ដោយ : ប.ជ័យ / បន្ទាយមានជ័យ: លោលអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារដឹកជញ្ជូននិងបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរពីរាជធានីភ្នំពេញ មកខេត្ត និងត្រលប់ ទៅរាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់។
លោកអ៊ុ រាត្រី បានអោយដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះប្រពៃណីជាតិបានណែនាំអោយបញ្ចេញរថយន្តក្រុងរដ្ឋ៥០គ្រឿងនេះដើម្បីដឹកជញ្ជូនដោយឥតគិតថ្លៃប្រជាពលរដ្ឋជាអ្នកដំណើរចេញពីរាជធានីភ្នំពេញទៅខេត្តតាមបណ្តោយផ្លូវជាតិលេខ៥ រួមទាំងខេត្តបន្ទាយមានជ័យនៅចុងទី ។
ពោលគឺដើម្បីកុំឲ្យរថយន្តឈ្នួលចេះតែបន្តដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបងប្អូនទៅស្រុកកំណើតជួបជុំគ្រួសារ កំសាន្តសប្បាយនិងធ្វើបុណ្យទាន។
គឺដឹកជញ្ជូនចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៧ ខែមេសាឆ្នាំ២០២៣ ដែលចេញដំណើរចាប់ពីម៉ោង ៥ និង ៣០នាទីព្រឹក នៅចំណតរថយន្តបេនឡានថ្មី ស្ថិត ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកអភិបាលខេត្តបានផ្តល់អង្ករជាអំណោយលោកបណ្ឌិតហ៊ុន ម៉ាណែត និងថវិកាមួយចំនួនដល់ក្រុមការងារនិងបានសួរសុខទុក្ខជូនពរអោយសុខសុវត្ថិភាពដល់ប្រជាជលរដ្ឋជាអ្នកដំណើរទាំងឡាយ ៕ P / N