​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ដើម្បីអោយ​ពិធីបុណ្យ​កាត់​ឬ​សសី​មា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី រយៈពេល​៣​យប់​៤​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៤ មេសា ឆ្នាំ​២០២៣​ខាងមុខនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន ទាំង​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ រោង​ពិធី ក្រុម​សិល្បៈ រួមទាំង​ម្ហូបអាហារ ឬ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ផង​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អនុគណៈកម្មការ​ផ្សេងៗ ព្រមទាំង​កងកម្លាំង​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាថ្មី​ម្តងទៀត ។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១១ ​មេសា​នេះ ក្រោម​វត្តមាន​លោក​សេង ទៀង រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង ជា​នាយករង​ខុទ្ទកាល័យ សម្ដេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​ឃួ​ង ស្រេងអភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ពិធីបុណ្យ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កាត់​ឬ​សសី​មា​
​។​
កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​យ៉ាង​លំអិត​ទៅលើ​ការងារ​សំខាន់ៗ​មួយចំនួន មាន​ទាំង ការរៀបចំ​រោង​ទិស​ទាំង​៩ ការ​សម្រេចយក​ចុងភៅ​រួម ការរៀបចំ​កន្លែង​ផ្ញើរ​យានយន្ត​ដោយ​មិន​យកប្រាក់ ក្រុម​សិល្បៈ​ក្នុង​ពិធី​ត្រូវ​បានសម្រេច​រៀបចំឡើង​ដោយ​ខាង​ទូរទស្សន​បាយ័ន​ដែលមាន​ទាំង​ល្ខោនបាសាក់ ,​ចាប៉ីដងវែង ,​អា​យ៉ៃ​ឆ្លើយឆ្លង​និង​ការប្រគុំ​តន្ត្រី​ជាដើម​។​ចំណែក​ខាង​ទូរទស្សន៍​ជាតិ​នឹងត្រូវ​ឡាយ​ផ្ទាល់​ក្នុង​ពិធី​នេះ​ផងដែរ​។ បន្ថែម​ពីនេះ កិច្ចប្រជុំ​ក៏បាន​សម្រេច​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង​លំអិត​ពី​ពិធីបុណ្យ​នេះ​ផងដែរ ដើម្បីអោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​យកទៅ​ផ្សព្វផ្សាយ​អោយ​សាធារណៈជន​បានដឹង​និង​បានមក​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​អោយបាន​អ​ធឹ​ក​អធម​។​

​វត្ត​ព្រះ​បារមី​វង្កត​បុរី ជាទី​អារាម​មួយ​ដែល​បាន​តំកល់​ធាតុ​មាតា បិតា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ។ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ទាំង​ទ្វេ វត្ត​ព្រះ​បារមី​វង្កត​បុរី នឹង​ត្រូវធ្វើ​ពិធីបុណ្យ​កាត់​ឬ​សសី​មា​ព្រះវិហារ​ដ៏​ធំ​មួយ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៤ មេសា​ឆ្នាំ​២០២៣ ។ សម្រាប់​ថ្ងៃ​២៤​មេសា​សម្ដេច តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​
​ប៊ុន រ៉ានី​ហ៊ុន សែន និង​អញ្ជើញ​កាត់​ឬ​សីមា​៕/R​