ដោយៈ មុនីរ័ត្ន / ភ្នំពេញ: រយៈពេល ២ថ្ងៃ (១៤-១៥ មេសា) នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ២៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៩នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦០ នាក់។
បើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាៈ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៦លើក បានបណ្តាលឲ្យមានអ្នកស្លាប់ ចំនួន ២នាក់ និងរបួសចំនួន ១២នាក់ ដោយក្នុងនោះរបួសស្រាល ចំនួន ៦នាក់ និងធ្ងន់ចំនួន ៦នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើក កើតនៅលើខេត្តចំនួន ៥ មានដូចជាៈ ខេត្តបាត់ដំបង ស្លាប់ ១នាក់ , កំពង់ចាម របួស ២នាក់ , ព្រះវិហារ របួស ៩នាក់ , ឧត្តរមានជ័យ របួស ១នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់។
របាយការណ៍ដដែល បានបន្តថាៈ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃទី១៥ មេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ២០ លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧នាក់ និងរបួសធ្ងន់ស្រាល ចំនួន ៤៨ នាក់ (ធ្ងន់ ៣១នាក់ , ស្រាល ១៧នាក់) ។ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ទាំង ២០ លើក កើតនៅលើខេត្តចំនួន ១២ មានដូចជា ខេត្តកំពង់ចាម ស្លាប់ ១នាក់ រងរបួស ១នាក់ , ខេត្តកំពង់ឆ្នាំង ស្លាប់ ១នាក់ , កំពង់ស្ពឺ របួស ៦នាក់ , កំពត របួស ២នាក់ , កោះកុង របួស ៨នាក់ , ភ្នំពេញ របួស ១នាក់ , ពោធិសាត់ ស្លាប់ ១នាក់ និងរបួស ១១នាក់ , ព្រះសីហនុ របួស ៥នាក់ , ស្ទឹងត្រែង ស្លាប់ ១នាក់ និងរបួស ១នាក់ , តាកែវ ស្លាប់ ១នាក់ និងរបួស ១០នាក់ , ឧត្តរមានជ័យ ស្លាប់ ១នាក់ និងរបួស ២នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់ និងរបួស ១នាក់៕ V / N