺព្រះអាទិត្យ ចូលក្នុងផ្ទះច្រើនពេក និងយូរពេក ដើម្បីកាត់បន្ថយកំដៅ ចូលក្នុងផ្ទះ។
៧. ប្រើកន្សែងសើម ជូតមុខរបស់អ្នក ឬដាក់វានៅជុំវិញ ក របស់អ្នក ប្រសិនបើមាន អារម្មណ៍ថា ក្ដៅខ្លាំងពេក។
៨. ងូតទឹកត្រជាក់ ឬទឹកធម្មតា ឱ្យបានញឹកញាប់ ប៉ុន្តែត្រូវជៀសវាងការធ្វើឱ្យមាន ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀស វាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មក ពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកំដៅហួស និងអាចមាន គ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។
៩. ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាព ខាងក្រៅផ្ទះ សម្រាប់ព្រឹកព្រលឹម បើអាចធ្វើបាន ឬពេលល្ងាច នៅពេលដែលសីតុណ្ហភាពក្ដៅ មានការថយចុះ មកត្រជាក់ ចៀសវាងសកម្មភាពពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យ ក្តៅបំផុត។ ហាត់បន្សំខ្លួនជាបណ្តើរៗ សម្រាប់លក្ខខណ្ឌ អាកាសធាតុក្ដៅ។
១០. ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការដោយ សុវត្ថិភាព នៅក្នុងកំដៅដែលអាចទ្រាំទ្របាន ធ្វើការសន្សឹមៗ កុំប្រញាប់ប្រញាល់ ដែលមានការចំណាយកម្លាំងច្រើន ដោយគំហុកភ្លាមៗ ហើយក្តៅខ្លាំង។
១១. ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងដែលត្រជាក់ ឬម៉ាស៊ីនត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ ឬ ទីតាំងដែលត្រជាក់ តាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថា រាង្គកាយរបស់លោកអ្នក មានភាពធន់ខ្ពស់ អាចទប់ទល់ ចំពោះកំដៅក្នុងកម្រិតណាមួយ។
១២. ពឹងផ្អែកតែលើកង្ហារជាឧបករណ៍ ធ្វើឱ្យត្រជាក់ ជាចម្បងរបស់លោកអ្នក អំឡុងពេលមានកំដៅខ្លាំង ត្រូវមធ្យោបាយផ្សេងៗ ដើម្បីបន្ថយកំដៅ។
១៣. កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ – វានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។
១៤. សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរងគ្រោះ ដោយសារអាកាសធាតុក្តៅ រួមមាន មនុស្សវ័យចាស់ អាយុចាប់ពី ៦៥ ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺ ផ្លូវចិត្ត ពីព្រោះពួកគេ អាចត្រូវការជំនួយ យ៉ាងតិចណាស់ ២ ដង ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលអាកាសធាតុក្តៅ សូមកុំទុកពួកគាត់ចោល ដោយមិនបានអើតមើល ពួកគាត់។
១៥. ប្រសិនបើមានរោគសញ្ញា ដូចជា៖ វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើ ជាសញ្ញាដំបូង នៃផលប៉ះពាល់នៃកំដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី ២-៥នាទី ហើយពិសាទឹកត្រជាក់យឺតៗ កុំបន្តសកម្មភាព ពីព្រោះអាច មានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិត អ្នកដែលមានបញ្ហាសុខភាព។ ត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាល។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាព ឬសង្ស័យថា មានជំងឺ សូមប្រញាប់ ទៅស្វែងរកការពិនិត្យពិគ្រោះ នៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខ ផ្ដល់ជូនខាងក្រោមនេះ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារអប់រំសុខភាព ដែលអាចទាញ យកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្ល ឬទំនាក់ទំនង ក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ V / N