ដោយ : ភ្នំស្វាយ / បនបន្ទាយមានជ័យ : លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្មីៗនេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានរំលឹកពីវរៈភាពដ៏អង់អាចក្លាហាន របស់យោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិន ពលី-មរណៈទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដេីម្បីបុព្វហេតុជាតិមាតុភូមិ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពពេញលេញ សម្បូរសប្បាយក្រោមម្លប់នៃសន្តិភាព។

ជាការតបស្នងសងគុណដ៏ធំធេងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់ទៅល;សុខទុកបងប្អូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារ យោធិន ពលី-មរណៈ ជាបន្តបន្ទាប់ ហើយបានចាត់ឱ្យក្រុមការងារ បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត នាំយកនូវអំណោយផ្តល់ជូនដល់យោធិន សម្រាប់ចូលឆ្នាំថ្មី ដូចជា អង្ករ ភេសជ្ជៈ ថវិការ និង គ្រឿងឧបភោគមួយចំនួនទៀត៕/R