គ​.​ជ​.​ប​. ដឹក​​សម្ភារៈ​បម្រើ​ឲ្យ​ការបោះឆ្នោត​បួន​មុខ​សំខាន់ៗ​ទៅកាន់គោលដៅ

1046
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បានប្រកាស​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ថា សម្ភារ​សំខាន់ៗ បួន​មុខ រួមមាន សន្លឹកឆ្នោត, បញ្ជី​បោះឆ្នោត, ទឹកខ្មៅ​លុប​លាង​មិន​ជ្រះ និង​ត្រា​សម្ងាត់ បាន​ដឹក​ទៅដល់​គោលដៅ​ខេត្តចំនួន១១ហើយកាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា​។​ចំណែកខេត្តគោលដៅ១៣ទៀតដឹកនៅថ្ងៃទី១៩ខែកក្កដានេះ។

​រូបភាព​ពី​គ​.​ជ​.​ប ស្តីពី​ការរៀបចំ​ដឹកជញ្ជូន​សម្ភារៈ​សំខាន់ៗ ៤ មុខ ទៅកាន់​មណ្ឌលបោះឆ្នោត

​គ​.​ជ​.​ប​. លើកឡើងថា សម្ភារ​សំខាន់ៗ បួន មុខ ដែល​គ​.​ជ​.​ប. បាន​ដឹកជញ្ជូន​ទៅ​ខេត្ត ចំនួន ១១ ហើយ នៅ​ថ្ងៃទី​១៧ ខែកក្កដា រួមមាន​៖ ខេត្តកំពង់ស្ពឺ ព្រះសីហនុ កោះកុង កណ្តាល តាកែវ កំពត កែប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង​។​
​ជាមួយគ្នានេះ គ​.​ជ​.​ប​. នឹង​ដឹក​សម្ភារសំខាន់ៗ​ទាំង បួន​មុខ​នេះ ចេញពី​ឃ្លាំង គ​.​ជ​.​ប. ទៅ​ខេត្ត​ចំនួន ១៣ ទៀត នៅ​ថ្ងៃទី​១៩ ខែកក្កដានេះ រួមមាន​ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​។ រីឯ​រាជធានី​ភ្នំពេញ ដឹក​ចេញ​នៅ​ថ្ងៃទី​២០ ខែកក្កដា ជា​ថ្ងៃ​បញ្ចប់​នៃ​ការដឹកជញ្ជូន​។​

​គ​.​ជ​.​ប​. បានប្រកាសថា យោងតាម​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រការ ៨.៤ ចែងថា គ​.​ជ​.​ប ត្រូវ​ធានាថា រាល់​សម្ភារ ឯកសារ​បោះឆ្នោត ត្រូវតែ​បាន​បញ្ជូន និង​ប្រគល់ជូនគណៈ​កម្មការ​​​​កា​រិ​យា​ល័យ​បោះឆ្នោត មិន​ឲ្យ​លើស ៣៦ ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។

​ក្នុងពេល​គ​.​ជ​.​ប​. ប្រតិបត្តិ​ការដឹកជញ្ជូន​សម្ភារៈ​បម្រើ​ឲ្យ​ការបោះឆ្នោត និង​រៀបចំ​ដំណើរការ​បោះឆ្នោត​នេះ ក៏​កើតមាន​គ្រោះទឹកជំនន់ ដោយសារ​ទឹកភ្លៀង​ក្នុង​ខេត្ត​មួយចំនួន ហើយ​ខេត្ត​ដទៃទៀត ក៏​ប្រឈម​នឹង​គ្រោះទឹក​ជំនន់ នៅ​ទន្លេ​ផងដែរ​។​ក៏ប៉ុន្តែ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​គ្រោះទឹកជំនន់​នេះ មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប. បាន​លើកឡើងថា គ​.​ជ​.​ប. បានគិត​គូ​ពី​ការត្រៀម​ប្ដូរ​ការិយាល័យ​បោះឆ្នោត និង​បង្កើន​ចំនួន​ឧទ្ធម្ភាគចក្រ សម្រាប់​ប្រើប្រាស់​ក្នុងការ​ដឹកជញ្ជូន​សម្ភា​រៈបោះ​ឆ្នោត​។ កាលពី​ថ្ងៃទី​១៨ ខែកក្កដា មាន​ការិយាល័យ​បោះឆ្នោត​មួយចំនួន ត្រូវបាន​ទឹកភ្លៀង ជន់​លិច​។ ជំនន់​ទឹកភ្លៀង ក៏បាន​នាំ​ឲ្យ​គណបក្សនយោបាយ​មួយចំនួន ត្រូវ​កាត់បន្ថយ​សកម្ម​ភាព​ឃោសនា​ផងដែរ​។​

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​ប្រាប់​អ្នកកាសែត កាលពី​ថ្ងៃទី​១៨ ខែកក្កដា​ថា គ​.​ជ​.​ប​. បាន​បញ្ជូន​សេចក្ដីណែនាំ​ទៅកាន់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​គ្រប់​ឃុំ​សង្កាត់​ទាំងអស់ ឲ្យ​តាមដាន​ជា​ប្រចាំ ចំពោះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ ហើយ​ត្រូវ​រាយការណ៍​មក គ​.​ជ​.​ប. ជាបន្ទាន់ ប្រសិន​បើ​ពិនិត្យឃើញថា ការិយាល័យ​បោះឆ្នោត​ណា អាច​បន្ត ឬ​ប្រឈម​នឹង​ការលិចលង់​រហូតដល់​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ។

លោក សោម សូ​រី​ដា ក៏​បញ្ជាក់ថា គ​.​ជ​.​ប​. ក៏​ត្រៀម​ឧទ្ធម្ភាគចក្រ ចំនួន​ពីរ​គ្រឿង​រួចរាល់​ហើយ ដើម្បី​ដឹកជញ្ជូន​សម្ភារៈ​បម្រើ​ឲ្យ​ការបោះឆ្នោត បើសិន​ជាមាន​គ្រោះទឹកជំនន់ ហើយគ​.​ជ​.​ប នឹង​ស្នើ​ទៅកាន់​រាជរដ្ឋាភិបាល ដើម្បី​សុំ​បន្ថែម​ឧទ្ធម្ភាគចក្រ​ថែមទៀត សម្រាប់​អន្តរាគមន៍​ភ្លាមៗ​ប្រសិនបើ​ចាំបាច់​៕​ សរន​

​រូបភាព​ពី​គ​.​ជ​.​ប ស្តីពី​ការរៀបចំ​ដឹកជញ្ជូន​សម្ភារៈ​សំខាន់ៗ ៤ មុខ ទៅកាន់​មណ្ឌលបោះឆ្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម