​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​, បំណង​(​ដេល្លី​ម៉េល​) ៖​កម្រិត​នៃ​ការបំពុល​ខ្ពស់​នៅក្នុង​ទីក្រុង​ឈៀង​ម៉ៃ​ភាគ​ខាងជើង​របស់​ប្រទេស​ថៃ​និង​ខេត្ត​ជុំវិញ​កំពុង​ធ្វើ​ឱ្យ​អ្នកទេសចរ​រត់ចេញ​ឆ្ងាយ​និង​ជា​ការព្រមាន​​មួយ​ដល់​អ្នក​ក្នុងស្រុក ខណៈ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ចន្ទ ទី​១០ មេសា បាន​ជំរុញ​ឱ្យ​ប្រជាជន​ចៀសវាង​សកម្មភាព​នៅ​ខាងក្រៅ​។​

​ប្រឈមខ្យល់អាកាសកាន់តែគ្រោះថ្នាក់ដល់សុខភាពដូច្នេះ មនុស្ស​ប្រមាណ​១.៧០០​នាក់​នៅ​ឈៀង​ម៉ៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់​បណ្តឹង​រួមគ្នា​មួយ​ទៅកាន់​តុលាការ​រដ្ឋបាល ដោយ​ប្តឹង​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់ អូ​ចា និង​ទី​ភ្នាក់ងាររដ្ឋ​ចំនួន​ពីរ​ចំពោះ​បរាជ័យ​ក្នុង​​ការទប់ស្កាត់​ផ្សែង​អ័ព្ទ​គ្រប់​លើ​តំបន់​។​ពួក​គេ​អះអាង​ថា ផ្សែង​បំពុលបរិយាកាស​នេះ​កាត់បន្ថយ​អាយុកាល​រស់នៅ​របស់​គេ​អស់​ប្រាំ​ឆ្នាំ​។​

​អស់​ជាច្រើន​សប្តាហ៍​កាលពី​ខែ​មុន ទីក្រុង​នេះ​បាន​ឈរ​នៅ​លំដាប់​កំពូល​នៃ​បញ្ជី​គុណភាព​ខ្យល់​អាក្រក់​ជា​សកល​របស់​វេបសាយ IQAir​ដោយ​នាំមុខ​ទាំង​ទីក្រុង​ឡាហ័​រ (Lahore)​នៅ​ប៉ា​គី​ស្ថាន​និង​ទី​​ក្រុង​ញូវដេល្លី​របស់​ឥណ្ឌា​។​

​ដើមបណ្តឹង​ម្នាក់​ដែល​ជា​នាយក​មជ្ឈមណ្ឌល​ការពារ​ការរស់រាន​និង​សិទ្ធិ​សហគមន៍ បាន​និយាយថា នាយករដ្ឋមន្ត្រី​ថៃ​ខកខាន​ក្នុង​ការអនុវត្ត​សិទ្ធិអំណាច​ពេញលេញ​របស់​លោក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មហាវិទ្យាល័យ​ពេទ្យ​នៃ​សកល​វិទ្យាល័យ​ឈៀង​ម៉ៃ បាន​និយាយថា​សុខភាព​របស់​ប្រជាជន​តាម​ទីក្រុង​ទីប្រជុំជន​កំពុង​រងគ្រោះ​ពី​កំរិត​ធូលី​MP2.5​ក្នុង​ខ្យល់​ខ្ពស់​ហួសហេតុ​។​កំរិត​បំពុល​​ខ្ពស់​ក្នុង​ខ្យល់​នាំ​អោយ​មនុស្ស​កើត​មហារីក​សួត ជំងឺ​បេះដូង ស្ត្រូ​ក​និង​កាត់បន្ថយ​អាយុកា​លអាច​រស់​បាន​បួន​ទៅ​ប្រាំ​ឆ្នាំ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​សមាគម​សណ្ឋាគារ​ថៃ​នៅ​ភូមិភាគ​ខាងជើង លោក ភូ​នុត ថា​ណា​ឡាវ​ផានិ​ច (Phunut Thanalaopanich) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃ​ចន្ទថា ឈៀង​ម៉ៃ​ដែល​ល្បី​ខាង​ទេសភាព​ភ្នំ​ដ៏​ស្រស់ស្អាត ប្រាសាទ និង​ហាង​កាហ្វេ​ឡូយៗ បាន​ស្វាគមន៍​ភ្ញៀវទេសចរ ១០,៨ លាន​នាក់​ក្នុង​ឆ្នាំ ២០១៩ មុន​ពេល​ជំងឺ​រាតត្បាត​ប៉ុន្តែ​ការ​កក់​សណ្ឋាគារ​នៅក្នុង​ទីក្រុង​បាន​​ធ្លាក់ចុះ​មក​ត្រឹម ៤៥ ភាគរយ​។​

​នោះ​គឺ​តិច​ជាង​ការរំពឹងទុក​ពី ៨០ ទៅ ៩០ ភាគរយ​នៅមុន​ថ្ងៃ​ឈប់សម្រាក​ចូល​ឆ្នាំ​ថ្មី​នៅ​សប្តាហ៍​នេះ ដែល​គេ​ស្គាល់​ថា​សង្ក្រាន​។​

​លោក ស៊ូ​ណាត អ៊ី​ន​សៅ (Sunat Insao) អាយុ ៥៣ ឆ្នាំ ដែល​លក់​ទឹកក្រូច​ស្រស់ បាន​និយាយថា “​វា​បាន​ប៉ះពាល់​ដល់​មុខរបរ​របស់​ខ្ញុំ​…​មនុស្ស​មិន​មក​ទេ (​ពួកគេ​) មិន​អាច​មើលឃើញ​ទេសភាព​”​។​

​ជាមួយនឹង​គុណភាព​ខ្យល់​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ភាគ​ខាងជើង ក្រសួង​សុខាភិបាល​របស់​ថៃ​កាលពី​ថ្ងៃច​ន្ទបាន​ជំរុញ​ឱ្យ​សាធារ​ណ​ជន​ចៀសវាង​សកម្មភាព​នៅ​ខាងក្រៅ និង​ពាក់​ម៉ាស់​ដែល​អាច​ចម្រោះ​ភាគល្អិត​តូចៗ​។​

​ទីក្រុង​ឈៀង​ម៉ៃ ដែល​ជា​ទីក្រុង​ធំ​ទី ៣ របស់​ថៃ ទទួលបាន​ពិន្ទុ ២៨៩ លើស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​របស់ IQAir (AQI) នៅក្នុង​ខែ​មីនា​ដែល​វាស់​កម្រិត​នៃ​ភាគល្អិត​ដែល​អាច​ដកដង្ហើម​បាន​​នៅក្នុង​ខ្យល់​។​

​កាលពី​ថ្ងៃ​ចន្ទ វា​បាន​ធ្លាក់​ចុះ​ត្រឹម ១៧១ ប៉ុន្តែ​នៅតែ​ខ្ពស់​ជាង​កម្រិត​ដែល​បាន​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ដល់​ទៅ ១៩ ដង​៕

ទេសភាព​ទីក្រុង​ឈៀង​ម៉ៃ​ត្រូវបាន​បាំង​ជិត​ដោយ​ផ្សែង​ពុល