ប្រធាន IMF និយាយថា អាមេរិក “​ងាយ​រងគ្រោះ​ជាពិសេស​” ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

945
ចែករម្លែក
  • 6
    Shares

​ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោកស្រី គ្រីស្ទី​ន ឡា​ហ្គា​ត បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កក្កដា​ថា សេដ្ឋកិច្ច​អាមេរិក “​ងាយ​រងគ្រោះ​ជាពិសេស​” ចំពោះ​ការខូចខាត​ពី​សង្គ្រាម​ពាណិជ្ជកម្ម​សកលលោក ដែល​អាច​នឹង​ធ្វើឱ្យ​បាត់បង់​ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​ចេញពី​ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​កល​លោក​។​

​នៅក្នុង​សុន្ទរកថា​នៅមុន​កិច្ចប្រជុំ​ចុង​សប្តាហ៍​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G20 នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន លោកស្រី​ឡា​ហ្គា​ត​បាន​និយាយថា មាន​សញ្ញា​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​ចាប់ផ្តើម​ធ្លាក់ចុះ និង អំពាវនាវ​ដល់​អ្នកធ្វើ​គោលនយោបាយ​ត្រៀមខ្លួន​។​

IMF កាលពី​ថ្ងៃ​ចន្ទ​បាន​ហៅ ការ​រឹតបន្តឹង​លើ​ការធ្វើ​ពាណិជ្ជកម្ម​ថា​ជា “​ការគំរាមកំហែង​ធំធេង​បំផុត​” ចំពោះ​សេដ្ឋកិច្ចពិភពលោក​។​

​លោកស្រី​ឡា​ហ្គា​ត​និយាយ​ក្នុង Blog Post មួយ​ថា ក្នុង​ឆ្នាំ ២០១៩ IMF បាន​ប៉ាន់ប្រមាណ​ថា សេដ្ឋកិច្ចពិភពលោក​គួរតែ​កើនឡើង ៣,៩ ភាគរយ ប៉ុន្តែ “​នេះ​ប្រហែលជា​កម្រិត​កើនឡើង​ខ្ពស់បំផុត​អស់​ត្រឹម​នេះហើយ​” ។​

​លោកស្រី​បាន​និយាយថា “​កំណើនសេដ្ឋកិច្ច​បានចាប់ផ្តើម​យឺត​នៅក្នុង​តំបន់​អឺរ៉ុប ជប៉ុន និង ចក្រភព​អង់គ្លេស​” ដោយ​បន្ថែមថា សកម្មភាព​ថវិកា​សារពើពន្ធ​អាមេរិក​ឆាប់ៗ​នេះ​នឹង​ថយចុះ​។​

​ពួក​សេដ្ឋវិទូ​របស់ IMF បានរៀបចំ​របាយការណ៍​មួយ​សម្រាប់​រដ្ឋមន្ត្រី G20 ជាមួយ​ការធ្វើ​ត្រាប់​គំរូ​ជាច្រើន​បានបង្ហាញ​នូវ​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត នៅ​កន្លែង​ដែល​ការគំរាមកំហែង​ពន្ធ​និង​ការ​សងសឹក​ត្រូវបាន​អនុវត្ត ហើយ​ការធ្លាក់ចុះ​ការជឿជាក់​លើ​ពាណិជ្ជកម្ម អាចធ្វើឱ្យ​ថយចុះ ៤៣០ ពាន់​លាន​ដុល្លារ​ពី​ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​កល​លោក​នៅ​ឆ្នាំ ២០២០​។​

​លោកស្រី​ឡា​ហ្គា​ត​បាន​និយាយថា “​ខណៈដែល​ប្រទេស​ទាំងអស់​នឹង​ជួប​ស្ថានភាព​កាន់តែ​អាក្រក់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាមេរិក​គឺ​ងាយ​រងគ្រោះ​ជាពិសេស ដោយសារ​ពាណិជ្ជ​កម្មស​កល​របស់ខ្លួន​នឹង​ទទួលរង​ពី​វិធានការ​សងសឹក​ជាច្រើន​”​។​

​ដោយសារ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម ការសង​សឹក​និង​ផលប៉ះពាល់​អវិជ្ជមាន​នឹង​ត្រូវបាន​ផ្តោតលើ​សេដ្ឋកិច្ច​របស់​អាមេរិក ដោយ​ទុកឱ្យ​តំបន់​ដទៃទៀត​បន្តធ្វើ​ពាណិជ្ជកម្ម​ក្នុងចំណោម​ពួកគេ​ទៅវិញទៅមក​។​

​លោក​ត្រាំ ដែល​បាន​និយាយថា សង្គ្រាម​ពាណិជ្ជកម្ម​គឺ “​ល្អ​និង​ងាយស្រួល​យកឈ្នះ​” បាន​វាយ​ពន្ធ​លើ​ការ​នាំចូល​ដែកថែប​និង​អាលុយមីញ៉ូម ដោយ​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​សំខាន់ៗ​ខឹងសម្បារ និង​ញ៉ាំងឱ្យ​មានការ​សងសឹក​យ៉ាង​ឆាប់រហ័ស​។​

​លោក​ត្រាំ​ក៏បាន​វាយ​ពន្ធ ២៥ ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​ផងដែរ និង ទំនិញ​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ក៏​កំពុង​ជិត​ត្រូវ​វាយ​ពន្ធ​ផងដែរ​។ ហើយ​ទំនិញ​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​បន្ថែមទៀត អាច​ត្រូវ​បានកំណត់​គោលដៅ​វាយ​ពន្ធ​នៅ​ខែកញ្ញា​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន IMF លោកស្រី គ្រីស្ទី​ន ឡា​ហ្គា​ត

ទីតាំងផ្សាយពាណិជ្ជកម្ម