​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ប្រេ​ស៊ី​លលោក ល្វីស អ៊ី​ណា​ស៊ី​អូ លូ​ឡា ដា ស៊ី​ល​វ៉ា (Luiz Inacio Lula da Silva)​បាន​មក​ដល់​ប្រទេស​ចិន​កាលពី​យប់​ថ្ងៃ​ពុធ​ទី​១២​មេសា​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​រវាង​មហា​យក្ស​អាស៊ី​និង​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាម៉េរិក​ឡា​ទីន​។​

​ជន​ឆ្វេងនិយម​ជើងចាស់ ដែល​គ្រោង​នឹង​ជួប​សម​ភាគី ស៊ី ជីន​ពីង នៅ​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​ប៉េកាំង បាន​មក​ដល់​ទីក្រុង​សៀង​ហៃ​ជា​លើកដំបូង ជាមួយ​ភរិយា​របស់​គាត់ លោកស្រី រ៉ូ​សាន​ជេ​ឡា “​ចាន​ចា​” ដា ស៊ី​ល​វ៉ា (Rosangela “Janja” da Silva)​។​

​ពួកគាត់​បាន​ទទួល​ភួងផ្កា ខណៈ​ពួកគាត់​ត្រូវបាន​ស្វាគមន៍​ដោយ​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ស៊ី ហ្វឹង (Xie Feng)​។​

​មុនពេល​ចាកចេញ​ពី​ប្រទេសប្រេ​ស៊ីល លោក​លូ​ឡា​បាន​និយាយថា លោក​មាន​គម្រោង​អញ្ជើញលោក​ប្រធានាធិបតី​ស៊ី​មក​បំពេញ​ទស្សនកិច្ច​នៅ​កាលបរិច្ឆេទ​អនាគត​មិន​បញ្ជាក់​មួយ​។​

​លោក​លូ​ឡា​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា “​យើង​នឹង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ចិន​។ ខ្ញុំ​នឹង​អញ្ជើញ​លោក ស៊ី ជីន​ពីង មក​ប្រទេសប្រេ​ស៊ីល​សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី​ដើម្បី​ស្គាល់​ប្រទេស​នេះ និង​បង្ហាញ​គាត់​អំពី​គម្រោង​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​ការវិនិយោគ​របស់​ចិន​”​។

​លោក​លូ​ឡា​អាយុ​៧៧​ឆ្នាំ​ដំបូង​ឡើយ​គ្រោង​ធ្វើដំណើរ​នៅ​ចុង​ខែ​មីនា​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រេ​ស៊ីល ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​ធ្វើដំណើរ​ដោយសារ​ជំងឺ​រលាក​សួត​។​

​កាលវិភាគ​របស់​លោក​លូ​ឡា​នៅ​ទីក្រុង​សៀង​ហៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រួម​មាន​ការចូលរួម​ក្នុងការ​ឡើងកាន់តំណែង​របស់​សម្ពន្ធមិត្ត​គាត់ គឺ​អតីត​ប្រធានាធិបតី​ប្រេ​ស៊ីល លោក ឌី​ល​ម៉ា រូស​សេ​ហ្វ (Dilma Rousseff) ជា​ប្រធាន​ធនាគារ​អភិវឌ្ឍន៍ BRICS ។ វា​ជា​ក្រុម​ដែល​បង្កើតឡើង​ដោយ​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច​រីកចម្រើន​កំពូលៗ ដូចជា ប្រេ​ស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​។​

​ត្រឡប់​មក​កាន់​តំណែង​វិញ​ក្នុង​ខែ​មករា​បន្ទាប់ពី​បាន​ដឹកនាំ​ប្រេ​ស៊ី​លពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០ លោក​លូ​ឡា​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ទំនាក់ទំនង​រលូន​ឡើងវិញ​ជាមួយ​ចិន បន្ទាប់​ពី​ទំនាក់ទំនង​កាន់តែ​យ៉ាប់យ៉ឺន​ក្រោម​ការដឹកនាំ​របស់​លោក ជែរ បូល​សូ​ណារ៉ូ (Jair Bolsonaro)​។​

​ក្នុង​ការថ្លឹងថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន លោក​ក៏​កំពុង​ស្វែងរក​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ផងដែរ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​ពីរ​របស់​ប្រេ​ស៊ីល និង​ជា​គូប្រជែង​ដ៏​សំខាន់​របស់​ចិន​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជាមួយ​លោក​ស៊ី​កើត​ឡើង​បន្ទាប់ពី​ជំនួប​នៅ​សេត​វិមាន​ដ៏​ល្បីល្បាញ​ជាមួយ​លោក​ប្រធានាធិបតី ចូ បៃ​ដិន កាលពី​ខែ​កុម្ភៈ​។​

​លោក​លូ​ឡា​ចង់​ដាក់​ប្រេ​ស៊ីល​ជា​តួអង្គ​សំខាន់​ឡើងវិញ និង​ជា​អ្នកសម្របសម្រួល​លើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​រង​ភាព​ឯកោ​បួន​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​លោក​បូល​សូ​ណារ៉ូ​។​

​លោក​និង​លោក​ស៊ី​រំពឹង​ពិភាក្សាគ្នា​អំពី​ជម្លោះ​អ៊ុ​យក្រែន ដែល​ក្នុងនោះ​អ្នក​ទាំង​ពីរ​សង្ឃឹមថានឹង​ដើរតួ​ជា​អ្នក​សម្រុះសម្រួល ទោះបីជា​មាន​ការព្រួយបារម្ភ​ពី​លោកខាងលិច​ថា​ពួកគេ​នឹង​មាន​ភាពកក់ក្ដៅ​ខ្លាំងពេក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន ក៏ដោយ​៕

លោក​លូ​ឡា​មក​ដល់​សៀង​ហៃ​កាលពី​យប់​ថ្ងៃ​ពុធ