ជនជាតិ​វៀតណាម​-​ថៃ ៩​នាក់ នាំគ្នា​ជក់​និង​លក់​គ្រឿងញៀន​: អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​

1482
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ស៊ើបអង្កេត និង​ឆ្មក់​បង្ក្រាប​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​និង​ថៃ ៩​នាក់ ដែល​នាំគ្នា​ចេញមុខ​បំពាន​ជក់ និង​លក់​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថ្ងៃទី​១៨​ខែកក្កដា​ថា ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម និង​ថៃ ចំនួន​៩​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ភ្លាមៗ​នៅនឹងកន្លែង កាលពី​ម៉ោង ១​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ ២២៩ ក្នុង​កាស៊ីណូ​ក្រោ​ន​រី​សត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​កម្លាំង​អាវុធ​ហត្ថា​ន​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ២៣​ថង់ ស្មើ ១១.៦៣​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៩​គ្រាប់ គ្រឿងញៀន​អ៊ិ​ច​ស្តា​ស៊ី ចំនួន​២​គ្រាប់ ទូរស័ព្ទដៃ​ចំនួន ១៦​គ្រឿង នាឡិកាដៃ ចំនួន ៥​គ្រឿង ឈ្មោះ​ជា​វៀតណាម​តែ​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន ២​សន្លឹក កាបូប​លុយ ចំនួន ៣​ខ្សែក​លោហធាតុ​ពណ៌​លឿង ចំនួន ២​ខ្សែ ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង ចំនួន ២​វង់ ក្រវិល​ពណ៌​ប្រាក់ ចំនួន ១​គូ ក្រវិល​ឆា​ណែ​ល​ពណ៌​លឿង ដាំ​ត្បូង ចំនួន ១​គូ​។ បង្កាន់ដៃ​បញ្ចាំ ចំនួន ១​សន្លឹក បង្កាន់ដៃ​បង់អាករ​ជនអន្តោប្រវេសន៍ ចំនួន ៤​សន្លឹក បង្កាន់ដៃ​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ជនអន្តោប្រវេសន៍ ចំនួន ២​សន្លឹក បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន ២​គ្រឿង ប័ណ្ណ​ផ្ញើ​ឥ​វ៉ាន់ ចំនួន ១​សន្លឹក​។ ក្រោយពី​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​ទាំង​៩​នាក់​និង​វត្ថុតាង​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៩​នាក់​មាន​: ១- ឈ្មោះ ង្វៀង ឌិន​ញឹក​ភេទ ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ រកស៊ី​ចងការ​ប្រាក់ ស្នាក់នៅ​បន្ទប់​ជួល​លេខ ២២៩ ក្នុង​កាស៊ីណូ​ក្រោ​ន​រី​សត​។ ២-​ឈ្មោះ ផាន់ ស៊ីណា ភេទ ស្រី អាយុ ៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​។ ៣- ឈ្មោះ​សយ សុខ​ឃឿន ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​បោក​អ៊ុត​។ ៤-​ឈ្មោះ​អុល រ៉ូ​ម៉ា​កូ​ឡាប ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ ៥- ឈ្មោះ ស៊ឹម ពៅ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ​។ ៦- ឈ្មោះ ឈួន សុក្រ​ជាតិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ លក់​ទូរស័ព្ទ​។ ៧- ឈ្មោះ ជា សុខា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ៨-​ឈ្មោះ ផូ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​លក់​កាបូប​។ និង ៩-​ឈ្មោះ អាយ ចិ​ន្ត្រា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

​យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត យោង​លើ​ការធ្វើ​តេស្ត​លើ​សារធាតុ​ញៀន និង​ទឹកនោម ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ​រក្សាទុក​ញៀន​ដោយ​ខុសច្បាប់ និង​សេព​បំពាន​គ្រឿងញៀន​។ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​បន្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម