ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖កីឡាករប្រដាល់ គុនខ្មែរជនជាតិប្រេស៊ីលលោក Thiago Teixeira ត្រូវបានមហាក្សត្រប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់គុនខ្មែរ ដល់លោក។នេះបើយោងតាមព្រះរាជក្រឹត្យនៅថ្ងៃទី ១១ខែមេសា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ខែមេសាឆ្នាំ២០២៣សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បង្ហោះ​សារ​ឱ្យ​ដឹងតាម​បណ្តាញ​សង្គម តេ​លេ​ក្រាម នៅមុននេះ​បន្តិច​ថាៈ ” ដើម្បី​ជាការ​លើកទឹកចិត្តខ្ញុំ​សូម​ចូលរួម​ជួយ ឧបត្ថម្ភ ដល់​កីឡាករ​ប្រដាល់ Thiago Teixeira សញ្ជាតិ​ប្រេ​ស៊ី​ល នូវ​ថវិកា ចំនួន ២០.០០០ ដុល្លារ​។ មួយវិញទៀត ប្រសិនបើ​មិន​ខុស​ទាស់ ផ្នែក​ផ្លូវច្បាប់​ណាមួយរបស់​ប្រេ​ស៊ី​ល ខ្ញុំ​នឹង​ស្នើ​ទៅ​ព្រះ មហាក្សត្រ ដើម្បី​ផ្តល់ សញ្ជាតិ​ខ្មែរ ជូន​កីឡាករ Thiago ។​

គួរ​រំលឹក​ជូន​ថា កីឡាករ​មាន​ដើមកំណើត​នៅ​ប្រទេស​ប្រេ​ស៊ី​ល Thiago Teixeira បានធ្វើឱ្យ​គ្រប់គ្នា មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ខ្លាំង បន្ទាប់ពី​រូបគេ បាន​ផ្តួល​កីឡាករ​របស់​អង់គ្លេស Joe Craven ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ កម្រិត​ពិភពលោក WMO (World Muaythai Organization) សម្រាប់​ការប្រកួត​តំណាងឱ្យ​កម្ពុជាជា​លើកដំបូង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៣​។

​នៅពេល​ការប្រកួត​បញ្ចប់​ភ្លាម Thiago បាន​យក​ទង់ជាតិ​របស់​កម្ពុ​ជាមក​បង្ហាញ និង​ចង​ជាប់​នៅក្រោយ​ខ្លួន​របស់គេ​។ សកម្មភាព​បែបនេះ ក៏​ព្រោះតែ Thiago កំពុង​ជាប់ចិត្ត​ខ្លាំង​ជាមួយ​ប្រដាល់​គុន​ខ្មែរ បន្ទាប់ពី​អ្នក​ប្រដាល់​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ បាន​ទៅ​សិក្សា និង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ពី​ចម្លាក់​គុន​ខ្មែរ នៅ​ប្រាង្គ​ប្រាសាទ​អង្គរកាលពីពេល​ថ្មីៗ​នេះ ដោយ​បញ្ជាក់ថា «​គុន​ខ្មែរ​» ជា​ក្បាច់គុន​មាន​ដើមកំណើត​នៅ​កម្ពុជា​។

​ជាមួយ​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ពី​មរតក​ក្បាច់គុន​របស់​ដូនតា​ខ្មែរ​នេះ បានធ្វើឱ្យ Thiago យល់​កាន់តែច្បាស់ និង​សម្រេច​ងាកចិត្ត ចេញពី​ប្រដាល់ Muay Thai ដែល​រូបគេបាន​ហ្វឹកហាត់ តាំងពី​អាយុ​១៦​ឆ្នាំ ហើយ​នេះ​ជា​មូលហេតុ​ចម្បង​ដែល​ចងចិត្ត​អ្នក​ប្រយុទ្ធ របស់​ប្រេ​ស៊ី​ល​រូបនេះ ឱ្យ​យល់ព្រម​ប្រកួត​តំណាងឱ្យ​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ «​គុន​ខ្មែរ​» ទៅកាន់​ពិភពលោក​។

​នៅពេល​ពិធីករ បាន​សួរ​ពី​ចំណាប់អារម្មណ៍ ចំពោះ​ការប្រកួត​តំណាងឱ្យ​កម្ពុជា លើក​ទី​១​នេះ Thiago Teixeira បាន​ឆ្លើយតប​ថា​៖ «​ជាដំបូង ខ្ញុំ​ចង់​ថ្លែងអំណរគុណ​ដល់​ព្រះ​យេស៊ូ​វ​គ្រី​ស្ត ហើយ​ទី​២ ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​, ស្រី ចាន់ថន​, ម្តាយ​របស់ខ្ញុំ និង​ប្រជាជន​កម្ពុជា ចំនួន ១៦ លាន​នាក់ ដែល​បាន​ចូលរួម​ជាមួយ​ខ្ញុំ ក្នុងការ​ប្រកួត នេះ​។ ជើងឯក​ពិភពលោក WMO គុន​ខ្មែរ ជា​ក្បាច់គុន​មាន​ដើមកំណើត​ពី​កម្ពុជា​» ។

​បន្ថែម​លើ​នេះ Thiago Teixeira បាន​បង្ហោះ​វីដេអូ​ខ្លី មួយទៀត បន្ទាប់ពី​ការប្រកួត​បានបញ្ចប់​ដោយ​រូបគេ បាន​និយាយ​ជា​ភាសា​ខ្មែរ​ថា​៖ «​គុន​ខ្មែរ​! គុន​ខ្មែរ​! គុន​ខ្មែរ ជា​ក្បាច់គុន​មាន​ដើមកំណើត​ពី​កម្ពុជា​»៕​សរន