ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ចិនកាលពីថ្ងៃអាទិត្យបានបាញ់បង្ហោះផ្កាយរណបស៊ីវិលមួយ ជាហេតុនាំអោយយន្តហោះស៊ីវិលជាច្រើនបង្វែរផ្លូវហោះហើរដើម្បីគេចចេញពីតំបន់ហាមហោះហើរប្រកាសដោយចិននៅខាងជើងកោះតៃវ៉ាន់ ដោយសារខ្លាចបំណែករ៉ុក្កែតធ្លាក់ត្រូវ។
ក្រសួងគមនាគមន៍តៃវ៉ាន់បាននិយាយថា ដំបូងរដ្ឋាភិបាលទីក្រុងប៉េកាំងបានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងតៃប៉ិះ ថាខ្លួននឹងដាក់តំបន់ហាមហោះហើរមួយចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ តែក្រោយមកបាននិយាយថារយៈពេលនេះបន្ថយមកនៅត្រឹមតែ២៧នាទីនៅព្រឹកថ្ងៃអាទិត្យក្រោយតៃវ៉ាន់ប្រឆាំងតវ៉ា។
ការប្រកាសតំបន់ហាមហោះហើរនេះ នាំអោយមានការភ័យខ្លាចនៅក្នុងតំបន់ក្រោយចិនទើបបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ជាការឆ្លើយតបនឹងមេដឹកនាំកោះតៃវ៉ាន់ជួបប្រធានសភាអាម៉េរិក។
សារជីវកម្មបច្ចេកវិទ្យានិងវិទ្យាសាស្ត្រអវកាសចិន បាននិយាយថា ផ្កាយរណបអាកាសធាតុFengyun 3G ត្រូវបានបាញ់បង្ហោះដោយជោគជ័យចេញពីខេត្តហា្កនស៊ី(Gansu)នៅម៉ោង៩និង៣៦នាទីព្រឹក ហើយផ្តាយរណបនេះបន្ទាប់មកបានចូលក្នុងគន្លងផែនដី។
ផ្កាយរណបFengyun 3Gត្រូវបានរចនាឡើងសំរាប់គន្លងទាបដើម្បីតាមដានការធ្លាក់ភ្លៀង។
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា បំណែកខ្លះនៃរ៉ុក្កែតបង្ហោះផ្កាយរណបបានធ្លាក់ចូលតំបន់ហាមហោះហើរនៅឯនាយឆ្នេរខាងជើងកោះ តែមិនប៉ះពាល់សុវត្ថភាពទឹកដីតៃវ៉ាន់ទេ៕