ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយសម្តេច និងលោកស្រីជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញបូជាផ្កាភ្ញីទៀនធូប នៅទីសក្ការៈភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
ក្នុងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការបួងសួងដល់តេជៈបារមី នៅតាមទីក្ការៈទាំងអស់លើភ្នំគូលែន សូមជួយតាមថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងពិធីតាមបែបសាសនានេះដែរ ព្រះសង្ឃគង់នៅទីអារាមវត្តភ្នំគូលែន បានស្វាធ្យាយចម្រើនព្រះបរិត្តលើករាសី និងប្រសិទ្ធពរជ័យឱ្យកើតមានដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
បន្ទាប់ពីបានអញ្ជើញបួងសួងនៅតាមទីសក្ការៈគ្រប់ទីកន្លែងលើភ្នំគូលែនរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនដល់កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ក្រុមអភិរក្ស មន្រ្តីបរិស្ថាន ដែលមានភារកិច្ចការពារតំបន់ភ្នំគូលែន និងបានអញ្ជើញនាំយកក្រណាត់ស សារុង ក្រមានិងថវិកាជូនតាជី យាជី ប្រជាពលរដ្ឋជាង ៥០០នាក់លើភ្នំគូលែន ក្នុងស្មារតីមនុស្សធម៌ និងការគោរពស្រលាញ់ដោយស្មោះស្ម័គ្របំផុត៕សរន