ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ស្ថាបនិក​ក្បាច់គុន​ក្បុ​ក្ក​តោ​គឺ​លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹមស៊ាន បាន​ឲ្យ​ដឹងថា​ល្បុក្កតោ​ត្រូវបាន​បែងចែក​ជា​២​ដែល​មួយ​គេ​ហៅថា «​ក្បាច់គុន​មនុស្សលោក​» និង​មួយទៀត​គេ​ហៅថា «​ក្បាច់គុន​អាទិទេព​» ហើយ​នៅលើ​ពិភពលោក​អត់​មាន​ដូច​ខ្មែរ​ទេ​។​

«​ក្បាច់គុន​អាទិទេព​» សម្តៅ​ដល់ សាក់​យ័ន្ត បាលី គាថា កាប់​មិន​មុត​ដុត​មិន​ឆេះ ស្បែក​គង់ មហា​ទម្ងន់ មហា​សម្រាល មហា​រំអិល ជាដើម​។ ចំណែកឯ «​ក្បាច់គុន​មនុស្សលោក​» សំដៅ​ដល់​យុទ្ធ​គុន ដែលមាន​គុនដំបង គុន​ដាវ គុន​លំពែង ក៏ដូចជា​សិល្បៈ​ប្រដាល់​ជាដើម​។​

​លោក​ព្រឹទ្ធាចារ្យ បាន​បញ្ជាក់ថា ក្បាច់គុន​ជាច្រើន លើ​ពិភពលោក​គេ​មាន​តែមួយ​ទេ ដូចជា​ការ៉ាត់តេ តេ​ខ្វាន់​ដូ យូ​ដូ កុង​ហ្វូ និង​ក្បាច់គុន​នានា​។ ប៉ុន្តែ​ខ្មែរ​យើង​មាន​ក្បាច់គុន​អាទិទេព​​មួយទៀត នៅក្នុង​ក្បាច់គុន​ល្បុក្កតោ ដែល​ចាស់ៗ​និយាយថា កាប់​មិន​មុត​ដុត​មិន​ឆេះ ប្រឡាក់​ផេះ​មិន​ស្អុយ​។ យើង​ឃើញ​សាក់​យ័ន្ត ឬ​បាលី សុទ្ធតែ​សម្តៅលើ​ក្បាច់គុន​អាទិទេព ព្រោះ​នៅក្នុង​ទាំងអស់​ហ្នឹង សុទ្ធតែ​បាលី និង​គាថា​របស់​អាទិទេព​។​

​លោក​បាន​ចាត់ទុកថា នេះ​ជា​ជំនឿ​ពិត​របស់​ដូនតា​។ ខ្ញុំ​មិនដឹងថា ខ្ញុំ​ពូកែ ឬ​មិន​ពូកែ​ទេ តែ​លោក​អភិរក្ស​របស់​ទាំងអស់​នេះ​។ លោក​ចេះ​មិន​អស់​ទេ គឺ​ចេះ​ប្រមាណ ២០​ទៅ ៣០​ភាគរយ នៃ​ក្បាច់គុន​ល្បុក្កតោ​តែប៉ុណ្ណោះ​។ ក៏មាន​អ្នក​ដទៃទៀត​គេ​ចេះ​ជាច្រើន​ដែរ​។ ដូនតា​យើង ចេះ​ក្បាច់​បំបាំង​ខ្លួន បែងភាគ សុទ្ធតែជា​រឿង​ពិត ដែល​ខ្ញុំ​ធ្លាប់​ឃើញ ធ្លាប់​ដឹង​។ និយាយ​ទៅ គេ​មិន​ជឿ​ទេ ព្រោះ​គេ​មិនដែល​ឃើញ​។
​លោក​បញ្ជាក់ថា «​គ្រូ​ខ្ញុំគេ​វាយ​គាត់ គេ​មាន​គ្នា ៤០​នាក់ កាប់​គាត់​តែ​មិន​មុត គ្រាន់តែ​ពក​គ្រប់កន្លែង ព្រលឹម​ឡើង​បាត់អស់​រលីង​។ ខ្ញុំ​មិនដែល​ឃើញ​គេ​ដុត​គាត់​ទេ តែ​គេ​កាប់​គាត់ ខ្ញុំ​ឃើញ​។ ខ្ញុំ​អត់​មានអី​ថត​ទុក តែ​ខ្ញុំ​ថត​ទុក​ក្នុង​ភ្នែក​រាល់ថ្ងៃ​ហ្នឹង​។ គាត់​ផឹកថ្នាំ​ខ្មែរ ហើយ​ដេក​ត្រាំ​ថ្នាំខ្មែរ​ផង បូក​ជាមួយ​ការរៀន​បាលី ដើម្បី​ធ្វើ​ឲ្យ​ស្បែក​គង់​។ គាត់​ឲ្យ​បាលី​ខ្ញុំ​តែ​ពេល​ប៉ុលពត​ចូលមក​ធ្វើ​ឲ្យ​បាត់ បើ​នៅ​ខ្ញុំ​បោះពុម្ព​ទុក​ចែក​ឲ្យ​បានដឹង ឲ្យ​កូន​ខ្មែរ ខ្លាំងពូកែ​ដូច​ជំនាន់​មហានគរ​»​។​

