​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា ចិន​ចង់​ចាប់ផ្តើម​សាងសង់​មូលដ្ឋាន​ព្រះ​ចន្ទ​ដោយ​ប្រើ​ដី​ពី​ព្រះ​ចន្ទ​ក្នុងពេល ៥​ឆ្នាំ​ទៀត​ដោយ​ផែនការ​ដ៏​មហិច្ឆិតា​នេះ​នឹង​​ចាប់ផ្តើម​ឆាប់ៗ​ក្នុង​ទសវត្សរ៍​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ទៀតថា អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និង​អ្នកម៉ៅការ​អវកាស​ចិន​ជាង ១០០ នាក់​ថ្មីៗ​នេះ​បាន​ជួបប្រជុំ​គ្នា​នៅក្នុង​សន្និសីទ​មួយ​ក្នុង​ទីក្រុង​អ៊ូ​ហាន​ភាគ​កណ្តាល​របស់​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​អំពី​វិធី​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​នៅ​លើ​ឋាន​ព្រះចន្ទ​។​

​លោក ទីង លី​យុន (Ding Lieyun) អ្នកជំនាញ​មកពី​បណ្ឌិត្យសភា​វិស្វកម្ម​ចិន​បាន​និយាយថា ក្រុម​មួយ​កំពុង​រចនា​រ៉ូបូត ដែល​មានឈ្មោះ​ថា “Chinese Super Masons” ដើម្បី​ផលិត​ឥដ្ឋ​ចេញពី​ដី​ព្រះ​ចន្ទ នេះ​បើ​យោង​តាម​សារព័ត៌មាន Changjiang Daily ។​

​លោក​ទី​ង​បាន​និយាយថា “​ការកសាង​ទីជម្រក​នៅលើ​ព្រះ​ចន្ទ​គឺ​ចាំបាច់​សម្រាប់​ការរុករក​ព្រះ​ចន្ទ​រយៈពេល​វែង ហើយ​រឿង​នេះ​នឹង​អាច​សម្រេចបាន​ក្នុង​ពេលអនាគត​” ខណៈ​ទទួលស្គាល់​ការលំបាក​ក្នុងការ​សម្រេច​វា​ឱ្យបាន​ក្នុងពេល​ខ្លី​។

​លោក​ទី​ង​បាន​និយាយថា រ៉ូបូត ដែល​មាន​ភារកិច្ច​ផលិត “​ដុំឥដ្ឋ​ព្រះ​ចន្ទ​” នឹង​ត្រូវ​បាញ់​បង្ហោះ​ក្នុងអំឡុង​បេសកកម្ម​យាន Chang’e-8 របស់​ចិន​ក្នុង​ឆ្នាំ ២០២៨ ដោយ​លោក​បន្ថែមថា ប្រទេស​នេះ​មានបំណង​ទាញយក​សំណាក​ដី​ដំបូងបង្អស់​ពី​ចុង​ឆ្ងាយ​នៃ​ព្រះ​ចន្ទ​ក្នុង​បេសកកម្ម​ឆ្នាំ ២០២៥​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា កាលពីមុន​ចិន​បាន​ទាញយក​សំណាក​ដី​ពី​ផ្នែក​ជិតៗ​នៃ​ព្រះ​ចន្ទ​ជាមួយនឹង​បេសកកម្ម​យាន Chang’e-5 របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២០​។​

​ប្រទេស​នេះ​បាន​និយាយថា ខ្លួន​ចង់ឱ្យ​អវកាសយានិក​របស់ខ្លួន​ស្នាក់​នៅ​លើ​ឋាន​ព្រះ​ចន្ទ​រយៈពេល​វែង នៅពេល​ដែល​ខ្លួន​បង្កើត​ស្ថានីយ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​។​

​លោក​ទីង​និង​អ្នកជំនាញ​រាប់សិប​នាក់​បាន​ចូលរួម​សន្និសីទ​សំណង់​ក្រៅ​ភព​ដែល​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ហួ​ចុង (Huazhong) ក្នុង​ទីក្រុង​អ៊ូ​ហាន​កាលពី​ចុង​សប្តាហ៍​មុន​៕

​ចិន​នឹង​ប្រើ​ដី​ព្រះ​ចន្ទ​ផលិត​ជា​ដុំឥដ្ឋ​ដើម្បី​សង់​មូលដ្ឋាន​លើ​នោះ​ក្នុង​អំឡុង​ទសវត្សរ៍​២០២០