ដោយ: សុផល / ភ្នំពេញ: នាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភា មានវត្តមាន ចំនួន ៥៨ រូប។
អង្គប្រជុំបានដំណើរការ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើង ក្នុងគោលបំណងកសាងខ្សែព្រំដែន សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍយូរអង្វែង ឈរលើមូលដ្ឋាន នៃការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងដើម្បីបង្កើនឥតឈប់ នូវទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជា ប្រពៃណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការខិតខំបោះបង្គោលព្រំដែន ។
សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ គឺជាកំណត់ត្រាទទួលយកលទ្ធផល នៃការត្រួតពិនិត្យខ្សែ ព្រំដែនរួម ប្រមាណជា ៨៦% ដែលប្រទេសទាំងពីរ សម្រេចបានលើការងារព្រំដែន និងដែលត្រូវបានប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា និងឡាវ បានចុះហត្ថលេខា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាពេលកន្លងទៅ ។
សន្ធិសញ្ញានេះ ក៏ជាឯកសារផ្លូវច្បាប់ ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់បំផុតមួយ ដែល ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះ ហត្ថលេខាទទួលស្គាល់ជាផ្លូវការ លើខ្សែព្រំដែនដែលអាណានិគម បានបន្សល់ទុកឱ្យបន្ទាប់ពីប្រទេសទាំងពីរ ទទួលបានឯករាជ្យ ជាឯកសារផ្លូវការមូលដ្ឋាន ដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយ តំបន់ព្រំដែននៅសល់ប្រមាណជាង ១៤% ទៀត ដែលភាគីទាំងពីរ មិនទាន់សម្រេចបាន និងជាឯកសារគ្រឹះ ការពារបានបូរណភាពទឹកដី កម្ពុជាដោយមានខ្សែព្រំដែន មួយច្បាស់លាស់ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន ១០៥ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភា ចំនួន ២រូប បានឡើងមានយោបល់ រួចមក លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះ កិច្ចការព្រំដែន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាង ច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល៕/V-PC