​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកការទូត​កំពូល​របស់​សហរដ្ឋ​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន និង​ប្រមុខ​ក្រសួងការពារជាតិ​លោក ឡយ អូ​ស្ទីន​បាន​និយាយ​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែន​របស់​​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មេសា ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​ធានា​ដល់​សម្ពន្ធមិត្ត​របស់​ខ្លួន​ឡើងវិញ បន្ទាប់​ពី​ឯកសារ​រសើប​ខ្លាំង​បាន​បែកធ្លាយ​ពេញ​អន​ឡាញ​។​

​ការ​បែកធ្លាយ​នេះ ដែល​បាន​ជំរុញ​ឱ្យ​មាន​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ដោយ​ក្រសួង​យុត្តិធម៌​រួមមាន​ព័ត៌មាន​សម្ងាត់​បំផុត​អំពី​ការប្រយុទ្ធ​របស់​អ៊ុយ​ក្រែន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​កងកម្លាំង​​រុស្ស៊ី​ក៏ដូចជា​ការវាយតម្លៃ​សម្ងាត់​នៃ​សម្ពន្ធមិត្ត​របស់​អាម៉េរិក​។​

​ឯកសារ ដែល​ត្រូវបាន​ពិនិត្យ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP​បាន​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​អំពី​សមត្ថភាព​របស់​អ៊ុយ​ក្រែន​ក្នុងការ​បន្តការពារ​ប្រឆាំងនឹង​ការវាយប្រហារ​​របស់​រុស្ស៊ី ខណៈ​កាសែត Washington Post បាន​រាយការណ៍​ថា​ឯកសារ​មួយ​ផ្សេងទៀត​បាន​សម្តែង​ការសង្ស័យ​អំពី​ភាព​ជោគជ័យ​នៃ​ការវាយលុក​នាពេលខាងមុខ​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​​ក្រុង​គៀវ​។​

​លោក​ប្លីង​កិន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា “​យើង​បាន​ចូលរួម​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​ក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​រួម​ទាំង​ការធានា​ពួកគេ​ឡើងវិញ​​អំពី​ការប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការការពារ​ព័ត៌មាន​ចារកម្ម​សម្ងាត់​”​។​

​លោក​ប្លីង​កិន​បាន​និយាយថា លោក​បាន​និយាយ​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែនលោក ឌី​មីត្រូ គូ​ឡេ​បា (Dmytro Kuleba) ហើយ “​បញ្ជាក់​ជា​ថ្មី​នូវ​ការគាំទ្រ​យូរអង្វែង​របស់​យើង​សម្រាប់​អ៊ុយ​ក្រែ​ន​និង​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ការពារ​បូរណភា​ពទឹក​ដី អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ខ្លួន​”​។​

​លោក​អូ​ស្ទីន ដែល​ឈរ​ក្បែរ​លោក​ប្លីង​កិន បាន​និយាយថា គាត់​ក៏បាន​និយាយ​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែនលោក អូ​ឡេក​សី រី​ស្នី​កូវ (Oleksiy Reznikov) ផងដែរ​។​

​លោក​អូ​ស្ទីន​បាន​និយាយថា “​លោក​និង​ថ្នាក់​ដឹកនាំ​នៅ​តែ​ផ្តោតលើ​កិច្ចការ​នៅ​នឹង​ដៃ​” ដោយ​កត់សម្គាល់ថា “​ពួកគេ​នៅ​មាន​សមត្ថភាព​ជា​ច្រើន​ដែល​ពួកគេ​ត្រូវការ​ដើម្បី​បន្ត​ទទួលបាន​ជោគជ័យ​”​។​

​អ៊ុយ​ក្រែន​ត្រូវ​គេ​រំពឹងថា​នឹង​បើក​ការវាយប្រហា​រលើ​ការឈ្លានពាន​របស់​កង​ទ័ព​រុស្ស៊ី​នៅ​និទាឃ​រដូវ ដែល​ជា​ការជំរុញ​ខាង​យោធា​ដ៏​សំខាន់​លើកដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំនេះ​។​

​ប៉ុន្តែ​កាសែត Washington Post បាន​រាយការណ៍​ថា ឯកសារ​សម្ងាត់​កំពូល​មួយ​បាន​និយាយថា ការការពារ​ដ៏​តឹងរ៉ឹង​របស់​រុស្ស៊ី និង “​ការខ្វះខាត​ជា​បន្ត​របស់​អ៊ុយ​ក្រែន​ក្នុង​ការហ្វឹកហាត់​និង​ការផ្គត់ផ្គង់​អាវុធ​ប្រហែលជា​នឹង​ធ្វើឱ្យ​ការវាយលុក​ជួប​ការលំបាក​និង​បណ្តាលឱ្យមាន​អ្នកស្លាប់​បាត់បង់​ជីវិត​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពេល​វាយលុក​”៕

​លោក​ប្លីង​កិន​និង​លោកអូ​ស្ទីន​ស្ថិត​នៅ​ក្រសួង​ការពារជាតិ​អាម៉េរិ​ក​ក្នុង​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១១ មេសា ឆ្នាំ​២០២៣ និង​បាន​ទាក់ទង​ទៅកាន់​សម​ភាគី​អ៊ុ​យក្រែន​