​បើតាម​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹមស៊ាន ដើម្បី​រៀន​ល្បុក្កតោ គេ​ត្រូវ​រៀន​ទាំងអស់ កាលពី​ជំនាន់​ដើម​។​លោក​បន្ថែមថា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ពេល​លោក​ទៅ​ច្បាំង​លោក​ប្រើ​យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ គឺ​លោក​ប្រើ​ទាំង​យុទ្ធសិល្ប៍ យុទ្ធ​គុន​និង​សិល្បៈ​។​យុទ្ធសិល្ប៍​សម្តៅ​ដល់​បាលី គាថា​។ យុទ្ធ​គុន សម្តៅ​ដល់​ការប្រយុទ្ធ​ដោយ​ប្រើ​អាវុធ​។ សិល្បៈ សម្តៅ​ដល់​ល្បិច ល្បួង ល្បោះ ហើយ​វាយប្រហារ​។​

ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹមស៊ាន បានលើកឡើង​ដែរ​ថា ប្រដាល់​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា គុន​ខ្មែរ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ក្បាច់គុន ល្បុក្កតោ ប៉ុណ្ណោះ​។ លោក​ព្រឹទ្ធាចារ្យ បាន​អះអាងថា ល្បុក្កតោ គឺជា​មេ​នៃ​ក្បាច់គុន​របស់​ខ្មែរ​។ គុន​ខ្មែរ ឬ ប្រដាល់ ជាការ​ចែក​ចេញពី​ក្បាច់គុន​ដៃ​នៃ​ល្បុក្កតោ​។ គុន​ដៃ អត់​មានប្រើ​អាវុធ អត់​មានប្រើ​សិល្ប៍​អ្វី​ទេ គេ​ប្រើតែ​ដៃ និង​ជើង​។​

