ដោយៈបូកគោ/កែប៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខរដ្ឋបាលខេត្តបានរៀបចំរួចរាល់ទាំងការតុបតែងលម្អសោភ័ណភាពក៏ដូចជាការត្រៀមសម្រាប់កម្មវិធីកម្សាន្តសង្ក្រាន្តឆ្នាំថ្មីរយៈពេលបីថ្ងៃនាបិរវេណឆ្នេរកម្សាន្តរូបសំណាកស្រី-ស។ទន្ទឹមនេះរដ្ឋបាលខេត្តកែបបានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការប្រុងប្រយ័ត្នដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

ជាមួយសមិទ្ធផលថ្មីៗដែលទើបនឹងកើតឡើង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបមានប្រសាសន៍ថាកម្ពុជាក្រោមកិច្ច ដឹកនាំរបស់សម្តេចតេជោគឺសម្រេចបានសមិទ្ធផលជាច្រើនក្នុក្របខ័ណ្ឌទូទាំងប្រទេស។ដោយឡែកកែបដែលជាខេត្តគោលដៅទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់នៃកម្ពុជាក៏បានកើតឡើងនូវសមិទ្ធជាច្រើន។ពិសេសសមិទ្ធផលថ្មីចុងក្រោយគឺគម្រោងកែលម្អតំបន់ឆ្នេរកម្សាន្តកែបឱ្យកាន់តែមានភាពទាក់ទាញ។

លោកអភិបាលខេត្តបានបញ្ជាក់ថា និយាយរួម ការត្រៀមលក្ខណៈគ្រប់យ៉ាង ទាំងសន្តិសុខសណ្តាប់ធ្នាប់ការតុបតែង លម្អខេត្តក្រុងនិងការត្រៀមរៀបចំកម្មវិធីកម្សាន្តសប្បាយសម្រាប់សង្ក្រាន្តឆ្នាំថ្មីបានត្រៀមលក្ខណៈរួចរាល់ដោយពិធីនោះនឹងប្រារព្ធឡើងនៅតំបន់ឆ្នេរខ្សាច់កម្សាន្តរូបសំណាកស្រី-សតែម្តង។

ជាមួយនេះ លោក សោម ពិសិដ្ឋ បានអំពាវនាវថាដើម្បីធានាបាននូវភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការប្រុងប្រយ័ត្នខ្ពស់ ដូចជា បញ្ហាអគ្គិភ័យ គ្រោះថ្នាក់ចរាចរ ។ពិសេសក្មួយៗជាយុវជនសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

លោកបន្តថា តាមរយៈកិច្ចខិតខំរបស់រដ្ឋបាលក្រុង ក៏ដូចជារដ្ឋបាលខេត្តក្នុងការចុះណែនាំអប់រំនិងផ្សព្វផ្សាយអំពី គោលការណ៍ផ្សេងៗដល់អាជីវករសង្ឃឹមលោកថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុននឹងមានភ្ញៀវមកលេងច្រើន ហើយពេញចិត្តចំពោះការរៀបចំរបស់ខេត្តដោយពុំមានពាក្យរិះគន់បន្ទាប់ពីវិលត្រឡប់ទៅលំនៅឋានវិញ៕សរន / N