​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការប្រយុទ្ធ​គ្នា​នៅក្នុង​រដ្ឋធានី​របស់​ស៊ូដង់​បាន​ផ្ទុះ​ឡើង​អស់​ជាច្រើន​ម៉ោង​កាលពីដើម​ថ្ងៃអាទិត្យ​នៅ​មួយ​ថ្ងៃក្រោយ​ការប្រយុទ្ធ​​ផ្តាច់​ផ្តិល​ជីវិត​រវាងកង​ប្រជា​ការពារ​និង​​កងទ័ព​រៀបរយ ដែល​បណ្តាលអោយ​ស្លាប់​ម​នុស្ស​យ៉ាងតិច​៥៦​នាក់​និង​ជិត​៦០០​នាក់​រងរបួស​។​

ផ្សែងហុយលើអាគារនៅក្បែរអាកាសយានដ្ឋានក្រុងកាទួមកាលពីថ្ងៃ១៥មេសា ចំពេលមានការប៉ះទង្គិចរវាងកងទ័ពនិងកងជីវពលស៊ូដង់

ក្រោយ​ការផ្ទុះ​និង​សម្លេង​បាញ់​កាំភ្លើង​បាន​លាន់ឮ​ពេញ​ដង​វិថី​នៃ​ទីក្រុង​កា​ទួម​(Khartoum) ក្រុម​ជីវពលមួយបាន​និយាយថា​ពួកគេ​ចូល​កាន់កាប់​វិមាន​ប្រធានាធិបតី អាកាសយានដ្ឋាន​ក្រុង​កា​ទួម​​និង​ទីតាំង​សំខាន់ៗ​ដទៃទៀត​។​ទោះជា​យ៉ាងណា យោធា​បាន​បដិសេធ​ការអះអាង​របស់​ក្រុម​ជីវ​ពល និង​កាលពី​យប់​ថ្ងៃ​សៅរ៍ កងទ័ពអាកាស​ស៊ូដង់​បាន​អំពាវនាវ​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ នៅ​ពេល​ខ្លួន​​បន្ត​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​មូលដ្ឋាន​ពួក​ជីវពល​ក្នុងក្រុមដែលហៅខ្លួនឯងថា«កងកម្លាំង​គាំទ្រ​រហ័ស​(RSF)​»។​

​គណៈកម្មាធិការ​គ្រូពេទ្យ​ស៊ូដង់​បាន​និយាយថា ចំនួន​ស្លាប់​សរុប​អាច​៥៦​នាក់ និង​ថា​អ្នកស្លាប់​រាប់សិប​នាក់​ជា​សមាជិក​កងកម្លាំង​សន្តិសុខ តែ​មិន​រាប់បញ្ចូល​អ្នកស្លាប់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទេ​។​ចំនួន​​អ្នក​រង​របួស​មាន​ប្រមាណ​៦០០​នាក់ និង​ថា​អ្នក​ស្លាប់​មួយ​ចំនួន​មិន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​សារ​ពិបាក​ដឹកជញ្ជូន​ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​។​

​អំពើហិង្សា​នេះ​បាន​ផ្ទុះឡើង​ក្រោយ​មាន​ភាព​តានតឹង​អស់​ប៉ុន្មាន​សប្តាហ៍​រវាង​មេដឹកនាំ​យោ​ធា លោក​អាប់​ដែល ហ្វាត​តា អាល់​-​ប៊ឺ​ហាន​(Abdel Fattah al-Burhan)​និង​អនុប្រធាន​របស់​លោក ដែលជា​មេបញ្ជាការ​កងជីវពល ឈ្មោះ​ម៉ូ​ហា​ម៉េដ ហាំ​ដាន ដាកឡូ​(Mohamed Hamdan Daglo) អំពី​ផែនការ​ធ្វើ​សមាហរណកម្ម​ពួក​ជីវពល​កងកម្លាំង​គាំទ្រ​រហ័ស​RSF​របស់លោក ដាកឡូ​ជា​កងទ័ព​​រៀបរយ​។​

​ការ​ធ្វើ​សមាហរណកម្ម​នេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​ពិភាក្សា​ដើម្បី​សំរេច​ឡើង​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​នាំ​ប្រទេស​ទៅរក​ការគ្រប់គ្រង​ដោយ​ស៊ីវិល​វិញ ហើយ​បញ្ចប់​វិបត្តិ​នយោបាយ​សេដ្ឋកិច្ច ដែលបង្ក​ឡើង​​ដោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០២១​។​

​ក្នុងពេល​ជាមួយគ្នា អគ្គលេខា​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​អោយមាន​ការឈប់​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់ ហើយ​ពិភាក្សា​រក​ផ្លូវ​​បន្ថយ​ការប្រឈមមុខគ្នា​ជាមួយ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​និង​ប្រធាន​​គណៈកម្មាធិការ​សហភាព​អាហ្វ្រិក​។​

​មេដឹកនាំ​យោ​ធា លោក​អាប់​ដែល ហ្វាត​តា អាល់​-​ប៊ឺ​ហាន​

​មេបញ្ជាការ​កងកម្លាំង​គាំទ្រ​រហ័ស​RSF​លោក ម៉ូ​ហា​ម៉េដ ហាំ​ដាន ដាកឡូ​

​ចំពោះ​វិបត្តិ​នេះ អង្គការ​សម្ពន្ធភាព​អារ៉ាប់ តាម​សំណើ​របស់អេ​ហ្ស៊ី​ប​និង​អារ៉ាប៊ីសាអូឌីត គ្រោង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃអាទិត្យ​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ស៊ូដង់​។​

​ការអំពាវនាវ​ក៏​ចេញពី ប្លុក​អាហ្វ្រិក​និង​តំបន់​អារ៉ាប់ សហភាព​អឺរ៉ុប បារាំង តួ​ក​គី អ៊ីតាលី រុស្ស៊ី​និង​អ៊ីរ៉ង់​។​

​តែ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Sky News Arabia​លោក ដាកឡូ បាន​និយាយថា​លោក​អាប់​ដែល ហ្វាត​តា អាល់​-​ប៊ឺ​ហាន ជា​ឧក្រិដ្ឋជន ដែល​ត្រូវតែ​ប្រគល់​ខ្លួន ។​លោក​បាន​បដិសេធ​​ថា​RSF​មិន​បាន​ចាប់ផ្តើម​វាយ​គេ​មុន​ទេ​។​

​ចំណែក​កងទ័ព​បាន​ប្រកាស​ថា​លោក ដាកឡូ ជា​ឧក្រិដ្ឋជន​ដែល​ត្រូវ​ចាប់ខ្លួន និង​ថា​«RSF​ជា​ក្រុម​ជីវពល​ឧទ្ទាម​»​មួយ​ដែល​មិនមាន​អ្វី​ត្រូវ​ចរចា​ឬ​ពិភាក្សា​ជាមួយ​ទៀត​ទេ​៕

ប្រជាជនរត់កាត់រថយន្តយោធាមួយនៅក្រុងកាតួម