ដោយៈបូកគោ/កំពត៖​ អ្នកពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវចូលរួមការពារនិងអភិរក្សសត្វក្រៀលដែលមាន នៅកម្ពុជាតាំងពីយូរលង់មកដើម្បីបញ្ចៀសពីការផុតពូជដូចពពួកសត្វសំខាន់ៗបីប្រភេទនាពេលកន្លងមក។នេះជាការ បញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវប៉មទស្សនាសត្វក្រៀលក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតកាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រៀលត្រូវបានចុះក្នុង បញ្ជីក្រហមពិភពលោកជាសត្វងាយប្រឈមនឹងការផុតពូជ។ពពួកសត្វកម្រនេះមានវត្តមានក្នុងប្រទេសកម្ពុជាយូរលង់ណាស់មកហើយ ព្រោះជាតឹកតាងគឺរូបសត្វក្រៀលមានឆ្លាក់នៅលើជញ្ជាំងនៃប្រាសាទអង្គរ និងប្រាសាទបាយ័ន។

លោករដ្ឋលេខាធិការបានបន្តថា ស្រុកខ្មែរមានសត្វសំខាន់បីប្រភេទដែលបានផុតពូជគួរឱ្យសោកស្តាយ គឺសត្វរមាស គោព្រៃនិងចុងក្រោយខ្លាធំដែលចាប់តាំងពីឆ្នាំ២០០៧មកមិនបានឃើញទៀតឡើយ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វក្រៀលតាមរយៈការបង្កើតជម្រកនិងចំណីដើម្បីបញ្ចៀសពីការផុតពូជដូចពពួកសត្វទាំង៣ប្រភេទនោះ។

លោកនេត្រភក្ត្រាបានបញ្ជាក់ថានៅពេលបាត់បង់ទៅទោះបីមានលុយប៉ុន្មានក៏មិនអាចជប់សត្វទាំងនោះឱ្យកើតឡើងវិញបានដែរ។ មានកត្តាមួយចំនួនដែលជំរុញឱ្យសត្វក្រៀលថមថយចំនួន ដូចជា ការដាក់ថ្នាំបំពុល ដាក់អន្ទាក់ បរបាញ់ ពិសេសបាត់ការធ្វើឱ្យបង់ជម្រក និងកន្លែងរកចំណីជាដើម។

លោក នៃ គង់ អភិបាលរងខេត្តកំពតបានបញ្ជាក់ថាកំពតត្រូវបានចាត់ទុកជាខេត្តទេសចរណ៍ធម្មជាតិដែលមានសក្តានុពលលើគ្រប់វិស័យដោយមានភ្នំ ស្ទឹង សមុទ្រ ព្រែក ទឹកធ្លាក់ធម្មជាតិ និងដំណាំផ្លែឈើហូបផ្លែគ្រប់រដូវ។ បន្ថែមលើនេះ ខេត្តកំពតក៏មានតំបន់ទេសចរណ៍ពិសេសគឺកន្លែងទស្សនាសត្វក្រៀលដ៏ទាក់ទាញផងដែរ។

ក្នុងព្រឹត្តិការណ៍នេះដែរលោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានរាយការណ៍ថាតំបន់ការពារទេសភាព អន្លង់ព្រីងដែលមានមានទីតាំងស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចផ្ទៃដីទំហំ២១៧ហិកតាជាកន្លែងស្នាក់ និងរកចំណីរបស់សត្វក្រៀលក៏ដូចជាពពួកសត្វស្លាបប្រមាណ៩៣ប្រភេទ។រៀងរាល់ឆ្នាំសត្វក្រៀលបានមកស្នាក់នៅក្នុងតំបន់នេះចាប់ពីខែធ្នូដល់ខែឧសភា រួចក៏បន្តទៅខេត្តផ្សេងដើម្បីពងកូន។

លោកប្រធានបានបន្តថា ឆ្នាំនេះវត្តមានសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីងមាន១០៣ក្បាល ខណៈដែលឆ្នាំ២០២២ មានចំនួន៩៧ក្បាល៕សរន / N