ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ស៊ីហ្គេមលើកទី៣២ ខាងមុខនេះ ខេត្តព្រះសីហនុ ទទួលធ្វើម្ចាស់ផ្ទះលើ ៣ ប្រភេទកីឡា គឺទូកក្ដោង កីឡាប្រណាំង ម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថាៈ គ្រប់ការរៀបចំ គឺបានត្រៀមរួចរាល់អស់ហើយ ទាំងហេដ្ឋារចនា សម្ព័ន្ធ សន្តិសុខ សណ្ដាប់ធ្នាប់ ដ្បិតកន្លងមក ខេត្តព្រះសីហនុ ធ្លាប់ទទួលរៀបចំ ការប្រកួតកីឡាទាំង៣ប្រភេទរួចមកហើយ។ ទោះបីជាយ៉ាងណា លោកមានការព្រួយបារម្ភខ្លះៗ ជុំវិញអាកាសធាតុប៉ុណ្ណោះ។
លោកបានបន្តថាៈ ពិតប្រាកដណាស់ ក្រោមការសម្រេចចិត្តរបស់ គណៈកម្មា ធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) និងការចាត់ចែង នាពេលកន្លងមក ខេត្តព្រះសីហនុ ក៏ទទួលបានឱកាស ក្នុងការធ្វើជាម្ចាស់ផ្ទះ ៣ ប្រភេទកីឡា។ ទី១ គឺម៉ូតូទឹក ទី២ទូកក្ដោង ហើយទី៣ គឺបាល់ទះឆ្នេរខ្សាច់។ ពិតហើយថា ប្រភេទកីឡាទាំងនេះ ក៏ពាក់ព័ន្ធនឹងសក្ដានុពលខេត្តរបស់យើង គឺមានឆ្នេរមានខ្សាច់ ដែលជាការអំណោយផល ដល់ក្រុមអត្តពលិក ដើម្បីធ្វើការប្រកួត។
ជាការពិត ឆ្នេរខ្សាច់របស់កម្ពុជា ស្រស់ស្អាតបែបធម្មជាតិ ប៉ុន្តែដោយយោងលើ លក្ខខណ្ឌ នៃការប្រើប្រាស់បែបធម្មជាតិ បែបនេះក្នុងរយៈពេលយូរឆ្នាំ អាចនឹង បន្សល់ទុក នូវរុក្ខជាតិ ឬវត្ថុដែលអាចបណ្ដាលឱ្យប៉ះពាល់ ដូចជារបស់មុតស្រួច ដូច្នេះត្រូវធ្វើការជីកខ្សាច់ ចូលជម្រៅ ៤សង់ទីម៉ែត្រ និងធ្វើការរែងខ្សាច់ជាថ្មី ដើម្បីឱ្យកាន់តែមានសុវត្ថិភាព ដល់អត្តពលិក។ មកទល់ពេកនេះ ការងារបាន សម្រេចបញ្ចប់ និងបន្តការថែទាំ ដើម្បីត្រៀមសម្រាប់ការប្រកួត ដែលនឹងមកដល់ឆាប់ៗនេះ។
លោក គួច ចំរើន បានបន្តទៀតថាៈ ពិតហើយ ដោយសារយើងមិនធ្លាប់មាន បទពិសោធន៍ខ្លួនឯង ក្នុងការចាត់ចែង ក៏ប៉ុន្តែកាលពីចុងឆ្នាំ២០២១ ដើមឆ្នាំ ២០២២ គឺយើងធ្លាប់បានសាកល្បង បែបអន្តរជាតិខ្នាតតូច។ យើងក៏បានដកបទ ពិសោធន៍ អំពីការប្រកួតកីឡាប្រណាំងទូកក្ដោង និងការប្រណាំងម៉ូតូទឹក មានបទពិសោធន៍ ម្ដងរួចទៅហើយ ហេតុនេះ អាចថា សម្រាប់ការរៀបចំ នៅពេលខាងមុខនេះ ទាំងក្រុមការងារបច្ចេកទេស ក៏ដូចជា ក្នុងនាមអាជ្ញាធរ មូលដ្ឋាន លើការងារសណ្ដាប់ធ្នាប់ សន្តិសុខ ឬក៏ទីលានប្រកួតនេះ នឹងមិនមាន ការលំបាកអីទេ ដោយសារយើងធ្លាប់មានបទពិសោធន៍ និងផ្ដល់កិច្ចសហការនេះ បានល្អ។ ការបារម្ភតែម៉្យាងទេ គឺអាកាសធាតុ ពីព្រោះធ្លាប់ ជួបប្រទះបញ្ហា អាកាសធាតុនេះ ក្នុងពេលរៀបចំ។
ចំពោះបាល់ទះវិញ លោកអភិបាលខេត្តព្រះសីហនុ បានលើកឡើងថាៈ ទីលាន ប្រកួតកីឡា នៅលើឆ្នេរខ្សាច់ មានទីតាំងស្ថិតនៅឆ្នេរពយជំទាវម៉ៅ (ជិតដើម ឈើចាំស្នេហ៍) ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានធ្វើការកែលម្អផងដែរដើម្បីឱ្យកាន់តែមានភាពសមស្រប ជាពិសេសលើ លក្ខខណ្ឌសុវត្ថិភាពរបស់អត្តពលិកដែលចូលរួម។
ទាក់ទងនឹងកីឡាបាល់ទះលើឆ្នេរខ្សាច់ លោក បានលើកឡើងថាៈ ដោយសារតែ ឆ្នេរខ្សាច់របស់យើង វាគឺឆ្នេរបែបធម្មជាតិ ដែលកន្លងមក ក៏យើងមិនធ្លាប់បាន រៀបចំ ដើម្បីឱ្យវាក្លាយទៅជាទីលាន សម្រាប់ការប្រកួតបាល់ទះ។ ថ្មីៗនេះ ខ្ញុំបាន ទទួលការដឹកនាំ ជាបច្ចេកទេស ពីគណៈកម្មការទីលានរបស់ CAMSOC ទើបយើងបានធ្វើការចាត់ចែង ដើម្បីរៀបចំឱ្យសមស្រប តាមទីលាន សម្រាប់ការប្រកួតត្រូវតាមស្ដង់ដា។
តាមកាលវិភាគប្រកួត នៅក្នុងខេត្តព្រះសីហនុ កីឡាទូកក្ដោង នឹងចាប់ផ្ដើមប្រកួត មុនគេ ពោលគឺ នៅថ្ងៃទី០១ ដល់ថ្ងៃទី០៨ខែឧសភា បន្ទាប់មក កីឡាបាល់ទះ លើឆ្នេរខ្សាច់ ចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភា និងកីឡាម៉ូតូទឹក ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣៕/V-PC