ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ ខុសពីឆ្នាំមុនៗ ! មុនចូលឆ្នាំថោះ ពស២៥៦៦ គស២០២៣ នេះ ជំនន់ពលករខ្មែរ ធ្វើការនៅប្រទេសថៃ ភាគច្រើន និងម៉ាឡេស៊ី ភាគតិច បានសម្រុកវិលមកស្រុកកំណើតវិញ ក្នុងបំណងជួបជុំ ក្រុមគ្រួសារ និងត្រៀមរីករាយសង្ក្រាន្តឆ្នាំថ្មី តាមច័ន្ទគតិឆ្នាំថោះ ។
នៅច្រកព្រំដែនអន្តរជាតិខ្លះ មានច្រកព្រំដែនអន្តរជាតិខ្លងលឹក ខេត្តស្រះកែវ -ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ច្រកព្រំដែនអន្តរជាតិបានឡែម ខេត្តច័ន្ទបូរី -ដូង ខេត្តបាត់ដំបង , ច្រកព្រំដែនអន្តរជាតិបានប្រាកាត ខេត្តច័ន្ទបូរី-ផ្សារព្រំ ខេត្តប៉ៃលិន នៅថ្ងៃទី ០៩-១០ ខែមេសា ឆ្នាំ២០២៣ នេះ ពលករបានសម្រុក ចេញពីប្រទេសថៃ មកប្រទេសកម្ពុជា ជាមាតុភូមិ ដូចទឹកបាក់ទំនប់ ហៀរហូរ ។
ឯច្រកព្រំដែនតំបន់ និងច្រករបៀងផ្សេងទៀត នៃខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ កោះកុង ព្រះវិហារ ក៏មានពលករខ្មែរ រាប់សិបរាប់រយនាក់ បានវិលត្រឡប់ផងដែរ ។ ពោលគឺ មានពលករ អាចខ្ទង់ពាន់នាក់ បានសម្រុក វិលត្រឡប់មកកម្ពុជាវិញក្នុងអំឡុងពេលសង្ក្រាន្ត បង្កឱ្យមានមនុស្សហៀរហូរ នៅច្រកព្រំដែននៃខេត្តស្រះកែវ ខណៈមន្ត្រីតាមច្រកកំពុងតានតឹងរឿងធ្វើលិខិតឆ្លងដែនខ្លាចភាគីទី៣ ចូលពាក់ព័ន្ធ ។
ថ្ងៃទី១០ ខែមេសា នេះ លោកវរសេនីយ៍ឯក រុង ថងម៉ុន ស្នងការនគរបាល ខេត្តស្រះកែវ បានឱ្យដឹងថាៈ នៅចន្លោះថ្ងៃទី ៩-១៣ ខែមេសា ឆ្នាំ២០២៣ នេះ នឹងមានពលរដ្ឋខ្មែរ ធ្វើការនៅប្រទេសថៃ ធ្វើដំណើរត្រឡប់វិញ ទៅជួបជុំ ក្រុមគ្រួសារ សាច់ញាតិ និងត្រៀមបុណ្យឬសង្ក្រាន្តឆ្នាំថ្មីតាមច័ន្ទគតិ (ថៃ កម្ពុជា ឡាវ ភូមា) ។
យោងសមត្ថកិច្ចកងកម្លាំងត្រួតពិនិត្យ នៅព្រំដែនថៃ កម្ពុជា បានសង្កេត និងប៉ាន់ប្រមាណថាៈ នាថ្ងៃទី ០៩-១០ ខែមេសា ឆ្នាំ២០២៣ មានពលករ ចំណាកស្រុក ជាប្រជាពលរដ្ឋកម្ពុជា ជាង ៥ ពាន់នាក់ហើយ បានធ្វើដំណើរ មាតុភូមិនិវត្តន៍ ទៅកាន់ច្រកព្រំដែនអន្តរជាតិបាន ខ្លងលឹក ក្នុងមួយថ្ងៃៗ ដើម្បីបំពេញបែបបទ ធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ។
លោកបាននិយាយបន្តថាៈ មានមន្ត្រីអន្តោប្រវេសន៍ខេត្តស្រះកែវ និងមន្ត្រីភ្នាក់ងារ ពាក់ព័ន្ធ បានមមាញឹកធ្វើការបន្ថែម និងសម្របសម្រួល ដោយពិនិត្យលិខិតឆ្លង ដែនចំនួនពីរ របស់ពលករខ្មែរ យ៉ាងតឹងរ៉ឹង ។ ព្រោះដោយសារខ្លាចជនទី៣ ឬជនពាលផ្សេងៗមកកេងចំណេញលើពលរដ្ឋ ។
