ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ទាព្រៃស្លាបស (White-winged Duck ) មានឈ្មោះវិទ្យាសាស្ត្រ Asarcomis scutulata ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។

យោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ សត្វទាព្រៃស្លាបស មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ភាគច្រើននៅខេត្តព្រះវិហារ និងភូមិភាគឦសានប្រទេស ច្រើនរស់នៅតាមដងទន្លេ បឹង អូរ ត្រពាំង ក្នុងព្រៃពាក់កណ្ដាលស្រោង ព្រៃស្រោង និងព្រៃជាំ។

សត្វប្រភេទនេះ វាមានមាឌធំ ដងខ្លួនពណ៌ត្នោតចាស់ ក្បាល និង ក ពណ៌ស លាយខ្មៅអុជៗ ចំពុះលឿងជាំ។ ពេលវាហើរ គម្របស្លាបក្រោម និងខាងលើបង្ហាញ ពណ៌សច្បាស់ ។សត្វញី ភាគច្រើន តូចជាងឈ្មោល និងមានពណ៌ស្រដៀងឈ្មោលដែរ ជួនកាល វារកស៊ីពេលយប់ ដេកលើទ្រនំខ្ពស់ៗ និងធ្វើសំបុកនៅតាមរន្ធឈើក្នុងព្រៃក្បែរ ស្ទឹង ព្រែក អូរ បឹង ត្រពាំង ហើយតែងតែជម្រុះរោម នៅដើមរដូវប្រាំង ជារៀងរាល់ឆ្នាំ។

វាមានចំនួនតែប្រមាណ ៨០០ ក្បាល ប៉ុណ្ណោះ ដែលមានវត្តមាន នៅទូទាំងពិភពលោក និងត្រូវបានគេកត់ត្រា មានវត្តមានរស់នៅ និងបន្តពូជ ក្នុងតំបន់ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តព្រះវិហារ ប្រទេសកម្ពុជាយើង៕ V / N