ដោយៈ ប.ខុន/ភ្នំពេញៈ ទន្លេតូចនៅក្នុងខេត្តព្រៃវែងរីងគោកដាច់ទឹកដោយសារព្រះសង្ឃវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានចាក់ដីធ្វើផ្លូវកាត់ទន្លេ ដោយមិនទុកផ្លូវទឹក តែពេលនេះបានកាយចេញវិញខ្លះហើយ បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងស្រុកពារាំងខេត្តព្រៃវែងជាច្រើនរយនាក់លើកគ្នាទៅធ្វើការតវ៉ារួចមក។
លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងឱ្យប្រាប់រស្មីកម្ពុជាដឹងនៅថ្ងៃទី១២ ខែមេសា ដោយសម្តែងការហួសចិត្តថាទន្លេមួយទាំងមូលត្រូវ គេចាក់ដីលុបដើម្បីធ្វើផ្លូវឆ្លងកាត់ដោយមិនទុកផ្លូវទឹកហើយគ្មានអ្នកណាហាមឃាត់។ កន្លែងចាក់ដីលុបធ្វើផ្លូវនេះជាទន្លេ មិនមែនលុបដីហើយដាក់លូបាទេ យ៉ាងហោចណាស់ក៏ ត្រូវសង់ជាស្ពានដែកបាឡេដែរ។ ពេលនេះគេបានកាយចេញវិញហើយ ហើយត្រូវកាយចេញវិញទាំងអស់ ព្រោះវាជាទន្លេតូចសម្រាប់នាំទឹកទន្លេមេគង្គទៅស្រោចស្រពតំបន់ទំនាបក្នុង ខេត្តព្រៃវែងនៅក្នុងរដូវវស្សា និងទឹកប្រើប្រាស់នៅរដូវប្រាំង។
លោកយី វណ្ណៈ អភិបាលស្រុកកោះសូទិនខេត្តកំពង់ចាម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១២ ខែមេសាថា ករណីព្រះសង្ឃវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ចាក់ដីធ្វើផ្លូវកាត់ទន្លេតូច ដោយមានដាក់លូតូចមួយខ្ពស់ជាងទឹកនោះបានកាយបើកមុខទឹកចេញវិញហើយកាលពីថ្ងៃទី១១ ខែមេសា តែទឹកហូរទៅដល់ក្រោមឬអត់នោះមិនដឹងទេ ព្រោះស្ថានភាពទឹកនៅទាបណាស់ទៅហើយ។ ការចាក់ដីលុបទន្លេតូចដើម្បីធ្វើផ្លូវឆ្លងនេះកើតមានប្រហែលមួយខែមកហើយ។
លោកឃុត សាឃឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១២ ខែមេសាថា ដីដែលគេបានចាក់លប់ទន្លេ ដើម្បីធ្វើផ្លូវ កាត់ទន្លេតូចបានកាយចេញហើយ តែកាយក្នុងទំហំតូច បើសិនជាគ្មានការរាំងស្ទះទេពីរទៅបីថ្ងបន្ទាប់ទឹកទន្លេតូចអាចនឹងហូរទៅដល់កន្លែងរីងគោកនៅឃុំមេសព្រះចាន់ស្រុកពារាំងនោះ។ ដីដែលគេបានចាក់លុបទន្លេនេះបើមិនកាយចេញវិញទាំងអស់ទេនោះវានឹងក្លាយជាឧបស័គ្គដល់ការនាំរបបទឹកទន្លេតូចនៅក្នុងរដូវវស្សាហើយ។
ការចាក់ដីធ្វើផ្លូវកាត់ទន្លេតូចទាំងស្រុងដោយចៅអធិការវត្តពាមប្រធ្នោះបានធ្វើឱ្យទន្លេតូចនៅក្នុងភូមិសាស្ត្រឃុំមេសព្រះចាន់រីងដាច់ដោយកន្លែងធ្វើឱ្យប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ និងខ្វះទឹកសម្រាប់បូមដាក់ស្រូវ ជាហេតុនាំឱ្យប្រជាពលរដ្ឋជាច្រើននាក់លើកគ្នាទៅធ្វើការតវ៉ាឱ្យមានការកាយបើកផ្លូវទឹកឡើងវិញ៕/R