ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​សុខាភិបាល​និង​សេវា​មនុស្សជាតិ (HHS) និង​មន្ត្រី​ម្នាក់​របស់​រដ្ឋបាល​លោកបៃ​ដិនបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទទី​១០​មេសា​ថា រដ្ឋាភិបាល​អាម៉េរិក​នឹង​ចំណាយ​ប្រាក់​ជាង ៥ ពាន់​លាន​ដុល្លារ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​វ៉ាក់សាំង​និង​ការព្យាបាល​កូ​វីដ​១៩ ថ្មី​។​

​ការវិនិយោគ ដែល​មានឈ្មោះ​ថា “Project NextGen” និង​ត្រូវបាន​ប្រកាស​ជា​លើកដំបូង​ដោយ​មន្ត្រី​សេត​វិមាន​និង​មន្ត្រី HHS នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Washington Post មានបំណង​ផ្តល់​ការការពារ​កាន់តែ​ប្រសើរ​ឡើង​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​នានា រួម​ទាំង​មេរោគ​កូរ៉ូ​ណា​ដែល​បង្ក​ឱ្យ​មានកូ​វីដ​១៩ ដែល​អាច​ក្លាយ​ជា​ការគំរាមកំហែង​នាពេល​អនាគត​។​

​អ្នកនាំពាក្យ HHS បាន​និយាយថា “​ខណៈ​វ៉ាក់សាំង​របស់​យើង​នៅតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​ជំងឺ​ធ្ងន់ធ្ងរ​និង​ការស្លាប់​ពួក​វា​យូរៗ​ទៅ​នឹង​មិន​សូវ​មាន​ស​ម​ត្ថភាព​កាត់បន្ថយ​ការឆ្លង​​និង​ការ​រាលដាល​នោះទេ​”​។​

“​មេរោគ​បំប្លែង​ថ្មី​និង​ការបាត់បង់​ភាពស៊ាំ​ទៅតាម​ពេលវេលា​អាច​បង្ក​ការ​ប្រឈម​មកលើ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​យើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​”​។​

​រដ្ឋបាល​របស់​ប្រធានាធិបតី​ចូ បៃ​ដិ​ននឹង​ចំណាយ​ប្រាក់​យ៉ាងតិច ៥ ពាន់​លាន​ដុល្លារ​ក្នុង​ការសហការ​ជាមួយ​វិស័យ​ឯកជន ជា​វិធីសាស្ត្រ​ស្រដៀង​គ្នា​ទៅ​នឹង​គម្រោង “Operation Warp Speed” ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ពន្លឿន​ការអភិវឌ្ឍ​និង​ការ​ចែកចាយ​វ៉ាក់សាំង​ក្នុង​ឆ្នាំ ២០២០​។​

​មន្ត្រី​រដ្ឋបាល​បាន​និយាយថា “​គម្រោង NextGen នឹង​ពន្លឿ​ន​និង​សម្រួល​ដល់​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​វ៉ាក់សាំង និង​ការព្យាបាល​ជំនាន់​ក្រោយ តាមរយៈ​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន​”៕

​រដ្ឋាភិបាល​អាម៉េរិក​នឹង​ចំណាយ​ប្រាក់​ជាង ៥ ពាន់​លាន​ដុល្លារ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​វ៉ាក់សាំង​និង​ការព្យាបាល​កូ​វីដ​១៩ ថ្មី