ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការ បរទេស និង សហប្រតិ បត្តិ ការអន្តរជាតិ បានបញ្ជាក់អំពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ ដែលបានកើត ឡើង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តឈុនបូរី ប្រទេសថៃ បានបណ្តាលឱ្យពលរដ្ឋខ្មែរចំនួន៣នាក់ (ម្នាក់ជាស្ត្រីមានផ្ទៃពោះ៩ខែ) បាត់បង់ជីវិត និងចំនួន ១១នាក់ផ្សេងទៀតរងរបួស (ក្នុងនោះ មាន ៨រូប រងរបួសធ្ងន់ធ្ងរ)។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមេសា នេះថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ស្ថាន ទូតកម្ពុជា ប្រចាំប្រទេសថៃ បានទាក់ទងនិងធ្វើការជាមួយអាជ្ញាធរ មានសមត្ថកិច្ច មន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ នៅក្នុងប្រទេសថៃ ។ យោងតាមរបាយការណ៍របស់ស្ថានទូត គ្រោះថ្នាក់ខាងលើបាន បណ្តាលឱ្យពលរដ្ឋខ្មែរចំនួន៣រូប (ម្នាក់ជាស្ត្រីមានផ្ទៃពោះ៩ខែ) បាត់បង់ជីវិត និង ចំនួន១១រូបផ្សេងទៀត រងរបួស (ក្នុងនោះ មាន៨រូប រងរបួសធ្ងន់ធ្ងរ)។
ប្រភពដដែលបន្តថា បន្ថែមលើលិខិតចូលរួមរំលែកទុក្ខជាមួយនឹង គ្រួសារនៃសព ស្ថានទូតកម្ពុជាបានជួយសម្របសម្រួលជាមួយ អាជ្ញាធរថៃលើឯកសារពាក់ព័ន្ធ ដើម្បីសុំនាំយកសពទៅធ្វើបុណ្យ តាមប្រពៃណី។ ស្ថានទូតកម្ពុជា ក៏បានចុះផ្ទាល់ដល់ទីតាំងតម្កល់សព ដែលស្ថិតនៅក្នុងវត្តសោធរនិមិត្ត (ខេត្តសាក់មុតប្រាកាន) ហើយបាន និងកំពុងចុះសាកសួរសុខទុក្ខជនរងគ្រោះ ដែលកំពុងទទួលការ ព្យាបាល នៅក្នុងប្រទេសថៃ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ដល់គ្រួសារសព និងជនរងគ្រោះ ផងដែរ។
អ្នកនាំពាក្យបន្តថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននិង កំពុងសហការជាមួយអាជ្ញាធរថៃ គ្រួសារជនរងគ្រោះ និងអ្នក ពាក់ព័ន្ធ ដើម្បីដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ និងទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង ជូនជនរងគ្រោះ៕សរន / N