ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ ស្ពានខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប ត្រូវបានដាក់ឱ្យដំណើរការ ជាបណ្តោះអាសន្ន រួចហើយ ប្រជាពលរដ្ឋ បាននាំគ្នាឆ្លងកាត់ ដោយសប្បាយរីករាយ។
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ បច្ចុប្បន្ន ការសាងសង់ ត្រូវបានសម្រេចស្ទើរតែទាំងស្រុងហើយ នៅសេសសល់ការងារមួយ ចំនួនតូច ដែលមិនប៉ះពាល់ដល់ការបើកចរាចរ ជាបណ្តោះអាសន្នឡើយ។
ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ ក៏ដូចជា ជួយដោះស្រាយការក ស្ទះចរាចរណ៍ នៅតំបន់ខណ្ឌពាក់ព័ន្ធ ខាងលើនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ ជាបណ្ដោះអាសន្ននូវ ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ចាប់ពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។
ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍ ពីស្ពាន បេតុងឫស្សីកែវ ឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានី ភ្នំពេញ នឹងបិទចរាចរណ៍ឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវ ផងដែរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងនូវ ការអរគុណដល់ក្រុមការងារ ជាវិស្វករ និងកម្មករទាំងអស់ ដែលបានខិតខំប្រឹងប្រែង រួមគ្នាកន្លងមក ដោយសម្រេចបានសមិទ្ធផល ដ៏ស្រស់ស្អាតនេះ។ លោកបានលើកឡើងបែបនេះ នាពេលលោក បានចុះពិនិត្យផ្ទាល់ នៅព្រឹកនេះ។
សូមបញ្ជាក់ថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណា ចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕/V-PC