​តាម​សៀវភៅ​គុន​ល្បុក្កតោ សាន គឹមស៊ាន បាន​ឲ្យ​ដឹងថា​គុន​ល្បុក្កតោ​ចែកចេញជា​១២ទ្វារ ដែល​ទ្វារ​ទី​១​ដល់ទី​៨ ប្រើប្រាស់​កាយសម្បទា ហើយ​ទ្វារ​ទី​៩​ដល់ទី​១២ ប្រើប្រាស់​អាវុធ ដែល​រួមមាន​អាវុធ​គ្រោះថ្នាក់ និង​អាវុធ​គ្មាន​គ្រោះថ្នាក់​។ អាវុធ​គ្រោះថ្នាក់​រួមមាន​កាំបិត ដាវ លំពែង ព្រួញ និង​ស្នា​។ អាវុធ​គ្មាន​គ្រោះថ្នាក់​រួមមាន​តម្បៀត​បោក​ស្រូវ ដំបង​ខ្លី ដំបង​វែង ខែល និង​ដំបង​ផ្កាឈូក​។​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​សម័យអង្គរ​ជា​ភស្តុតាង​បង្ហាញ​ច្បាស់​អំពី​ការហាត់​សម​ក្បាច់គុន​នេះដែរ​។​ការបង្ហាត់បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​តៗ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​គឺ​ដើម្បី​ពង្រឹង​ប្រាជ្ញា​ស្មារតី​និង​សមត្ថភាព​ការពារ​ខ្លួន​ពីស​ត្វ​សហាវ​ព្រមទាំង​សត្រូវ​នានា​ផង​និង​ការពារ​សង្គមជាតិ​និង​មាតុភូមិ​ផង​។​

​អ្នក​ហាត់គុន​ល្បុក្កតោ​មាន​ឯកសណ្ឋាន​ស្រដៀង​នឹង​ទាហាន​ខ្មែរ​នា​សម័យបុរាណ​។ សិស្ស​គុន​ត្រូវយក​ក្រមា​មក​ចង​ជុំវិញ​ចង្កេះ ហើយ​យក​រង្វេល​សូត្រ​ពណ៌​ក្រហម «​ថ្ងៃ​សង្វារ​» មក​ចង​ជុំវិញ​ក្បាល​ដែលជា​និមិត្តរូប​នៃ​ព​លា​នុ​ភាព​។​ខុសពី​ក្បាច់គុន​នៅ​ប្រទេស​ផ្សេងៗ​ដូចជា​កា​រ៉ា​តេ​ដូ យូ​ដូ ឬ​ហាប់​គី​ដូ កម្រិត​នៃ​គុន​ល្បុក្កតោ​ត្រូវបាន​បែង​ចែកជា​៧​កម្រិត​ដែល​កម្រិត​នីមួយៗ​ត្រូវបាន​សម្គាល់​ដោយ​ពណ៌​នៃ​ក្រមា​
​ដែល​រួមមាន​ក្រមា ស​, បៃតង​, ក្រហម​, ត្នោត​, ខៀវ​, និង​ក្រមា​ខ្មៅ​ហើយ​កម្រិត​ចុងក្រោយ​គេ​បង្អស់​គឺ​កម្រិត​ក្រមា​មាស​។​ក្រមា​ខ្មៅ​មាន​ចាប់ពី​កម្រិត​ទី​១​ជាន់​រហូតដល់​កម្រិត​១០​ជាន់ ដែល​សិស្ស​គុន​ទាំងអស់​ត្រូវ​ហាត់​យ៉ាងតិច​១០​ឆ្នាំ និង​ចេះ​យ៉ាងហោចណាស់​ចំនួន​មួយ​ពាន់​ក្បាច់​។ កម្រិត​ខ្ពស់​បង្អស់​នៃ​គុន​ល្បុក្កតោ​គឺ​កម្រិត​ក្រមា​មាស​ដែល​អ្នកទទួលបាន​កម្រិត​នេះ​ត្រូវ​ចេះ​គុន​ល្បុក្កតោ​ស្ទើរ​គ្រប់សព្វ​ទាំងអស់​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង​រ៉ា​បាត​នៃ​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៧​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល ដើម្បី​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​បានអនុម័ត​ចុះ «​ល្បុក្កតោ​» ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។ នេះ​ជា​សមិទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​របស់​ខ្មែរ ក្រោយ​ការស្រាវជ្រាវ និង​រៀបចំ​អស់​ប្រមាណ មួយ​ទសវត្សរ៍ ក្នុងនោះ​ក៏មាន​លោក​ព្រឹទ្ធាចារ្យ​ក្រ​មាស សាន គឹមស៊ាន មួយរូប​ផងដែរ​៕/R​