ដោយ:មុនី ,តារារិទ្ធ/សៀមរាប:នៅរសៀលថ្ងៃព្រហស្បត្តិ៍៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា និងជាភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អមដោយសម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្កហ៍បណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខ អ្នកការគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​គោរព​បូជាផ្កាភ្ញីទៀនធូបទឹកអប់ប្រេងម៉្សៅ​ស្បងជីវថ្វាយដល់បារមី​ព្រះអង្គចេក ព្រះអង្គចម នៅអាស្រមព្រះអង្គចេក ព្រះអង្គចម និងអាស្រមលោកយាយទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយនឹងប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ នានាដែល​មាន​វត្ត​មាន​នៅ​ក្នុងក្រុងសៀមរាបក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងសម្តេច លោកជំទាវ និងក្រុមគ្រួសារទាំងអស់ បានឧទ្ទិសបួងសួងទសបារមីព្រះអង្គចេក ព្រះអង្គចម ពិសេសទសបារមីទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ នៃគ្រឹៈសករាជ២០២៣ ដែលមានព្រះនាមកិមិរាទេវី បុត្រីទី៦ នៃកបិលមហាព្រហ្ម មានភារកិច្ចយាងមកគ្រប់គ្រងចក្រវាឡ នៃលោកយើងនេះ សូមតាមជួយបីបាច់ព្រះរាជាណាចក្រកម្ពុជា សូមជួបតែសុខសន្តិភាពត្រជាក់ត្រជុំថ្កុំថ្កើន មានការអភិវឌ្ឍគ្រប់ច្រកល្ហកទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារទាំងអស់ រស់នៅក្រោមម្លប់សន្តិភាព និងមានសេដ្ឋកិច្ចខ្ពង់ខ្ពស់គ្រប់ក្រុមគ្រួសារទាំងអស់។

សូមជំរាបជូនថា អាស្រមព្រះអង្គចេក​ ព្រះអង្គចម និងអាស្រមយាយទេព អាស្រម​ទាំងនេះ បានក្លាយជាទីកន្លែង គោរពសក្ការបូជាយ៉ាងមុតមាំរបស់ប្រជាជនខ្មែរ ពោលនៅពេល​ពួក​គេ​មានអារម្មណ៍ថា មានបញ្ហាអ្វីមួយកើតឡើងមិនប្រក្រតី ចំពោះជីវភាពរស់នៅ បញ្ហាក្នុងការងារជាដើម គឺទាំង​អ្នកមកពីចម្ងាយ និងអ្នកនៅក្នុងតំបន់នេះ ពួកគេតែងតែចំណាយពេលវេលា ដើម្បីមកបន់ស្រន់ សូមខមាទោស និងសូមពរជ័យពីព្រះអង្គចេក ព្រះអង្គចម និង លោកយាយទេព​នៅទីនេះជា​ញឹកញាប់។

ព្រះអង្គចេកព្រះអង្គចម យោងតាមឯកសារនានាបានបង្ហាញថា ជាព្រះពុទ្ធរូបភេទស្រី ហើយក៏ត្រូវបានមតិខ្លះ គិត​ថារូបទាំងពីរនោះ ជាបងប្អូនបង្កើតជាមួយគ្នាផងដែរ ដែលរូបធំជា ព្រះអង្គចេក និង រូបតូចជា ព្រះអង្គចម ។រូបទាំងពីរនោះ ត្រូវបានគេគិតថាបានកសាង អំពីមាស និងលង្ហិន ហើយមានទម្ងន់ សរុប ១៥០គីឡូក្រាម។ យោងតាម សេចក្ដី តំណាលតៗគ្នា ដោយមិន មានប្រភព ព័ត៌មាន ជាក់លាក់ ច្បាស់លាស់ ណាមួយ បាន​លើកឡើងអំពី ព្រះអង្គចេក ព្រះអង្គចមថា ទេពធីតា ទាំងពីរអង្គនេះ ជាអតីត ព្រះរាជបុត្រី របស់ព្រះបាទ សូរ្យវរ្ម័នទី២ ដែលជា ស្ថាបនិកសាង ប្រាសាទអង្គរវត្ត។

នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចកិត្តិព្រឺទ្ធបណ្ឌិតសម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ បាននាំយកនូវសម្ភារៈគ្រឿងបរិក្ខាភោគបរិភោគប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាបចំនួនសរុប ៧អង្គ។ តាមរយៈម្នុញផលដែលកើតចេញពីទឹកចិត្តជ្រះថ្លានេះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាប ទាំង៧អង្គ បានស្វាធ្យាយពរជ័យបវរមហាប្រសើរជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនា ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចំរើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត ពិសេសសូមបារមីទេវតាឆ្នាំ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ គ្រឹៈសករាជ២០២៣ សូមសង្គមកម្ពុជាជួបតែភាពចំរើនជឿនលឿន និងភាពត្រជាក់ត្រជុំក្នុងសង្គមមហាគ្រួសារខ្មែរនៃយើងទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវបច្ច័យ ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ និងអុជធូប ថ្វាយផ្កាភ្ញី បួងសួងសុំសេចក្តីសុខ ពីព្រះអង្គ ចេក ព្រះអង្គចម និងបានជូនក្រណាត់ស និង​ថវិកា​មួយចំនួនដល់ដូនជី តាជី ផងដែរ ។

បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ នៅទីគោរពសក្ការៈអាស្រមលោកយាយទេព ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិសេសការប្រារព្វព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួបលើកទី១០ ដែលនិងប្រារព្វពិធីបើកនៅព្រឹកថ្ងៃទី១៤មេសា ស្អែក។ សូមទទួលបាននូវភាពជោគជ័យ ដើម្បីបង្ហាញនូវមោទកភាពជាតិខ្មែរ ដល់អន្តរជាតិបានឃើញ បានស្គាល់ ក្រោមមរតកសន្តិភាពសម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៏ដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា មូលហេតុដែលនាំឲ្យសាធារណជនចាប់អារម្មណ៍ ចងចាំ និងគោរពបូជា ចំពោះព្រះនាងចេកនឹងព្រះនាងចម និងលោកយាយទេព ក៏ព្រោះតែសេចក្ដីសុច្ចរឹតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តាករុណាយ៉ាងខ្ពង់ខ្ពស់ ដែលពួកគេទាំង​ពីរ និងលោកយាយទេពតែងតែធ្វើបុណ្យដាក់ទាន ដល់អស់ប្រជានុរាស្រ្ត ដែលត្រូវការឲ្យព្រះនាងទាំងពីរជួយ លើសពីនេះទៅ ទៀត​ព្រះនាង បានអប់រំ អ្នកទោស ទាំងឡាយឲ្យដើរ តាមគន្លង ទូន្មានរបស់ ព្រះពុទ្ធ និងបាន ដោះលែង ពួកគេឲ្យមាន សេរីភាព ថែមទៀតផង។ ព្រះនាងទាំងពីរគឺជាអ្នក ដែលគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួន ដែលប្រជារាស្រ្តទូទាំងនគរ បានដឹងអំពីចរិកលក្ខណៈដ៏ប្រពៃរបស់ ព្រះនាងទាំងពីរ ម្លោះហើយពី មួយជំនាន់ ទៅមួយជំនាន់ រហូតដល់រជ្ជកាលព្រះបាទអង្គចន្ទរាជាឡើងគ្រងរាជ្យសម្បត្តិនៅសតវត្សរ៍ទី១៦ ព្រះអង្គបានអនុញ្ញាត ឲ្យគេសាង រូបព្រះនាងចេក ព្រះនាងចមសម្រាប់ប្រជារាស្ត្រទូទៅគោរពបូជា លុះក្រោយមក រូបទាំងពីរនេះ បានធ្វើឲ្យ ប្រជារាស្រ្ត រស់នៅប្រកបដោយ សេចក្ដីសុខ ចម្រើន ទើបប្រជារាស្រ្ត បានចាត់ ទុករូបទាំងជា ព្រះពុទ្ធរូប ដ៏ស័ក្ដិសិទ្ធិនិង មានកិត្តិនាមល្បីរន្ទឺ ទូទាំងប្រទេស រហូតដល់សព្វថ្ងៃ។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយសម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញទស្សនាសួនបេះដូង ក្នុងរម្មណីយដ្ឋានអង្គរវត្ត នៃខេត្តសៀមរាប។ សូមបញ្ជាក់ថា ​សួនបេះដូងខ្មែរតែមួយនេះ មានការដោតរូបផ្កាបេះដូងជាង១លាន និងមានការបត់បេះដូងប្រមាណ២លាន សរុបទាំងអស់ជាង៣លានបេះដូងនៃក្តីស្រឡាញ់របស់ប្រជាជាតិខ្មែរ។ សួនបេះដូងខ្មែរតែមួយនេះ ត្រូវបានគណៈកម្មការផ្តល់រង្វាន់ហ្គីនណេសបូក ផ្តល់ដល់កម្ពុជាចំពោះការបំបែកកំណត់ត្រាពិភពលោក កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ៕សរន/រ