ដោយ: ភ្នំខៀវ / បាត់ដំបង: រយ:ពេលថ្ងៃព្រឹត្តិការណ៍ និងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ៣ថ្ងៃ ខេត្តបាត់ដំបង មានភ្ញៀវទេសចរចូលលេងកម្សាន្ត តាមគោលដៅលំហែសំខាន់ៗ មានចំនួន ១លាន ៥សែននាក់។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងបឋមថាៈ អំឡុងថ្ងៃសង្ក្រាន្ត ចាប់ពីថ្ងៃទី១២ និងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយ:ពេល ៣ថ្ងៃ នៅថ្ងៃទី ១៤ – ១៥ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលមកលេងនៅតាមគោលដៅលំហែនានា និងនៅក្នុងទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី មានចំនួនប្រមាណ ១ ៥០០ ០០០ នាក់ កើនឡើងជាងឆ្នាំចាស់។
នៅក្នុងចំណោមភ្ញៀវទេសចរសរុបខាងលើ ភ្ញៀវបានកើនឡើងចំនួន ១៦៥,២៣% ធៀបនឹងឆ្នាំចាស់កន្លងមក ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១ ៤៩៧ ៤២១នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២ ៧៤៧ នាក់។
មន្ត្រីជំនាញផ្នែកទេសចរណ៍ ខេត្តបាត់ដំបងដដែល បានបញ្ជាក់បន្តថាៈ តួលេខភ្ញៀវទេសចរដែលបានធ្វើដំណើរ ពីតំបន់ផ្សេងៗ ចូលក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៣ នេះ បានហក់ឡើងខ្ពស់ដោយសារកត្តាការអភិវឌ្ឍន៍ ផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ មានសន្តិសុខល្អ សុវត្ថិភាព អំណោយផលពីអាកាសធាតុ និងមានរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តធំ នៅកណ្តាលទីប្រជុំជនក្រុងបាត់ដំបងផងដែរ។
រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេស ចរណ៍សំខាន់ៗ ក្នុងខេត្តបាត់ដំបង រួមមាន: រមណីយដ្ឋាន ប្រាសាទបាណន់, រមណីយដ្ឋាន ភ្នំសំពៅ, រមណីយដ្ឋាន ប្រាសាទឯកភ្នំ, រមណីយដ្ឋាន អាងកំពីងពួយ, រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន, រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក, រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក, រមណីយដ្ឋាន ភ្នំកំពូល, រមណីយដ្ឋាន ចំការធុរេនអូរតង, រមណីយដ្ឋាន វាលចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, សហគមន៍អេកូទេសចរណ៍ព្រែកទាល់ជាដើម…៕ V / N