​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាវាចម្បាំង​អាម៉េរិក​USS Milius បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ នៅក្នុង​អ្វី​ដែល​កងទ័ពជើងទឹក​អាម៉េរិក​ពណ៌នា​កាលពី​ថ្ងៃ​ចន្ទ​ថា​ជា​«​ដំណើរ​​ឆ្លងកាត់​តាម​ធម្មតា​»​មួយ តែ​វា​កើត​ឡើង​តែ​បួន​ប្រាំ​ថ្ងៃក្រោយ​ចិន​បញ្ចប់​សមយុទ្ធ​យោធា​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដើម្បី​ជា​ការព្រមាន​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ​ដែល​នៅតែ​ចិញ្ចឹមចិត្ត​សមគំ​និតជា​មួយ​អា​​ម៉េ​រិក​ដើម្បី​ពង្រឹងកម្លាំង​ផ្តាច់ខ្លួន​របស់ខ្លួន​។​

​ចិន ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន បានបញ្ចប់​សមយុទ្ធ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​។​វា​ត្រូវ​បាន​ធ្វើឡើង​តាម​ការព្រមាន​ទុកជាមុន ចំពោះ​ជំនួប​​របស់​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ជាមួយ​ប្រធាន​សភា​អាម៉េរិក ដោយសារតែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​យល់ឃើញថា​វា​ជា​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​និង​ជា​ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​​អត្តសញ្ញាណ​ផ្តាច់ខ្លួន​របស់​តៃវ៉ាន់​ចេញពី​មហា​ចិនដីគោក​។​

​កង​នា​វាទី​ប្រាំពីរ​អាម៉េរិក បាន​និយាយថា នាវា​ពិឃាត​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ USS Milius​បានធ្វើ​«​ការឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ធម្មតា​»​កាត់​ដែនទឹក​ដែល​«​សេរីភាព​នាវាចរណ៍​ក្នុង​លំហ​​សមុទ្រ​និង​ការហោះ​កាត់ ត្រូវ​ច្បាប់​អន្តរជាតិ​អនុញ្ញាត​»​។​

​វា​បាន​បន្ថែមថា ការឆ្លងកាត់​របស់​នា​វា​នេះ​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ សេរី​និង​បើកចំហ​។​

​នាវាចម្បាំង​អាម៉េរិក​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ម្តង​ក្នុង​មួយខែ និង​ក៏​ធ្វើ​បេសកកម្ម​ស្រដៀង​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដ៏​មាន​ជម្លោះ​។​

​កាលពី​សប្តាហ៍​មុន​នាវា​USS Milius បាន​បើក​ទៅ​កៀ​កកោះគ្រប់គ្រង​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថ្កោលទោស​ភ្លាមៗ​។​

​សូមបញ្ជាក់​ថា​ទោះជា​ប្រកាស​បញ្ចប់​សមយុទ្ធ​យោធា​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ក៏​ចិន​នៅ​បន្ត​សកម្មភាព​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ តែ​បន្ថយ​ទំហំ​របស់​វា​។​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧​មេសា​នេះ ក្រសួង​យោធា​​តៃវ៉ាន់​បាន​និយាយថា ខ្លួន​បាន​សង្កេត​ឃើញ​យន្តហោះ​ចិន​១៨​គ្រឿង​និង​នាវា​ចិន​ចំនួន​បួន​គ្រឿង​ធ្វើ​សកម្ម​ជុំ​វ​ញ​កោះ​តៃវ៉ាន់​នៅ​រយៈពេល​២៤​ម៉ោង​កន្លងទៅ​៕