ដោយ:ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ផាត សុផាន្នី លោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី បានអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅវត្តអារញ្ញិការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង និងវត្តសិលាមុន្នី ហៅវត្តគ្រួស ស្ថិតក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក ស៊ុន សុវណ្ណារិទ្ធិ និងលោកស្រី និងលោកស្រី កែ ច័ន្ទមុនី ក៏បានបង្សុកូល និងបួងសួងសុំឱ្យប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំងមានសេចក្តីសុខ ជៀសផុតពីជំងឺ និងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ឧទ្ទិសកុសលផលបុណ្យដល់យុទ្ធជន យុទ្ធនារី ដែលបានបូជាកំលាំងកាយចិត្ត ដើម្បីជាតិមាតុភូមិ និងឧទ្ទិស កុសលផលបុណ្យ ដល់ញាតិការទាំង៧ សន្ដានដែលចែកឋានទៅលោកខាងមុខរួចមក ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ធ ក្នុងឱកាសនោះ លោកស្រី កែ ច័ន្ទមុនី បានលើកឡើងពីគុណតម្លៃនៃសន្តិភាព ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា រយៈពេលជាង ៤០ មកនេះ បានធ្វើឱ្យប្រទេសជាតិ មានភាពសុខសាន្ត ប្រជាពលរដ្ឋមានឱកាសធ្វើដំណើរគ្រប់ទីកន្លែង និងបានធ្វើបុណ្យទានដល់សព្វថ្ងៃនេះ និងប្រទេសជាតិអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

លោកស្រី បានមានប្រសាសន៍បន្ថែមថា ដើម្បីរក្សាសន្តិភាព ឱ្យនៅគង់វង្ស សូមបងប្អូន ជួយគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ចំពោះទេយ្យទានប្រគេនដល់ព្រះសង្ឃ ចំនួន២ វត្ត គឺវត្តអារញ្ញិការាម និងវត្តគ្រួស ដោយក្នុង១វត្ត មានអង្ករចំនួន ២០០ គីឡូក្រាម ទឹកសុទ្ធ ១០ កេស មី៥កេស ទឹកផ្លែឈើ ៥កេស និងបច្ច័យចំនួន ២លានរៀល៕ V / N