លោក​អេ​ឡុ​ន ម៉ាស​សុំទោស​អ្នក​មុជទឹក​សង្គ្រោះ​ក្មេង​ថៃ​ជាប់​ល្អាង បន្ទាប់ពី​ប្រមាថ​គាត់​ថា​ជា​ជន​រំលោភ​កុមារ​

1071
ចែករម្លែក

​លោក អេ​ឡុ​ន ម៉ាស បាន​សុំ​អភ័យទោស​ចំពោះ​ការហៅ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ជួយសង្គ្រោះ​ក្មេងប្រុស​ថៃ​ចំនួន ១២ នាក់​ពី​ល្អាង​ភ្នំ​ថា “​ជន​រំលោភ​កុមារ​” ដោយយោង​ទៅលើ​ការបញ្ចេញមតិ​មួយ ដែល​បានធ្វើឱ្យ​ផ្ទុះ​កំហឹង​រីក​រាលដាល​និង​ធ្វើឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla ធ្លាក់ចុះ​មួយសន្ទុះ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក​ម៉ាស​បានចេញ​លិខិត​សុំទោស​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កក្កដា​ដល់​លោក វើ​ណុន អាន់​ស្វត ដែល​បាន​ជួយសង្គ្រោះ​ក្រុមបាល់ទាត់ Wild Boars និង​ចម្អក​ឱ្យ​ផែនការ​របស់លោក​ម៉ាស​ដើម្បី​សង្គ្រោះ​ក្រុម​ក្មេងៗ​ជាប់​ល្អាង ដោយ​ប្រើប្រាស់​កូន​នាវាមុជទឹក​ខ្នាត​ល្អិត​។​

​លោក​ម៉ាស​បាន​សរសេរ​នៅលើ​ធ្វី​ត​ធឺ​ថា “​ការប្រព្រឹត្ត​របស់គាត់​ប្រឆាំង​ខ្ញុំ​គឺ​មិន​ធ្ងន់ធ្ងរ​ដូច​ការ​ប្រ​ព្រឹ​ត្ដរបស់​ខ្ញុំ​ប្រឆាំងនឹង​គាត់​នោះទេ ហើយ​ដូច្នេះ ខ្ញុំ​សុំទោស​ចំពោះ​លោក​អាន់​ស្វត និង ក្រុមហ៊ុន ដែល​ខ្ញុំ​តំណាង​ក្នុងនាម​ជា​អ្នកដឹកនាំ​។ កំហុស​នោះ​គឺជា​របស់ខ្ញុំ​តែ​ម្នាក់​គត់​”​។​

​ទង្វើ​ខុសឆ្គង​របស់លោក​ម៉ាស​ប្រឆាំងនឹង​លោក​អាន់​ស្វត​ត្រូវបាន​គេ​ថ្កោលទោស​យ៉ាង​ទូលំទូលាយ ដោយ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​អំពី​ភាពជា​អ្នកដឹកនាំ​របស់​សហគ្រិន​រូបនេះ បន្ទាប់ពី​ការវាយប្រហារ​តាម​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​ទៅលើ​អ្នកវិភាគ អ្នកកាសែត និង បុគ្គលិក​នៅ Wall Street ។​

​ការប៉ះទង្គិច​សម្តី​រប​ស់​គាត់​ជាមួយ​លោក​អាន់​ស្វត​បានចាប់ផ្តើម បន្ទាប់ពី​អ្នកជំនាញ​មុជទឹក​អង់គ្លេស​រូបនេះ​បាន​ច្រានចោល​ផែនការ​របស់លោក​ម៉ាស​ដើម្បី​ជួយសង្គ្រោះ​ក្រុម​កីឡាករ​បាល់ទាត់​ថៃ​ពី​ល្អាង​ភ្នំ​ថាំ​ហ្លួង​ថា​ជា “​ការរៀបចំ​ព្រឹត្តិការណ៍​ដណ្តើម​ការចាប់​អារម្មណ៍​ពី​សាធារណជន​”​។​

​លោក​អាន់​ស្វត​បាន​និយាយថា​ផែនការ​ដើម្បី​ប្រើ​ឧបករណ៍​នេះ​ដើម្បី​ទាញយក​ក្មេងប្រុស​តាមរយៈ​ល្អាង​ភ្នំ​តូចចង្អៀត​ក្រវិច​ក្រវៀន នឹងមិន​មាន “​ឱកាស​ដំណើរការ​ដោយមាន​ប្រសិទ្ធភាព​ឡើយ​”៕ ដោយ៖ កញ្ញាដាលីស

លោក អេ​ឡុ​ន ម៉ាស (​ស្តាំ​) សុំទោស​លោក​អាន់​ស្វត ដែល​ហៅ​គាត់​ថា ជន​រំលោភ​កុមារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