បើតាមការព្យាកររបស់មន្ត្រីអន្តោប្រវេសន៍ខេត្តស្រះកែវបានឲ្យដឹងថា នឹងមានពលករខ្មែរជាង ៥ម៉ឺននាក់បានចុះបញ្ជីនៅការិយាល័យការងារខេត្តស្រះកែវ នឹងត្រឡប់មកស្រុកវិញក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្តនាឆ្នាំនេះ ជាឆ្នាំដែលមានពលករខ្មែរច្រើនបំផុត បានសម្រុកវិលត្រឡប់ ទៅស្រុកកំណើត បើប្រៀបធៀបនឹង ៤-៥ ឆ្នាំចុងក្រោយនេះ ហើយក៏នឹងមានកម្លាំងពលកម្ម ឬ ពលករខ្មែរ រាប់ម៉ឺននាក់ទៀត ដែលបានចុះឈ្មោះពលករជាមួយខេត្តផ្សេងទៀតក្នុងប្រទេសថៃ ក៏បាននឹងកំពុងស្ថិតលើដងផ្លូវ ក្នុងប្រទេសថៃ ក្នុងគោលដៅ វិលត្រឡប់ ទៅប្រទេសកម្ពុជាវិញផងដែរ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹង នៅថ្ងៃទី១០ ខែមេសាថា: ចាប់ពីដើមខែមេសា ឆ្នាំ២០២៣ នេះមក មានពលករខ្មែរ រាប់ពាន់ នាក់ហើយ បានចាប់ផ្តើមនាំគ្នាសម្រុកចេញ ពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញ តាមច្រកទ្វារអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដើម្បីមកជួបជុំក្រុមគ្រួសារ និងត្រៀម លេងចូលឆ្នាំថ្មី នៅស្រុកកំណើត នៅក្រោយពីវិបត្តិសាកល នៃការរីករាលដាល ជំងឺកូវីដ១៩ កន្លងមក និងបញ្ហាចំណូលមិនសមល្មម ពីបណ្តាឆ្នាំមុនៗ ។
ចំណែកបងប្អូនពលករវិញ បានឱ្យដឹងថាៈ ការដែលឆ្នាំនេះ មានពលករសម្រុក មកស្រុកស្រុកកំណើតច្រើន ព្រោះផ្អើលតៗគ្នាថា បើគេទៅហើយ យើងមិនទៅ វាដូចជាមិនសម ហើយបើបាត់មុខនៅស្រុក វានឹងខ្មាស់គេ និងត្រូវសាច់ញាតិ ទន្ទឹងរង់ចាំ ឬក៏ស្តីបន្ទោស ។ល។
នៅច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត នគរបាលអន្តោប្រវេសន៍ បានបង្កើន ថាមពលទ្វេដង ដើម្បីបំពេញបែបបទ លើលិខិតឆ្លងដែន ឬប៉ាស្ទ័រ (Passport) និងបណ្ណព្រំដែន (Boeder Pass) ។ ពលករទាំងអស់ នេះ កំពុងអង្គុយចាំវៃប៉ាស្ទ័រ និងបណ្ណព្រំដែន ដើម្បីវិលចូលមកស្រុកកំណើត វិញ។
មន្ត្រីសមត្ថកិច្ច និងអាជ្ញាធរ បានឱ្យដឹងថាៈ ចាប់ពីថ្ងៃទី១ ខែមេសា មកម្ល៉េះ ការធ្វើដំណើរឆ្លងកាត់ព្រំដែន ត្រូវពន្យារ គឺចាប់ពីព្រឹកម៉ោង ៧ រហូតដល់ម៉ោង ១០ យប់ ទៅដល់១២យប់ ពោលគឺ បន្ថែម ២ ម៉ោង នៃការបើកច្រកទ្វារព្រំដែនអន្តរជាតិ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹង នៅថ្ងៃទី១០ ខែមេសា ថាៈ ពលរដ្ឋខ្មែរដែលមកពីប្រទេសថៃទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចខេត្ត ក្រុង និងមន្ត្រីអន្តោប្រវេសន៍ បានប្រមូលពួកគាត់ ឲ្យនៅក្នុងមណ្ឌលសំចតមួយរយៈ ដើម្បីរង់ចាំត្រួតពិនិត្យលើបញ្ហាសុខភាពពីសំណាក់លោកគ្រូពេទ្យសិន ពោលគឺ មិនចង់ឱ្យឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះឡើយព្រោះខ្លាចពួកគាត់ផ្ទុកនូវមេរោគ កូវីដ ១៩ យកទៅចម្លងដល់ក្រុមគ្រួសារដែលនៅឯស្រុកកំណើតរបស់ខ្លួន គឺបងប្អូនពលករ ត្រូវរង់ចាំមួយរយៈខ្លី ដើម្បីរង់ចាំឲ្យគ្រូពេទ្យពិនិត្យសុខភាពជាមុនសិន៕ V / N