​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ ចាប់តាំងពី​ការ​បង្ហាញខ្លួន​ដំបូង​របស់​វា​នៅ​ក្នុង​តំបន់​ដុន​បាស​កាំភ្លើង​ធំ​បញ្ចេញ​ភ្លើង​កម្តៅ​ធន់​ធ្ងន់​របស់​រុស្ស៊ី​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្បី​យ៉ាង​រហ័ស​សម្រាប់​​សមត្ថភាព​របស់​វា​ក្នុង​ការវាយប្រហារ​បំផ្លិចបំផ្លាញ​ប្រឆាំងនឹង​បន្ទាយ​សត្រូវ យានជំនិះ និង​នរណា ដែល​ស៊យ​ស្ថិតក្នុង​តំបន់​ភ្នក់ភ្លើង​របស់​វា​។ ​តើ​អាវុធ​បែប​នេះ​មាន​ប្រភព​មក​ពី​ណា​និង​ដំណើរការ​ដោយ​របៀប​ណា​? វេបសាយ Sputnik សូម​ពន្យល់​ដូចខាងក្រោម​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាងលិច​និង​អ៊ុយ​ក្រែន​បាន​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍​ដើម្បី​វិភាគ​លើ​ប្រព័ន្ធ​កាំភ្លើង​ធំ​បញ្ចេញ​ភ្លើង​កម្តៅ TOS-1A Solntsepyok (​មានន័យថា ភ្លើង​ព្រះអាទិត្យ​ក្តៅ​រលាក ព្រះអាទិត្យ​ក្តៅ​រលាក ឬ ព្រះអាទិត្យ​ឆេះ​) បន្ទាប់ពី​មាន​ការបញ្ជាក់​ពី​យោធា​រុស្ស៊ី​ថា​អាវុធ​នេះ​ត្រូវ​បំពាក់​ជាមួយ​ក្បួន​យន្តហោះ​វរជន​របស់​រុស្ស៊ី ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាម៉េរិក​អះអាងថា ប្រព័ន្ធ​អាវុធ​នេះ​បាន​ក្លាយជា​គោលដៅ​ចម្បង​សម្រាប់​ដ្រូ​ន​របស់​អ៊ុយ​ក្រែន​ដោយ​មាន​អ្នកសង្កេតកា​រណ៍កា​រពារ​ជាតិ​ម្នាក់​ថែម​ទាំង​អះអាង​ទៀត​ថា​ត្រូវតែ​បំផ្លាញ​​អាវុធ​នេះ​ឱ្យបាន​មុន មុន​ពេល​ពួក​វា​មាន​ឱកាស​ទៅ​ដល់​ខ្សែត្រៀម​ជួរមុខ និង​បង្ក​ការបំផ្លិចបំផ្លាញ​ដល់​ទាហាន​អ៊ុ​យក្រែន​។​

​តើ​អាវុធ​កម្តៅ​ជា​អ្វី​?

​មាន​ដើមកំណើត​នៅ​ពាក់កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី ២០ អាវុធ​កម្តៅ​នេះ​មានការ​ផ្ទុះ​ជា​ពីរ​ដំណាក់កាល ដែល​មាន​ប្រេងឥន្ធនៈ​រាវ​ដែល​អាច​ឆេះ​បាន ឬ ប្រេងរំអិល​ងាយ​ឆេះ​ខ្លាំង​។​នៅពេល​ទៅ​ដល់​គោល​​ដៅ​របស់​វា ការផ្ទុះ​មួយ​នឹង​ពង្រាយ​ប្រេងឥន្ធនៈ​ឬ​សារធាតុ​រំអិល​លើ​បរិស្ថាន​ជុំវិញ បន្ទាប់​មក​ការផ្ទុះ​បន្ទាប់បន្សំ​នឹង​ស៊ី​អុកស៊ីសែន​ទាំងអស់​នៅក្នុង​បរិវេណ​ជុំវិញ​ដោយ​បង្កើត​លំហ​មួយ​ដែល​មាន​កម្តៅ​​រហូតដល់​ទៅ ៣.០០០ អង្សា​សេ​។​

​សព្វាវុធ​កម្តៅ​ដ៏​ទំនើប​នេះ​មាន​ប្រភពដើម​ចេញពី​សង្គ្រាមលោក​លើក​ទី​ពីរ នៅពេល​ដែល​វិស្វករ​អាល្លឺម៉ង់​បង្កើត​ប្រព័ន្ធ​បំផ្ទុះ​ឧស្ម័ន​កម្តៅ​សម្រាប់​ប្រព័ន្ធ​គ្រាប់​រ៉ុក្កែត Nebelwerfer 41 ដែល​មាន​បំពង់​កា​ណុង ១៥ សង់ទីម៉ែត្រ​ចំនួន ៦​។ អំឡុង​ពេល​បាញ់ ប្រព័ន្ធ​នេះ​នឹង​ចាប់ផ្តើម​បំផ្ទុះ​គ្រាប់​កម្តៅ​ឧស្ម័ន​ចំនួន​ប្រាំ​គ្រាប់ ដែល​តាម​ពីក្រោយ​ដោយ​ការបាញ់​គ្រាប់​ធម្មតា​ទី​៦ ដែល​នឹង​បំផ្ទុះ​ចំហាយ​ឧស្ម័ន​និង​បណ្តាល​ឱ្យ​មាន​ការផ្ទុះ​ដ៏​ធំ​និង​បង្កើន​សីតុណ្ហភាព​ក្តៅកម្រិត​ខ្ពស់​។​

​ប្រទេស​បន្ទាប់​ទៀត​ដែល​ផលិត​អាវុធ​នេះ​គឺ​សហរដ្ឋ​អាម៉េរិក ទុក​ប្រើ​ក្នុង​សង្គ្រាម​វៀតណាម ដែល​អាវុធ​នោះ​មានឈ្មោះ​ថា Mk 153 SMAW និង AGM-114N Hellfire II​។​

​ហើយ​បន្ទាប់​មកទៀត​សហភាពសូវៀត​បានចាប់ផ្តើម​ផលិត​អាវុធ​បែប​នេះ​ក្នុងអំឡុង​ទសវត្សរ៍ ១៩៨០ ដែល​មានឈ្មោះ​ថា PRO-A​។ អាវុធ​នេះ​ត្រូវបាន​ប្រើ​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គានី​ស្ថានក្នុង​ឆ្នាំ​១៩៨៨​។

​ក្រោយមក​អាវុធ​បញ្ចេញ​កម្តៅ TOS-2 ត្រូវបាន​ផលិតឡើង​នៅ​រុស្ស៊ី និង​ដាក់​ឱ្យ​ប្រើ​ក្នុង​ឆ្នាំ ២០២១ រហូតដល់​បច្ចុប្បន្ន​៕

​ប្រព័ន្ធ​កាំភ្លើង​ធំ​បញ្ចេញ​ភ្លើង​កម្តៅ TOS-1A Solntsepyok របស់​រុស្ស៊ី ដែល​ប្រើ​ក្នុង​សមរភូមិ​ដុន​បាស

TOS-1A Solntsepyok​ត្រូវបាន​បំផ្លាញ​ក្នុង​សមរភូមិ​អ៊ុ​យក្រែន​