ដោយៈ សុក្ខារិន / ពោធិសាត់: កាលពីនៅថ្ងៃទី៩ មេសា ២០២៣ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថាៈខេត្តពោធិ៍សាត់យើង មានរោងចក្រ ដែលអាចនិយាយបានថា គឺជាឆ្នាំងបាយរួមសម្រាប់យើងទាំង អស់គ្នា ដូច្នេះសូមកម្មករកម្មការនីទាំងអស់ ចូលរួមថែរក្សាឆ្នាំងបាយនេះ ឱ្យបានយូរអង្វែង។
លោក ខូយ រីដា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសជួបសំណេះ សំណាល និងសួរសុខទុក្ខជាមួយ កម្មករ កម្មការនី ទូទាំងក្រុងពោធិ៍សាត់ ចំនួន ១.១១៥ នាក់ នៅសាលប្រជុំ ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលពិធីនេះ ក៏មានការចូលរួម ពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ កងកម្លាំងប្រដាប់អាវុធ ទាំង៣ និងរដ្ឋបាលក្រុងពោធិ៍សាត់។
លោក ខូយ រីដា បានលើកឡើងថាៈ រោងចក្រទាំងអស់នៅក្នុងព្រះរាជាណា ចក្រកម្ពុជា ក្នុងនោះ ក៏មាននៅក្នុងខេត្តពោធិ៍សាត់យើងនេះផងដែរ មិនមែនចេះ តែកើតមានបាននោះទេ បើគ្មានសុខសន្តិភាព និង ស្ថេរភាព។ មានតែការរួបរួម សាមគ្គីគ្នាជាធ្លុងមួយហើយនិងចេះជួយដាស់តឿនគ្នា ទៅវិញទៅមក ទើបរក្សានូវសុខសន្តិភាព និងស្ថេរភាពរបស់យើង បានយូរអង្វែង។
លោកបានលើកឡើងទៀតថាៈ បើមានបញ្ហាអ្វីកើតឡើងនោះ យើងមានក្រុមការ ងារ អាជ្ញាធរមានសមត្ថកិច្ច ជាអ្នកជួយសម្របសម្រួល ដោះស្រាយទៅតាម នីតិវិធីសមស្រប មិនត្រូវរួមគ្នាទៅវាយឆ្នាំងបាយរបស់ខ្លួននោះឡើយបើមិន ដូច្ឆេះទេច្បាស់ជាដាច់ពោះស្លាប់ទាំងអស់គ្នា ជាក់ជាមិនខាន។
លោកអភិបាលខេត្តពោធិ៍សាត់ បានបន្តថាៈ រោងចក្រ សហគ្រាស ក្រុមហ៊ុន ទាំងរដ្ឋ និងឯកជន បើគ្មានការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន គៀងគរវិនិយោគទេនោះ ក៏គ្មានរោងចក្រដ៏ធំនេះ បានរហូតមកដល់សព្វថ្ងៃបាន ដែរ ហើយកូនចៅប្រជាជនយើង ប្រឈមទៅនឹងគ្មានការងារធ្វើ ធ្លាក់ក្នុងស្ថាន ភាពក្រីក្រ។ ខេត្តពោធិ៍សាត់យើង មានរោងចក្រ ដែលអាចនិយាយបានថា គឺជាឆ្នាំងបាយ រួមសម្រាប់យើងទាំងអស់គ្នា មានការងារជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដោយស្របច្បាប់ នៅក្បែផ្ទះ ផ្តល់ភាពកក់ក្តៅ របស់ឳពុកម្តាយ មិនព្រួយកូន ចៅចំណាកស្រុកទៅធ្វើការឆ្ងាយៗ។
បើយើងមានឆ្នាំងបាយដ៏រឹងមាំនេះហើយ ក្នុងនាមរដ្ឋបាលខេត្ត គឺសុំតែម្យ៉ាង សូមឱ្យកម្មករកម្មការនីទាំងអស់ ចូលរួមថែរក្សាឆ្នាំងបាយនេះ ឱ្យបានយូរអង្វែង និង ជាប់ជាប្រចាំ កុំនាំគ្នាទៅវាយឆ្នាំងបាយ តាមការញុះញង់ ពីសំណាក់ ជនអគតិមួយចំនួន តែងតែបង្កភាពវឹកវរក្នុងសង្គម។
លោកបានថ្លែងទៀតថាៈ រោងចក្រជាច្រើនកន្លែងនៅក្នុងខេត្ត ធ្វើឲ្យកូនចៅ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត រាប់ពាន់នាក់មានការងារធ្វើ និងទទួលបាន ប្រាក់កម្រៃ សម្រាប់ផ្គត់ផ្គងក្រុមគ្រួសារ ធ្វើឲ្យជីវភាព កាន់តែប្រសើរឡើង បើទោះជាយ៉ាងនេះក្តីគ្រប់រោងចក្រ សហគ្រាស ក្រុមហ៊ុន ក៏ដូចជាក្មួយៗ កម្មករ កម្មការនី អនុវត្តការងារល្អ គ្រប់យ៉ាងនោះទេ តែងតែមានការខុសឆ្គងប៉ះពាល់ ពាក្យសម្តីគ្នា ទៅវិញទៅមក ហេតុនេះសូមឲ្យក្មួយៗ គប្បីផ្តល់នូវគុណតម្លៃឲ្យគ្នា ទៅវិញទៅមក បើមានបញ្ហាប្រឈមអ្វីមួយនោះ យើងនៅមាន រដ្ឋបាលខេត្ត ក្រុមការងារ គ្រប់ផ្នែក គ្រប់ថ្នាក់ជាអ្នកសម្របសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលា ។
លោកក៏បានជម្រាបជូនផងដែរថាៈ រដ្ឋបាលខេត្ត និងក្រុមការងារ តែងតែបានជួប ប្រាស្រ័យទាក់ទង និងសួរសុខទុក្ខជាប់ជានិច្ច គឺមិនចេះបោះបង់ និងមិនទុកឲ្យ បងប្អូន ជួបការលំបាក ពោលគឺយើងត្រូវរួមសាមគ្គីជួយគ្នា និងដាស់តឿនគ្នា ទើបទទួលបានផលប្រយោជន៍ទាំងអស់គ្នា ប្រកបដោយតម្លាភាព និងភាពយុត្តិធម៌ ។
នៅបញ្ចប់ពិធីនោះ លោកអភិបាលខេត្ត បានចែកជូនវត្ថុកំដរដៃដល់កម្មករ កម្មការនី ទាំង ១.១១៥ ក្នុងម្នាក់ៗ ទទួលបានសារុង ១ទឹកក្រូច២ដបធំ និងថវិកា ៤ ម៉ឺនរៀល៕/V-PC