ដោយ: បូកគោ / កែបៈ ភ្ញៀវទេសចរ ភាគច្រើនដែលអញ្ជើញមកពីបណ្តាខេត្ត តែងនិយាយថាខេត្តកែប បានរៀបចំតំបន់ឆ្នេរល្អស្អាត និងមានភាពទាក់ទាញ ពិសេសសម្រាប់ឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែការជួលខ្ចូសអង្គុយមានតម្លៃខ្ពស់ និងគ្មានកន្លែងសម្រាប់ចតរថយន្តត្រឹមត្រូវ។ អាជ្ញាធរខេត្តទេសចរណ៍មួយនេះ គួរតែគិតគូររកដំណោះស្រាយ ឱ្យសមរម្យដើម្បីភ្ញៀវ អាចទទួលយកបាន ។

ភ្ញៀវមកពីខេត្តស្វាយរៀង និងមកពីរាជធានីភ្នំពេញ បានរៀបរាប់ស្រដៀងគ្នាថាៈ ខេត្តកែបពោរពេញដោយ ទេសភាពស្អាត មានការអភិវឌ្ឍន៍ រីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ កែបមានប្រជាពលរដ្ឋ មកដើរលេងច្រើន ប៉ុន្តែអ្វីដែលជាបញ្ហា គឺត្រូវតែជួលខ្ចូសអង្គុយ ដើម្បីបានកន្លែងចតរថយន្ត។

ភ្ញៀវទាំងនោះ បានបញ្ជាក់ថាៈ ខ្ចូសអង្គុយ ត្រូវបានដំឡើងថ្លៃទ្វេដង បើប្រៀបធៀបនឹងថ្ងៃធម្មតា។ ខ្ចូសខ្លះ ភ្ញៀវអាចអង្គុយបាន ដោយមិនចាំបាច់ជួលទេ តែម្ចាស់តម្រូវឱ្យទិញម្ហូបយ៉ាងហោច ២ ទៅ ៣ មុខ ដែលមានតម្លៃចាប់ពី ១៥ ម៉ឺនរៀលឡើងទៅ។ ដូច្នេះ រដ្ឋបាលខេត្ត គួរជួយគិតគូរកំណត់តម្លៃខ្ចូស ឱ្យបានសមរម្យ និងរៀបចំចំណតសាធារណៈ សម្រាប់ពលរដ្ឋ ដែលមិនចង់ជួលខ្ចូស ឬទិញម្ហូបអាហារនោះ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថាៈ ពាក់ព័ន្ធករណីចំណតយានយន្ត ពិតជាមានបញ្ហាមែន។ រដ្ឋបាលខេត្ត ក៏ដូចជា រដ្ឋបាលក្រុងកែប មានការយកចិត្តទុកដាក់ និងបានគូសសញ្ញាសម្គាល់កំណត់រវាងចំណតឯកជន និងចំណតសាធារណៈ ប៉ុន្តែអាជីវករមួយចំនួន នៅតែប្រកាន់ថា នៅមុខខ្ចូសអ្នកណា ជារបស់អ្នកនោះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស មិនងាយធ្វើបាន ភ្លាមៗទេ។ ម្យ៉ាង នៅតំបន់បរិវេណឆ្នេរកម្សាន្ត រដ្ឋបាលខេត្ត ក៏មិនមានដី សម្រាប់ពង្រីកចំណតឱ្យបានច្រើន និងធំទូលាយ ស្របពេលជីវភាពប្រជាពលរដ្ឋ កាន់តែធូរធារ អាចមានរថយន្តស្ទើរគ្រប់គ្រួសារ ហើយមានឱកាសដើរកម្សាន្តគ្រប់គ្រាន់នោះ។ យ៉ាងណា រដ្ឋបាលខេត្ត នឹងខិតខំបន្ត ពិសេសពន្យល់ណែនាំអាជីវករ ឱ្យបញ្ឈប់នូវការបំពានយកទីសាធារណៈ ជារបស់ខ្លួន៕ V / N