ដោយ : ប.ជ័យ -វង ធូ / បន្ទាយមានជ័យៈ កម្លាំងកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីករណីរំលោភសេពសន្ថវៈ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៥ និង ០៦ ខែមេសា ឆ្នាំ២០២៣ កន្លងមកនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថា : ជនសង្ស័យ ឈ្មោះ ទឹម សាមឌី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបានបន្តថា ជននេះត្រូវចាប់ខ្លួនបន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីឈ្មោះ ទឹម តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាអ៊ុំបង្កើតជនរងគ្រោះឈ្មោះ ឌ.ស.ល ភេទស្រី អាយុ១១ឆ្នាំ ថាត្រូវឪពុកបង្កើតចាប់រំលោភតាំងពីអាយុ៩ឆ្នាំ រហូតដល់លើកចុងក្រោយរំលោភនៅថ្ងៃទី០៥ និង ០៦ ខែមេសា ឆ្នាំ២០២៣ ។

បើតាមសំដីជនរងគ្រោះ បានបង្ហើបប្រាប់យាយនិងអ៊ុំ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ថា កាលដែលទៅលេងផ្ទះយាយនៅខេត្តពោធិ៍សាត់ ហើយខ្លួនយំស្រែកមិនព្រមត្រឡប់មកផ្ទះវិញ ព្រោះខ្លាចឪពុកបង្កើតធ្វើបាបទៀត ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានបដិសេធពុំព្រមទទួលស្គាល់កំហុស ដែលកូនស្រីចោទថានាំនាងទៅមុជទឹក រួចធ្វើសកម្មភាពចាប់រំលោភរូបនាងនៅបន្ទប់ទឹក តែបន្ទាប់ពីសួរចម្លើយរួច ជនសង្ស័យ ត្រូវបានបញ្ជូនបន្តមកកាន់កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

នៅរសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ ២០២៣នេះ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ៕