ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជា អ្នកធ្វើធុរកិច្ចនៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះ​ពេជ្រ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថាៈ ក្នុងពិធីនេះ មាន ការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ​ប្រមាណប្រាំពាន់នាក់ មកពីក្រុមហ៊ុនដៃគូ និងសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មកពី ២៥ រាជធាននី និងខេត្ត។

វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេ ដ្ឋកិច្ចជាតិ ដោយក្នុងនោះ ​សហគ្រាស​ជាង ៩០ ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបានផ្តល់ការងារជាង ៧០ ភាគរយ ស្មើនឹងប្រមាណ ៥៨ ភាគរយ​នៃផលិតផលក្នុងស្រុកសរុប។

បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួន​សរុប​ជាង ៧០ ម៉ឺន មូលដ្ឋាន ក្នុងនោះ វិស័យកម្មន្តសាល មានប្រមាណ ៧ ភាគរយ ស្មើ​នឹង​ជាង ៤ ម៉ឺនមូលដ្ឋានហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារ ប្រមាណជា ៨០ ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ ពាន់មូលដ្ឋាន។

ដោយមើលឃើញពីសារៈសំខាន់ នៃសហគ្រាសធុនតូច និងមធ្យមនេះហើយ រាជរដ្ឋា​ភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីទ្រទ្រង់ដល់សកម្ម ភាពរបស់ពួកគេ ក្នុងកំឡុងពេលជួបវិបត្តិជំងឺកូវីដ ១៩។

ដើម្បីដោះស្រាយផលលំបាក បង្កដោយជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាពិសេស ៥០ លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បង្កើតគម្រោងសហហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ ក្នុងបដិភាគស្មើគ្នា រវាង SME Bank និងគ្រឹះស្ថានធនាគា និងហិរញ្ញវត្ថុ ដែលចូលរួមចំនួន ៣៣ និងផ្តល់ដើមទុន ២០០ លានដុល្លារ សម្រាប់បង្កើតសាជីវកម្ម ធានាឥណទានកម្ពុជា៕ V / N