ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចំនួនសត្វខ្លាព្រៃរបស់ឥណ្ឌា ដែលមានច្រើនជាងគេបំផុតនៅលើពិភពលោក បានកើនឡើងលើសពី ៣.០០០ ក្បាលនេះបើយោងតាមជំរឿនដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី៩មេសា ដែលនេះជាកម្លាំងជំរុញមួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជនេះ។
សត្វខ្លាកាលពីមុនធ្លាប់ដើរពាសពេញអាស៊ីកណ្តាល ខាងកើត និងខាងត្បូង។ប៉ុន្តែក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ សត្វខ្លាបានបាត់បង់ជាង ៩៣ ភាគរយនៃពូជប្រវត្តិសាស្ត្ររបស់វា ហើយឥឡូវនេះរស់រានមានជីវិតរាយប៉ាយក្នុងប្រទេសចំនួន ១៣ ប៉ុណ្ណោះ នេះបើយោងតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។
ជំរឿនឥណ្ឌាបានប៉ាន់ប្រមាណថាមានខ្លាចំនួន ៣.១៦៧ ក្បាលនៅក្នុងព្រៃនៅទូទាំងប្រទេស ពោលគឺកើនឡើងពីចំនួន ២.៩៦៧ ក្បាលដែលបានរាយការណ៍នៅក្នុងជំរឿនចុងក្រោយ។
ការស្ទង់មតិបែបនេះត្រូវបានធ្វើឡើងរៀងរាល់បួនឆ្នាំម្តង ដោយប្រើឧបករណ៍កាមេរ៉ានិងកម្មវិធីកុំព្យូទ័រដើម្បីកំណត់អត្តសញ្ញាណសត្វនីមួយៗ។
អត្រានៃការកើនឡើងបានធ្លាក់ចុះមកនៅតិចជាង៧ភាគរយក្នុងអំឡុងរយៈពេលនេះ ពោលគឺធ្លាក់ចុះពីជាង ៣០ ភាគរយក្នុងអំឡុងរយៈពេលបួនឆ្នាំមុននោះ។
ប៉ុន្តែនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បាននិយាយថា តួលេខថ្មីនេះជាគ្រាដ៏មានមោទនភាព។
លោកបាននិយាយនៅក្នុងពិធីមួយនៅក្នុងទីក្រុងមីស៊ូរូ (Mysuru) ភាគខាងត្បូងថា “គ្រួសាររបស់យើងកំពុងពង្រីក។ នេះជារឿងមោទនភាពមិនត្រឹមតែសម្រាប់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ”៕
នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មានមោទនភាពចំពោះចំនួនសត្វខ្លាកើនឡើងនេះ