ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ បុរស​ម្នាក់​ក្នុងប្រទេស​ចិន​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ​ពី​បទ​បំភ័យ​មាន់​ឱ្យ​ងាប់​ដល់​ទៅ ១.១០០ ក្បាល​ក្នុង​ជម្លោះ​ជាមួយ​អ្នកជិតខាង​របស់​គាត់​។​

​ករណី​គួរឱ្យ​ចាប់អារម្មណ៍​នេះ​បាន​កើត​ឡើង​ក្នុង​ខែ​មេសា​ឆ្នាំ​មុន​នៅពេល​ដែល​បុរស​មាន​នាមត្រកូល គូ (Gu) មាន​ការខកចិត្ត​ដែល​អ្នកជិតខាង​ឈ្មោះ ចុង (Zhong) បាន​កាប់​ដើមឈើ​របស់​គាត់​ដោយ​មិន​បាន​ប្រាប់​គាត់​ជាមុន​។​

​ជាការ​សងសឹក លោក​គូ​មកពី​ស្រុក​ហេង​យ៉ាង​(Hengyang)​ក្នុង​ខេត្ត​ហ៊ូ​ណាន (Hunan) ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​លួច​ចូល​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​លោក​ចុង​នៅពេល​យប់​ជាច្រើន​ដង​។​

​គេ​មិន​ច្បាស់​ថា​តើ​លោក​គូ​មានបំណង​អ្វី​នោះ​ទេ ប៉ុន្តែ​តុលាការ​នៅ​ស្រុក​ហេង​យ៉ាង​បាន​និយាយថា នៅ​យប់​មួយ​បុរស​នោះ​បាន​ប្រើ​ពិល “​ដើម្បី​បន្លាច​មាន់​” នេះ​បើ​យោង​តាម​កាសែត​រដ្ឋ China Daily ។​ទង្វើ​នេះ​បានធ្វើឱ្យ​ហ្វូង​មាន់​សម្រុកចូល​ទៅ​ជ្រុង​មួយ ដែល​បណ្តាល​ឱ្យ​ពួកវា​ចំនួន ៤៦០ ក្បាល​រត់​ជាន់​គ្នា​ងាប់​។​

​លោក​គូ​ត្រូវបាន​គេ​ចាប់បាន​ហើយ​បង់លុយ​សំណង​ជំងឺ​ចិត្ត​ដល់​លោក​ចុង​ចំនួន ៣.០០០ យ័ន​។​

​ប្រការ​នេះ​បាន​ធ្វើឱ្យ​គាត់​កាន់តែ​ខឹងសម្បា ហើយ​គាត់​បាន​ត្រឡប់​ទៅ​កសិដ្ឋាន​របស់​លោក​ចុង​ម្តងទៀត ដើម្បី​ធ្វើ​សកម្មភាព​របស់​គាត់​ម្តងទៀត ដែល​លើក​នេះ​បាន​បណ្តាលឱ្យមាន់​ងាប់​ចំនួន ៦៤០ ក្បាល​។​

​អាជ្ញាធរ​ចិន​បាន​និយាយថា សត្វ​មាន់​ងាប់​ចំនួន ១.១០០ ក្បាល​នេះ​មានតម្លៃ ១៣.៨៤០ យ័ន​។​

​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​មេសា​បាន​និយាយថា សកម្មភាព​របស់​លោក​គូ​គឺ​មាន​ចេតនា ហើយ​បាន​កាត់ទោស​គាត់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ​ជាមួយ​នឹង​ការព្យួរ​មួយឆ្នាំ ដោយ​គិត​ពី​បុរស​នោះ​បង្ហាញ​វិប្បដិសារី​ចំពោះ​ទង្វើ​របស់​គាត់​៕