ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ តារាបង្ហាញម៉ូតប្រែជាតារាសម្តែងកូរ៉េខាងត្បូង នាង ជុង ឆែយុល (Jung Chae-yul) ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះរបស់នាងកាលពីថ្ងៃអង្គារ ទី១១ មេសា។ នាងមានអាយុ ២៦ ឆ្នាំ។
ការស្លាប់របស់នាងជុងត្រូវបានបញ្ជាក់ដោយទីភ្នាក់ងាររបស់នាងគឺផលិតកម្ម Management S កាលពីថ្ងៃអង្គារ។ ផលិតកម្មបានប្រាប់សារព័ត៌មានកូរ៉េខាងត្បូងថា ពិធីបុណ្យសពនឹងធ្វើឡើងជាលក្ខណៈឯកជនស្របតាមការចង់បានរបស់គ្រួសារនាង។ ពុំមានព័ត៌មានលម្អិតផ្សេងទៀតត្រូវបានផ្តល់ឱ្យទេ។
ទីភ្នាក់ងារនេះបាននិយាយថា “យើងសុំចិត្តអ្នកទាំងអស់គ្នាដោយស្មោះត្រង់សូមចៀសវាងផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងរបាយការណ៍ប៉ាន់ស្មានក្នុងរឿងនេះ”។
នាងជុងចាប់ផ្តើមល្បីបន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធីប្រជែងម៉ូត Devil’s Runway (២០១៦)។ ក្រោយមកនាងបានសម្តែងក្នុងរឿង Deep (២០១៨) ក៏ដូចជារឿងភាគទូរទស្សន៍ Zombie Detective (២០២០) និងរឿង I Have Not Done My Best Yet (២០២២)។
នាងឥឡូវនេះកំពុងថតរឿងភាគ Wedding Impossible ដែលផ្អែកតាមប្រលោមលោកប្រឌិត មុនពេលនាងស្លាប់។ ការថតរឿងភាគនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
អ្នកគាំទ្របានចូលទៅកាន់ទំព័រ Instagram របស់នាងដើម្បីចូលរួមរំលែកទុក្ខ។ ការបង្ហោះចុងក្រោយនៅលើ Instagram របស់នាងគឺនៅថ្ងៃទី ៨ ខែមេសា នៅពេលនាងបង្ហោះរូប Selfie ដែលថតនៅក្នុងជណ្តើរយន្តក៏ដូចជារូបថតរបស់នាងកំពុងញ៉ាំភេសជ្ជៈពេលកំពុងស្តាប់តន្ត្រី៕
នាង ជុង ឆែយុល ស្លាប់ក្នុងផ្ទះនាងកាលពីថ្ងៃទី១១មេសា