​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​មេសា​ថា​សាកសព​ពីរ​នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាន​ដួលរលំ​នៅ​​ក្នុង​ទីក្រុង​ម៉ា​សី (Marseille) របស់​បារាំង បន្ទាប់​ពី​ការផ្ទុះ​ដ៏​ធំ​មួយ​។​

​រដ្ឋអាជ្ញា​របស់​ក្រុង​ម៉ា​សី លោកស្រី ដូ​មីនិក ឡូ​រ៉ង់ (Dominique Laurens) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា អ្នក​ពន្លត់​អគ្គិភ័យ​ជាង ១០០​នាក់​បាន​ព្យាយាម​ពន្លត់​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​កម្ពស់ ៥ ជាន់ ប៉ុន្តែ​ជាង ១៧ ម៉ោង​ក្រោយមក “​ស្ថានភាព​មិនទាន់មាន​ភាពនឹងន​នៅឡើយ​”​។​

​ការ​រក​ឃើញ​សាកសព​ទាំងពីរ​បាន​កើត​ឡើង​នៅ​ប្រហែល ២៤ ម៉ោង​បន្ទាប់ពី​ការផ្ទុះ​បាន​បណ្តាលឱ្យ​ដួលរលំ​នៃ​អគារ​នៅក្នុង​ទីក្រុង​កំពង់ផែ​មេ​ឌី​ទែ​រ៉ាណេ​នេះ​។ ​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​ចំនួន​៨​នាក់ ដែល​គេ​សន្មត់​ថា​ស្ថិតនៅក្រោម​គំនរ​បាក់បែក​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុមមន្ត្រី​គិតថា មនុស្ស​ចន្លោះ​ពី ៤ ទៅ ១០ នាក់​ប្រហែលជា​នៅជាប់​ក្រោម​គំនរ​បាក់បែក​។ ប៉ូលិស​មិន​ទាន់​អាច​បញ្ជាក់​ពី​ការ​បាត់​ខ្លួន​ជាក់ស្តែង​នៃ​មនុស្ស​ទី ៩ ដែល​រស់​នៅក្នុង​អគារ​ក្បែរ​នោះ​នៅឡើយ​ទេ​។​មនុស្ស​៥​នាក់​បាន​រងរបួស​ស្រាល​ពី​ការ​បាក់​រលំ ដែល​បាន​កើតឡើង​មុន​ម៉ោង​១​ព្រឹក​ថ្ងៃអាទិត្យ​។​

​លោកស្រី ដូ​មីនិក ឡូ​រ៉ង់ និយាយថា ការផ្ទុះ​ឧស្ម័ន​គឺ​ស្ថិត​ក្នុងចំណោម​មូលហេតុ​ជាច្រើន ដែល​គេ​កំពុង​ស្រាវជ្រាវ​៕

​អគារ​នៅ​ក្រុង​ម៉ា​សី​រលំ​ក្រោយ​ការផ្ទុះ​ដ៏​ធំ